យេរេមា 37

37
ព្រះបាទ​សេដេគាអស់​សង្ឃឹម
1ព្រះបាទ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​តាំង​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះបាទ​កូនាស ជា​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម ។ 2ប៉ុន្តែ ទោះ​ទាំង​ស្តេច ឬ​ពួក​មហាតលិក ឬ​បណ្ដា‌ជន​នៅ​ក្នុង​ស្រុក​នោះ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក តាម​រយៈ​ហោរា​យេរេមា​ឡើយ។
3ព្រះបាទ​សេដេគា​បាន​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា និង​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ឲ្យ​ទៅ​ជួប​ហោរា​យេរេមា ដោយ​ផ្តាំ​ថា៖ «ចូរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង»។ 4ហោរា​យេរេមា​ក៏​ទៅ​មក​ក្នុង​បណ្ដា‌ជន ដ្បិត​គេ​មិន​ទាន់​បាន​ឃុំ​ទុក​លោក​នៅ​ឡើយ។ 5គ្រា​នោះ ពល‌ទ័ព​របស់​ផារ៉ោន ក៏​លើក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ដំណឹង​នោះ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។
6ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា៖ 7«ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ត្រូវ​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​អ្នក​ឲ្យ​មក​សួរ​ដល់​យើង​ថា ពួក​ពល‌ទ័ព​របស់​ផារ៉ោន ដែល​លើក​ចេញ​មក​ជួយ​អ្នក គេ​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ។ 8បន្ទាប់​មក ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​ចាប់​យក រួច​គេ​នឹង​ដុត​ចោល»។ 9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា៖ «កុំ​បញ្ឆោត​ខ្លួន​អ្នក​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​មិន​ថយ​ចេញ​ទៅ​ទេ»។ 10ទោះ​បើ​អ្នក​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល​របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​អ្នក ឲ្យ​សល់​តែ​អ្នក​របួស​ក៏​ដោយ ក៏​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។
11នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន 12ហោរា​យេរេមា​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ស្រុក​បេនយ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​នោះ។ 13ពេល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេនយ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា៖ «អ្នក​ចូល​ដៃ​ខាង​ពួក​ខាល់ដេ»។ 14ហោរា​យេរេមា​ប្រកែក​ថា៖ «មិន​មែន​ទេ ខ្ញុំ​មិន​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​ហោរា​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ។ 15ពួក​ចៅ‌ហ្វាយ​មាន​សេចក្ដី​ក្រោធ​នឹង​ហោរា​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក។ 16កាល​ហោរា​យេរេមា​បាន​ចូល​ទៅ​ក្នុង​គុក នៅ​បន្ទប់​ក្រោម​ដី នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ។
17ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្ដេច​សួរ​លោក​ដោយ​សម្ងាត់​នៅ​ក្នុង​ដំណាក់​ថា៖ «តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ?»។ ហោរា​យេរេមា​ទូល​តប​ថា៖ «មាន»។ លោក​ក៏​ទូល​ទៀត​ថា៖ «ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន»។ 18មួយ​ទៀត ហោរា​យេរេមា​ក៏​ទូល​សួរ​ព្រះបាទ​សេដេគា​ថា៖ «តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​នឹង​ទ្រង់ ឬ​នឹង​ពួក​នាម៉ឺន ឬ​នឹង​ពួក​ជន​ជាតិ​នេះ បាន​ជា​ដាក់​ទូល‌បង្គំ​នៅ​ក្នុង​គុក​ដូច្នេះ? 19ឥឡូវ តើ​ពួក​ហោរា​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា ដែល​គេ​ថ្លែងទំនាយ​ថា ស្តេច​បាប៊ីឡូន​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ? 20ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណាថាន​ទៀត​ឡើយ ក្រែង​ទូល‌បង្គំ​ស្លាប់​នៅ​ទី​នោះ»។ 21ដូច្នេះ ព្រះបាទ​សេដេគា​បាន​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទី‌លាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​មួយ​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់។ ដូច្នេះ ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​នោះ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 37: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល