យេរេមា 36
36
គេអានក្រាំងគម្ពីរយេរេមានៅក្នុងព្រះវិហារ
1នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា៖ 2ចូរយកក្រាំងមួយមកកត់អស់ទាំងពាក្យដែលយើងបានប្រាប់អ្នក ទាស់នឹងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលយើងបាននិយាយទៅកាន់អ្នក គឺតាំងពីគ្រាយ៉ូសៀសរហូតមកដល់សព្វថ្ងៃ។ 3ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្ដីអាក្រក់ ដែលយើងសម្រេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យយើងបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។
4ដូច្នេះ ហោរាយេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់ហោរាយេរេមា ជាព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលដល់លោក។ 5ហោរាយេរេមាប្រាប់បារូកថា៖ ខ្ញុំនៅជាប់ឃុំ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន 6ដូច្នេះ ចូរអ្នកយកក្រាំងនេះ ដែលអ្នកបានសរសេរតាមមាត់យើង ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្ដាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃតមទៅ ហើយអ្នកត្រូវអានឲ្យឮដល់ត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ។ 7ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ា ហើយវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង។ 8ដូច្នេះ បារូក ជាកូននេរីយ៉ា ក៏សម្រេចតាមគ្រប់ទាំងសេចក្ដីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
9នៅខែទីប្រាំបួន ក្នុងឆ្នាំទីប្រាំនៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្ដាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា។ 10ពេលនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់ហោរាយេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្ដាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារា ជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
គេអានក្រាំងគម្ពីរនៅក្នុងវាំង
11ពេលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ 12គាត់ក៏ចុះទៅឯព្រះរាជវាំង ចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង។ 13មីកាក៏ជម្រាបគេតាមគ្រប់ទាំងពាក្យដែលខ្លួនបានឮ ក្នុងកាលដែលបារូកអានមើលក្រាំងនោះឲ្យបណ្ដាជនស្តាប់។ 14ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមា ដែលជាកូនគូស៊ី ឲ្យទៅប្រាប់បារូកថា ចូរយកក្រាំងដែលអ្នកបានអានមើលឲ្យបណ្ដាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ។ 15រួចគេប្រាប់ថា៖ «ចូរអ្នកអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល»។ 16លុះកាលគេបានឮពាក្យទាំងនោះរួចហើយ គេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា៖ «យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន»។ 17រួចគេសួរបារូកថា៖ «ចូរប្រាប់យើងមក ធ្វើដូចម្តេចឲ្យអ្នកបានកត់អស់ទាំងពាក្យនេះតាមមាត់គាត់បាន?»។ 18បារូកឆ្លើយថា៖ «លោកបានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅសរសេរចុះក្នុងក្រាំងនេះ»។ 19ពេលនោះ ពួកចៅហ្វាយប្រាប់បារូកថា៖ «ចូរអ្នក និងយេរេមាទៅលាក់ខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។ 20រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ។ 21ដូច្នេះ ស្ដេចចាត់យេហ៊ូឌី ឲ្យទៅយកក្រាំងពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានថ្វាយស្តេចស្ដាប់ និងពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ។ 22ខណៈនោះ ស្ដេចគង់ក្នុងដំណាក់សម្រាប់រដូវរងានៅខែទីប្រាំបួន ហើយមានភ្លើងឆេះនៅជើងក្រានក្បែរនោះ។ 23ពេលយេហ៊ូឌីបានអានបីបួនជួរ ស្ដេចយកកាំបិតស្នៀតកាត់ក្រាំងនោះបោះទៅក្នុងភ្លើងជើងក្រាន រហូតទាល់តែក្រាំងទាំងមូលឆេះអស់។ 24ទោះទាំងស្ដេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះហើយ គេឥតមានស្លុតចិត្ត ឬហែកសម្លៀកបំពាក់សោះ។ 25ទោះបីជាអែលណាថាន ដេឡាយ៉ា និងកេម៉ារា ទូលអង្វរស្តេច សូមកុំដុតក្រាំងក៏ដោយ តែស្តេចមិនព្រមស្តាប់តាមទេ 26រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាបានលាក់លោកទុក។
ហោរាយេរេមាអានក្រាំងមួយទៀត
27ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់ហោរាយេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាយេរេមាថា៖ 28ចូរយកក្រាំងមួយទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ។ 29បន្ទាប់មក អ្នកត្រូវប្រាប់យេហូយ៉ាគីម ជាស្តេចយូដាថា ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ អ្នកបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វ? 30ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា នឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសាកសពយេហូយ៉ាគីមនឹងត្រូវបោះចោលទៅក្រៅ ហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់។ 31យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយយើងនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា និងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលយើងបានពោលទាស់នឹងគេរាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ។
32ដូច្នេះ ហោរាយេរេមាក៏យកក្រាំងមួយទៀត ឲ្យដល់ស្មៀនបារូក ជាកូននេរីយ៉ា ហើយគាត់ក៏សរសេរទុកអស់ទាំងពាក្យនោះតាមមាត់ហោរាយេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីម ស្តេចយូដាបានដុតចោលនោះ ក៏មានសេចក្ដីដូចគ្នាជាច្រើនទៀតបានបន្ថែមបញ្ចូលផង។
ទើបបានជ្រើសរើសហើយ៖
យេរេមា 36: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies