យេរេមា ពាក្យលំនាំ
ពាក្យលំនាំ
លោកយេរេមាជាហោរាមួយរូប ដែលបម្រើព្រះក្នុងភាពឯកោ ដ្បិតមនុស្សនៅជំនាន់លោកប្រឆាំងនឹងលោកសឹងតែទាំងអស់គ្នា។ ប៉ុន្តែ លោកតស៊ូបំពេញបេសកកម្មដែលព្រះទ្រង់ប្រទានឲ្យ ដោយចិត្តស្មោះត្រង់ រហូតដល់ទីបញ្ចប់។
ព្រះត្រាស់ហៅហោរាយេរេមា ក្នុងពេលដែលលោកមានវ័យក្មេងនៅឡើយ ឲ្យនាំព្រះបន្ទូលរបស់ព្រះអង្គទៅប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹម (១.៤) គឺនៅអំឡុងឆ្នាំ៦២៦ មុនគ.ស. នារជ្ជកាលព្រះបាទយ៉ូសៀស (៦៤០-៦០៩)។ លោកបម្រើព្រះអម្ចាស់អស់រយៈពេលជាងសែសិបឆ្នាំ នៅជំនាន់មួយដែលស្រុកយូដាជួបប្រទះនឹងភាពវឹកវរយ៉ាងខ្លាំង។
ក្នុងពេលអាណាចក្របាប៊ីឡូនបានចាប់ផ្ដើមវាយលុកអាណាចក្រអាសសើុរ ព្រះបាទយ៉ូសៀសឆ្លៀតឱកាសវាយដណ្ដើមទឹកដីអ៊ីស្រាអែលមួយចំនួន ដែលស្ថិតនៅក្រោមការកាន់កាប់របស់ស្រុកអាសសើុរ យកមកបញ្ចូលជាទឹកដីយូដា។ ប៉ុន្តែ នៅឆ្នាំ ៦០៩ ព្រះបាទយ៉ូសៀសបានសោយទិវង្គតនៅមេគីដោ ក្នុងពេលស្ដេចតទល់នឹងកងទ័ពអេស៊ីព្ទ ដែលគេបញ្ជូនឲ្យមកជួយកងទ័ពអាសសើុរ។ ជនជាតិអេស៊ីព្ទបានចាប់បុត្ររបស់ព្រះបាទយ៉ូសៀស គឺព្រះបាទសាលូម (ឬយ៉ូអាហាស) ដែលស្នងរាជ្យបន្តពីបិតា នាំយកទៅស្រុកអេស៊ីព្ទ ហើយតែងតាំងព្រះបាទយេហូយ៉ាគីមឲ្យគ្រងរាជ្យជំនួស។ នៅឆ្នាំ ៥៩៧ កងទ័ពបាប៊ីឡូនដឹកនាំដោយព្រះបាទនេប៊ូក្នេសា វាយយកបានក្រុងយេរូសាឡឹម ហើយកៀរប្រជាជនមួយចំនួនទៅជាឈ្លើយសឹក ព្រមទាំងកៀរស្ដេចទៅជាមួយដែរ គឺព្រះបាទយ៉ូយ៉ាគីនជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម។ ពួកគេលើកព្រះបាទសេដេគា ជាស្ដេចទន់ខ្សោយ និងគ្មានអំណាច ឲ្យឡើងស្នងរាជ្យ។ ប៉ុន្តែ នៅទីបំផុត ព្រះបាទសេដេគាបានបះបោរប្រឆាំងនឹងរដ្ឋអំណាចបាប៊ីឡូន។ ដូច្នេះ ព្រះបាទនេប៊ូក្នេសាបញ្ជូនកងទ័ពឲ្យមកឡោមព័ទ្ធក្រុងយេរូសាឡឹមអស់រយៈពេលមួយឆ្នាំ ហើយវាយយកបានក្រុងយេរូសាឡឹមនៅខែកក្កដា ឆ្នាំ៥៨៧ មុនគ.ស.។ កងទ័ពបាប៊ីឡូនដុតកម្ទេចព្រះវិហារ ហើយចាប់ស្ដេច និងកៀរប្រជាជនមួយចំនួនទៀតទៅជាឈ្លើយ។
រដ្ឋអំណាចបាប៊ីឡូនបានតែងតាំងលោកកេដាលាឲ្យធ្វើជាទេសាភិបាល គ្រប់គ្រងលើប្រជាជនដែលនៅសេសសល់ ប៉ុន្តែ បន្តិចក្រោយមក លោកត្រូវគេធ្វើឃាត។ ដូច្នេះ ប្រជាជនយូដាក៏នាំគ្នាភៀសខ្លួនទៅស្រុកអេស៊ីព្ទ ដោយបង្ខំឲ្យហោរាយេរេមាទៅជាមួយដែរ ហើយលោកទទួលមរណភាពនៅស្រុកនោះ។
ហោរាយេរេមាក៏ដូចជាហោរាឯទៀតៗដែរ លោកចាត់ទុកសោកនាដកម្មដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់ ថា ជាការព្រមានរបស់ព្រះចំពោះប្រជាជនដែលនាំគ្នាក្បត់ព្រះអង្គ។ នៅពេលចុងក្រោយ ហោរាយេរេមាបានប្រកាសថា ដើម្បីគេចផុតពីមហន្តរាយ ប្រជាជនត្រូវតែបែរចិត្តមករកព្រះវិញ។ ពួកគេត្រូវឈប់ទៅរកជំនួយពីស្រុកអេស៊ីព្ទ តែត្រូវសុខចិត្តចុះចូលនឹងរដ្ឋអំណាចបាប៊ីឡូន។ ពេលនោះ គេចាត់ទុកហោរាយេរេមាជាជនក្បត់ជាតិ ហើយនាំគ្នាធ្វើបាបលោក។ លោកឈឺចាប់ខ្លាំងយ៉ាងណា លោកក៏មានចិត្តស្រឡាញ់ជនរួមជាតិរបស់លោកខ្លាំងយ៉ាងនោះដែរ។ លោកធ្វើដំណើរឆ្លងកាត់ជីវិតនេះ ដោយប្រកាសអំពីការវិនិច្ឆ័យទោសរបស់ព្រះ ចំពោះប្រជាជនដែលក្បត់នឹងព្រះអង្គផង លោកក៏នៅតែមានចិត្តស្រឡាញ់ចំពោះប្រជាជនផងដែរ។ ហេតុនេះហើយបានជាពេលខ្លះ លោករអ៊ូរទាំដាក់ព្រះ (១១.១៨-១២.៦, ១៥.១០-២១, ១៧.១៤-១៨, ១៨.១៨-២៣, ២០.៧-១៨)។
ទោះបីលោកឃើញថា ប្រជាជនដែលក្បត់ព្រះនេះមុខជាត្រូវវិនាសក្ដី ក៏លោកយល់ឃើញយ៉ាងវែងឆ្ងាយថា ព្រះនឹងស្រោចស្រង់ពួកគេ តាមរយៈសម្ពន្ធមេត្រីមួយថ្មី (ជំពូក ៣១)។ ត្រង់នេះធ្វើឲ្យលោកទុកចិត្តលើជ័យជម្នះរបស់ព្រះ ដែលនាំមកនូវសេចក្ដីសង្ឃឹម (ជំពូក ៣២)។
ជំពូក ២-២៤ មានថ្លែងយ៉ាងក្បោះក្បាយអំពីព្រះបន្ទូលដែលហោរាយេរេមាប្រកាស ដែលជួនកាលមានប្រើរូបភាព និងកាយវិការផ្សេងៗជានិមិត្តរូប៖ ខ្សែក្រវាត់ពុក (ជំពូក ១៣) ជាងស្មូន (១៨) ក្អមបែក (១៩)…។ ល។
នៅដើមជំពូក ២៥ សង្ខេបសេចក្ដីដែលហោរាយេរេមាប្រកាស។
ជំពូក ២៦-៤៥ មានរៀបរាប់អំពីហេតុការណ៍ផ្សេងៗដែលកើតមានក្នុងជីវិតរបស់ហោរាយេរេមា។
ជំពូក ៤៦-៥១ សេចក្ដីប្រកាសស្ដីអំពីប្រជាជាតិនានា។
ជំពូក ៥២ កំណត់ហេតុអំពីការបែកក្រុងយេរូសាឡឹម។ នៅចុងបញ្ចប់កណ្ឌគម្ពីរនេះ មានរៀបរាប់អំពីការប្រណីសន្ដោសរបស់ស្ដេចបាប៊ីឡូនចំពោះព្រះបាទយ៉ូយ៉ាគីន ដែលគេចាប់យកទៅជាឈ្លើយសឹក។ ដូច្នេះ អវសានកថានៃកណ្ឌគម្ពីរយេរេមានាំមកនូវសេចក្ដីសង្ឃឹមសម្រាប់ជនជាតិអ៊ីស្រាអែល។
យើងអាចប្រៀបប្រដូចហោរាយេរេមាជាអ្នកបម្រើដ៏ស្មោះត្រង់ ហើយត្រូវគេធ្វើទុក្ខបៀតបៀនទៅនឹងព្រះយេស៊ូ (ម៉ាថាយ ១៦.១៤)។ រីឯព្រះយេស៊ូផ្ទាល់ នៅយប់ដែលព្រះអង្គត្រូវគេចាប់បញ្ជូនទៅឲ្យគេឆ្កាង ព្រះអង្គបានធ្វើពិធីជប់លៀងជាមួយពួកសាវក ហើយព្រះអង្គប្រកាសអំពីសម្ពន្ធមេត្រីថ្មីដែលចងឡើងដោយព្រះលោហិតរបស់ព្រះអង្គ គឺសម្ពន្ធមេត្រីដែលហោរាយេរេមាបានថ្លែងទុក (លូកា ២២.២០, ១ កូរិនថូស ១១.២៥)។
ទើបបានជ្រើសរើសហើយ៖
យេរេមា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies