ពួក​ចៅ‌ហ្វាយ 18

18
ពួក​កូន​ចៅ​ដាន់​ប្តូរ​ទឹក​ដី
1នៅ​គ្រា​នោះ គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ហើយ​នៅ​គ្រា​ដដែល​នោះ កុល‌សម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​ជា​មត៌ក​ដើម្បី​រស់​នៅ ដ្បិតរហូត​មក​ទល់​ពេល​នោះ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល កុល​សម្ព័ន្ធ​នេះ​មិន​ទាន់​បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ឡើយ​ទេ។ 2ដូច្នេះ ពួក​កូន​ចៅ​ដាន់​ក៏​រើស​មនុស្ស​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែសថោល ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹកដី។ គេ​បង្គាប់​អ្នក​ទាំង​នោះ​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ​ទៅ»។ គេ​ក៏​ចូល​មក​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម​មក​ដល់​ផ្ទះ​មីកា ហើយ​ដេក​នៅ​ទី​នោះ​អស់​មួយ​យប់។ 3កាល​គេ​នៅ​ជិត​ផ្ទះ​មីកា គេ​បាន​ឮ ហើយ​ស្គាល់​សំឡេង​របស់​យុវជន​លេវី រួច​ក៏​ចូល​ទៅ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​អ្នក​មក​ទី​នេះ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​នៅ​ទី​នេះ? តើ​អ្នក​មានការ​ងារ​អ្វី​នៅ​ទី​នេះ?»។ 4គាត់​ឆ្លើយ​ថា៖ «មីកា​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នេះ គឺ​គាត់​បាន​ជួល​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​សង្ឃ​របស់​គាត់»។ 5គេនិយាយ​ទៅ​គាត់​ថា៖ «បើ​ដូច្នេះ​សូម​ទូល​សួរ​ព្រះ​មើល ដើម្បី​ឲ្យ​យើង​ដឹង​ថា ដំណើរ​ដែល​យើង​ទៅ​នេះ​នឹង​បាន​កើត​ការ​ឬ​ទេ»។ 6សង្ឃ​នោះ​ឆ្លើយ​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ព្រះ‌យេហូវ៉ា​ជ្រាប​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ទៅ​នោះ​ហើយ»។
7ពេល​នោះ អ្នក​ទាំង​ប្រាំក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​បាន​មក​ដល់​ក្រុង​ឡាអ៊ីស។ គេ​ឃើញ​មនុស្សដែល​រស់​នៅ​ទីនោះ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​ស្ងប់​ស្ងៀម ឥត​បារម្ភ​អ្វី​ឡើយ។ គេ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ ឥត​ខ្វះ​អ្វីនៅ​លើ​ផែន​ដី​ឡើយ ប៉ុន្ដែ គេ​រស់​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ទេ។ 8កាល​អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​រក​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ និង​អែស​ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា៖ «តើ​ដំណើរ​របស់​អ្នក​យ៉ាងណា​ដែរ?» 9គេ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង យើង​លើក​គ្នា​ទៅ​ច្បាំងនឹង​គេ ដ្បិត​យើង​បាន​ឃើញ​ទឹក​ដី​នោះ​ហើយ មើល៍ ទឹក​ដី​នោះ​ល្អ​ណាស់។ តើ​អ្នក​រាល់​គ្នា​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី? កុំបង្អែ​បង្អង់​ឡើយ ចូរ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទៅ។ 10ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់ អ្នក​នឹង​ឃើញ​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មួយ​ដែល​មិន​ខ្វះ​អ្វី​នៅ​លើ​ផែនដី​នេះ​ទេ»។
11ដូច្នេះ មនុស្ស​ប្រាំមួយ​រយ​នាក់​ពីកុល‌សម្ព័ន្ធ​ដាន់ ដែលប្រដាប់​ដោយ​គ្រឿង​សឹក បាន​លើក​គ្នា​ចេញ​ពី​សូរ៉ាស់ និង​អែស‌ថោល 12ឡើង​ទៅ​បោះ‌ទ័ពនៅ​គារយ៉ាត់-យារីម ក្នុង​ស្រុក​យូដា។ ហេតុនេះ​ហើយ​បាន​ជាគេ​ដាក់​ឈ្មោះ​ទី​នោះ​ថា «ម៉ាហានេ-ដាន់ » រហូត​ដល់​សព្វ​ថ្ងៃ មើល៍ ទី​នោះ​នៅ​ខាង​លិច​គារយ៉ាត់-យារីម។ 13ចេញ​ពី​ទី​នោះ គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​មក​ដល់​ផ្ទះ​មីកា។
14ពេល​នោះ បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា៖ «តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​ថេរ៉ាភីម ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ឬ​ទេ? ដូច្នេះ ចូរ​ពិចារ‌ណា​មើលឲ្យ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា»។ 15គេ​ក៏​បែរ​ចូល​ទៅ​ផ្ទះ​យុវជន​លេវី​នោះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​គាត់​អំពី​សុខ​ទុក្ខ។ 16ឯ​ពួក​កូន​ចៅ​ដាន់​ទាំង​ប្រាំមួយ​រយ​នាក់​ដែល​មាន​គ្រឿង​សឹក ក៏​ឈរ​ចាំ​នៅ​មាត់​ច្រក​ចូល​ទៅផ្ទះដែរ 17បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក ក៏​ឡើង​ចូល​ទៅ​ក្នុង​ផ្ទះ យក​ទាំង​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ផង ក្នុងកាល​ដែល​សង្ឃ​នោះ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​មនុស្ស​ប្រាំមួយ​រយ​នាក់ ដែល​មាន​គ្រឿង​សឹក។ 18កាល​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ដូច្នេះ សង្ឃ​នោះ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នាកំពុង​ធ្វើ​អ្វី​ហ្នឹង?» 19គេ​ប្រាប់​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម ចូរ​យក​ដៃ​ខ្ទប់​មាត់ ហើយ​ទៅ​ជា​មួយ​យើង រួច​ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​យើង​វិញ។ តើគួរឲ្យ​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​គ្រួ​សារ​របស់​មនុស្ស​តែ​ម្នាក់ ឬក៏​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​មួយ និង​ដល់​ពូជ​ពង្ស​មួយ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល?»។ 20សង្ឃ​នោះក៏​មាន​ចិត្ត​ត្រេក​អរ​ឡើង រួច​យក​អេផូឌ និង​ថេរ៉ាភីម ព្រម​ទាំង​រូប​ឆ្លាក់ ហើយ​ទៅ​ជា​មួយ​ពួក​គេ។
21ដូច្នេះ គេ​បែរ​ចេញ​ទៅ ដោយ​ឲ្យ​កូន​ក្មេង ហ្វូង​សត្វ និងរបស់​របរ​ទាំង​ប៉ុន្មានទៅ​មុន។ 22កាល​បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​មីកា​ហើយ អ្នកដែល​នៅ​ផ្ទះ​ជិត​ខាង​មីកា ក៏​ហៅ​គ្នា​ដេញ​តាម​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទាន់។ 23គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ហើយ​ពួក​កូន​ចៅ​ដាន់​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា៖ «តើ​មាន​ការ​អី​បាន​ជា​ប្រមូល​គ្នា​មក​ច្រើន​ដូច្នេះ?» 24គាត់​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​មាន​នៅ​សល់​អ្វី​ទៀត? ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​មានការ​អ្វី​ដូច្នេះ?» 25ពួក​កូន​ចៅ​ដាន់​តប​ទៅ​គាត់​ថា៖ «កុំ​ឲ្យ​មាន​ឮ​សំឡេង​រប​ស់​អ្នក​ក្នុង​ចំណោម​ពួក​យើង​ឡើយ ក្រែង​លោ​មាន​អ្នក​មួម៉ៅ​ស្ទុះ​ទៅ​សង្រ្គុបលើ​អ្នក រួច​ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​បាត់​បង់​ជីវិត»។ 26បន្ទាប់​មក ពួក​កូន​ចៅ​ដាន់​ក៏​បន្ត​ដំណើរ​ទៅមុខ។ កាល​មីកា​ឃើញ​ថា គេ​មាន​ខ្លាំង​ពូ​កែ​ជាង​ខ្លួន គាត់​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។
ពួកកូន​ចៅ​ដាន់​តាំង​ទី​លំ​នៅនៅ​ក្រុង​ឡាអ៊ីស
27ប៉ុន្ដែ ពួក​កូន​ចៅ​ដាន់​បាន​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ និង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស ជួប​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ស្ងប់​ស្ងៀម ឥត​ព្រួយ​បារម្ភ រួចក៏​ប្រហារគេ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ទី​ក្រុង​ចោល 28ឥត​មាន​អ្នក​ណា​មក​ជួយ​គេ​ឡើយ ព្រោះ​ទី​នោះស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​គេ​គ្មាន​ទំនាក់​ទំនង​នឹង​អ្នក​ណា​ទេ។ ក្រុង​នោះ​ស្ថិត​ក្នុង​វាល​ច្រក​ភ្នំ ដែល​នៅ​ជិត​បេត-រេហុប។ បន្ទាប់មក ពួក​កូន​ចៅ​ដាន់​បាន​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​នៅទីនោះ។ 29គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «ដាន់» តាម​ឈ្មោះ​ដាន់ ជា​បុព្វ‌បុរសរបស់​គេ ដែល​អ៊ីស្រា‌អែល​បាន​បង្កើត តែ​ក្រុង​នោះ​ពី​ដើមឈ្មោះ ឡាអ៊ីស។ 30ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សម្រាប់​ពួក​គេ ឯ​យ៉ូណា‌ថាន ជា​កូន​គើសំ គើសំ​ជា​កូន​របស់​ម៉ូ‌សេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​ដាន់​តទៅ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ស្រុក​នោះ​ត្រូវ​គេ​និរទេស ។ 31ដូច្នេះ គេ​តាំង​រូប​ឆ្លាក់​ដែល​មីកា​បាន​ធ្វើ ទុក​សម្រាប់​ពួក​គេ ក្នុង​អំឡុង​ពេល​ដែល​ដំណាក់​របស់​ព្រះ​នៅ​ស៊ីឡូរ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល