ពួក​ចៅ‌ហ្វាយ 19

19
បុរស​ម្នាក់​ក្នុង​ពួក​លេវី និង​ប្រពន្ធ​ចុង​របស់​គាត់
1នៅ​គ្រា​នោះ ពេល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល មាន​លេវី​ម្នាក់ ដែល​រស់​នៅ​ប៉ែក​ខាង​ចុង​ស្រុក​ភ្នំ​អេប្រាអិម បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង។ 2ប៉ុន្ដែ ប្រពន្ធ​ចុង​របស់​គាត់​មិន​ស្មោះ​ត្រង់​នឹង​គាត់ ហើយ​នាង​ក៏​ដើរ​ចេញ​ពី​គាត់ ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ឯ​បេថ្លេ‌ហិម ស្រុក​យូដា ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បួន​ខែ។ 3ពេល​នោះ ប្តី​របស់​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តាម​នាង ដើម្បី​និយាយ​លួង​លោម​នាង ហើយ​នាំ​នាង​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​អ្នក​បម្រើ​ម្នាក់ និង​លា​ពីរ​ទៅ​ជា​មួយ។ លុះ​ដល់​ហើយ នាង​ក៏​នាំ​គាត់​ចូល​ទៅក្នុង​ផ្ទះ​របស់​ឪពុកនាង កាល​ឪពុក​នាង​បាន​ឃើញ គាត់​ក៏​ចេញ​មក​ទទួល​ដោយ​អំណរ។ 4ឪពុក​ក្មេក​របស់​គាត់ គឺ​ឪពុក​របស់​ស្ត្រី​នោះ បាន​ឃាត់​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​បាន​បី​ថ្ងៃ។ ដូច្នេះ គេ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ដេក​នៅ​ទី​នោះ។ 5នៅ​ថ្ងៃ​ទី​បួន គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម រួច​គាត់​ក៏​រៀប​ចំ​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ទៅ​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិ‌ភោគ​ចម្រើន​កម្លាំង​សិន រួច​សឹម​ចេញ​ដំណើរ​ទៅ»។ 6ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ឪពុក​នាង​និយាយ​ទៅ​បុរស​នោះ​ថា៖ «សូម​សម្រាក​មួយ​យប់​ទៀត​សិន ដើម្បី​ឲ្យ​ចិត្ត​កូន​បាន​សប្បាយ»។ 7កាល​បុរស​នោះ​ក្រោក​ឡើង​ចង់​ទៅ ឪពុក​ក្មេក​ក៏​ចេះ​តែ​បង្ខំ រហូត​ទាល់​តែ​គាត់​ព្រម​ស្នាក់​នៅ​ទី​នោះ​មួយ​យប់​ទៀត។ 8នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ថា៖ «ចូរ​នៅ​លំ​ហើយ​ចិត្ត​សិន​ទៅ ហើយ​ចាំ​ដល់​ថ្ងៃ​រសៀល​បន្តិច​សឹមចេញ​ដំណើរ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​បរិ‌ភោគ​ជាមួយ​គ្នា។ 9រួច​កាល​គាត់​ក្រោក​ឡើង ប្រុង​នឹង​ចេញ​ដំណើរ​ទៅ​ជាមួយ​ប្រពន្ធ​ចុង និង​អ្នក​បម្រើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ ថ្ងៃ​រសៀល​ទាប​ណាស់​ហើយ សូម​នៅ​មួយ​យប់​នេះ​ទៀត​ទៅ មើល៍ ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​នៅ​ទី​នេះ​ទៅ ដើម្បី​ឲ្យ​ចិត្តកូន​បាន​សប្បាយ ថ្ងៃ​ស្អែក​សឹម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ»។
10ប៉ុន្តែ បុរស​នោះ​មិន​ព្រម​នៅ​ដេក​យប់​នោះ​ទៀត​ទេ គាត់​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) ទាំង​នាំ​យក​សត្វ​លា​ពីរ​របស់​គាត់​ដែល​ចង​កែប​ជា​ស្រេច និង​ប្រពន្ធ​ចុង​របស់​គាត់​ទៅ​ជា​មួយ។ 11កាល​មក​ជិត​ក្រុង​យេប៊ូស នោះ​ថ្ងៃ​កាន់​តែទាប​ណាស់​ហើយ ដូច្នេះ អ្នក​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅ​ហ្វាយ​ថា៖ «សូម​លោក​អញ្ជើញ​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​យេប៊ូស​នេះ ហើយ​ស្នាក់​មួយ​យប់​សិន​ទៅ»។ 12ប៉ុន្ដែ ចៅ‌ហ្វាយ​ឆ្លើយ​ថា៖ «យើងនឹង​មិន​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិនមែន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ឡើយ គឺ​យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គី‌បៀរ​វិញ»។ 13រួច​គាត់​និយាយ​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​កន្លែង​ណា​មួយ ដើម្បី​សម្រាក​មួយ​យប់​នៅ​គី‌បៀរ ឬ​នៅ​រ៉ាម៉ា»។ 14ដូច្នេះ គេ​ក៏​បន្ត​ដំណើរ​ត​ទៅ​ទៀត។ កាល​គេ​មក​ដល់​ជិត​គី‌បៀរ ដែល​ជា​ទី​ក្រុង​របស់​ពួក​បេនយ៉ាមីន នោះ​ថ្ងៃ​ក៏​លិច​ទៅ 15ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​គី‌បៀរ ដើម្បីដេក​នៅ​ទី​នោះ។ គេ​ចូល​ទៅ​អង្គុយ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ព្រោះ​គ្មាន​អ្នក​ណា​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។
16មើល៍ ល្ងាច​នោះ មាន​បុរសវ័យ​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ចម្ការ បុរស​នោះ​ជា​អ្នក​ស្រុក​ភ្នំ​អេប្រាអិម តែ​គាត់​មករស់​នៅ​ក្រុង​គី‌បៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេនយ៉ាមីន។ 17ពេល​គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់​អង្គុយ​នៅតាម​ផ្លូវ គាត់​ក៏​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​ទៅ​ណា? ហើយអ្នក​អញ្ជើញ​មក​ពី​ណា​ដែរ?» 18គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ទៅកាន់ប៉ែក​ខាង​ចុង​ស្រុក​ភ្នំ​អេប្រាអិម ខ្ញុំ​ជា​អ្នក​ស្រុក​នោះ​ឯង។ ខ្ញុំ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា តែ​ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​វិញ តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។ 19យើង​ខ្ញុំ​មាន​ចំបើង មាន​ស្មៅ​សម្រាប់​លា ហើយ​មាន​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ខ្លួន​ខ្ញុំបាទ​ផ្ទាល់ ព្រម​ទាំង​ស្ត្រី និង​អ្នកលោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាទ​ហើយ យើង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទៀតទេ»។ 20បុរស​វ័យ​ចាស់​នោះ​ពោល​ថា៖ «សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ខ្ញុំ​នឹង​ផ្តល់​អ្វី​ៗ​ដែល​អ្នក​ត្រូវ​ការ សូម​កុំ​ឲ្យ​តែ​សម្រាក​នៅតាម​ផ្លូវ​ឡើយ»។ 21ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​នាំ​គ្នា​លាង​ជើង ហើយ​ក៏​បរិ‌ភោគ និង​ផឹក​ជា​មួយ​គ្នា។
អំពីឧក្រិដ្ឋរបស់​អ្នក​ក្រុង​គី‌បៀរ
22កាល​គេ​កំពុង​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​សប្បាយ​រីក​រាយ នោះ​មើល៍ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ ហៅ​លោក​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា»។ 23បុរស​ដែល​ជា​ម្ចាស់​ផ្ទះ​ក៏​ចេញ​ទៅ​ជួប​គេ ហើយ​អង្វរ​ថា៖ «ទេ! បង​ប្អូន​អើយ សូម​កុំ​ប្រព្រឹត្ត​អាក្រក់​ដូច្នេះ​ឡើយ ដ្បិត​អ្នក​នេះ​បាន​ចូល​មក​ជ្រក​នៅ​ផ្ទះ​ខ្ញុំ សូម​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​បែប​នេះ​ឲ្យ​សោះ។ 24មើល៍ នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​ចុង​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក​ឥឡូវ។ សូម​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​តែ​ចិត្ត តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នឹង​មនុស្ស​នេះ​ឡើយ»។ 25ប៉ុន្តែ បុរស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក ហើយ​ប្រគល់​ឲ្យ​ពួក​វា។ ពួក​វា​ស្គាល់​នាង​គ្រប់​គ្នា ហើយ​រំលោភ​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែជិត​ភ្លឺ ទើប​គេ​លែង​នាង​មក​វិញ។ 26កាល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​បាន​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​លោក​តា​ដែល​ប្តី​របស់​នាង​ស្នាក់​នៅ ហើយ​ដេក​ដួល​នៅ​ទី​នោះ​រហូត​ដល់​ភ្លឺ។
27លុះ​ព្រឹក​ឡើង ប្តី​របស់​នាង​ក៏​ក្រោក​ឡើង ហើយ​បើក​ទ្វារ ដើម្បី​បន្ដ​ដំណើរ នោះ​ស្រាប់​តែ​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់​ដួល​ដេក​នៅ​មាត់​ទ្វារ​ផ្ទះ ទាំង​ដៃ​តោង​ក្រប​ទ្វារ។ 28គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង តោះ​យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ។ ដូច្នេះ គាត់​ក៏​លើក​នាង​ដាក់​លើ​ខ្នង​លា ហើយ​ចេញ​ដំណើរ​ទៅ​ផ្ទះ​របស់​គាត់។ 29កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ គាត់​ក៏​យក​កាំបិត មក​កាត់​សាក​សព​របស់​នាង​ជា​ដប់​ពីរ​កំណាត់ ហើយ​ផ្ញើ​កំណាត់​សាក​សព​នីមួយៗ ទៅ​ពាស​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ 30ឯ​អស់​អ្នក​ដែល​បាន​ឃើញ ក៏​ពោល​ថា៖ «មិន​ដែល​ឃើញ​មាន​អំពើ​ដូច្នេះ​កើត​ឡើង​ទេ តាំង​ពី​ថ្ងៃ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ថ្ងៃ​នេះ ដូច្នេះ ត្រូវ​តែ​ពិចារ‌ណា​រឿង​នេះ ត្រូវ​តែ​ពិគ្រោះ​គ្នា ហើយ​សម្រេច​សេចក្ដី​ទៅ»។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល