យេរេមា 1

1
1នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន 2ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ស្រុក​យូដា 3ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។
ព្រះ​ត្រាស់ហៅ​លោក​យេរេមា និង​សេចក្ដី​មេត្តា‌ករុណា
4រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖
5«មុន​ដែល​យើង​បាន​ជប​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្តាយ
នោះ​យើង​ស្គាល់​អ្នក​ហើយ
កាល​មុន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក
នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង
ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍»។
6នោះ​ខ្ញុំ​បាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។
7ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
«កុំ​ឲ្យ​ថា​អ្នក​ជា​មនុស្ស​ក្មេង​ឡើយ
ដ្បិត​បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​អ្នក​ណា
នោះ​អ្នក​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី
ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ»។
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
«កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ
ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​ឲ្យ​អ្នក​រួច»។
9នោះ​ព្រះ‌យេហូវ៉ា​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ដាក់​ពាក្យ​របស់​យើង​នៅ​ក្នុង​មាត់​អ្នក​ហើយ 10មើល៍ នៅ​ថ្ងៃ​នេះ​យើង​តាំង​អ្នក​លើ​អស់​ទាំង​សាសន៍ និង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទម្លាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង»។
11ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​តប​ថា៖ «ទូល‌បង្គំ​ឃើញ​ឈើ​ចំបក់ មួយ​មែក»។ 12នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​បាន​ឃើញ​ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​កំពុង​ព្យាយាម ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​បាន​សម្រេច»។ 13ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​សួរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​តប​ថា៖ «ទូល‌បង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង»។
14នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ស្រុក​ទាំង​អស់ 15ដ្បិត​មើល៍ យើង​នឹង​ហៅ​គ្រប់​ទាំង​គ្រួសារ​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំ‌វិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ស្រុក​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 16នោះ​យើង​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង 17ដូច្នេះ ចូរ​ឲ្យ​អ្នក​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត 18ដ្បិត​មើល៍ នៅ​ថ្ងៃ​នេះ យើង​បាន​តាំង​អ្នក​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចម្បាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សម្រាប់​ត​នឹង​ស្រុក​ទាំង​មូល និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅ‌ហ្វាយ និង​ពួក​សង្ឃ ហើយ​នឹង​បណ្ដា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង 19គេ​នឹង​ត​ជាមួយ​អ្នក តែ​មិន​ឈ្នះ​អ្នក​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​អ្នក​ឲ្យ​រួច» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

យេរេមា 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល