ពួកចៅហ្វាយ 20
20
កុលសម្ព័ន្ធឯទៀតៗច្បាំងនឹងពួកកូនចៅបេនយ៉ាមីន
1បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។ 2ពួកមេដឹកនាំនៃប្រជាជនទាំងប៉ុន្មាន គឺមេដឹកនាំនៃកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ សុទ្ធតែមានវត្តមាននៅក្នុងអង្គប្រជុំនៃប្រជារាស្ត្ររបស់ព្រះ គឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។ 3(រីឯពួកកូនចៅបេនយ៉ាមីនបានឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ា) ពួកកូនចៅអ៊ីស្រាអែលសួរថា៖ «សូមប្រាប់យើងមក តើអំពើដ៏អាក្រក់នេះកើតឡើងយ៉ាងដូចម្ដេច?» 4បុរសលេវី ជាប្តីរបស់ស្ត្រីដែលគេបានសម្លាប់នោះក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្រុងគីបៀរ ជាក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីស្នាក់នៅពេលយប់។ 5យប់នោះ ស្រាប់តែពួកមេដឹកនាំនៅក្រុងគីបៀរ លើកគ្នាមកព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ ហើយទាស់នឹងខ្ញុំ។ គេមានបំណងចង់សម្លាប់ខ្ញុំ រួចគេចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយរំលោភនាងរហូតដល់ស្លាប់។ 6ដូច្នេះ ខ្ញុំបានយកសាកសពរបស់នាង ហើយកាត់ជាកំណាត់ៗ ផ្ញើទៅគ្រប់ស្រុកទាំងអស់ ដែលជាមត៌ករបស់សាសន៍អ៊ីស្រាអែល ដ្បិតគេបានប្រព្រឹត្តអំពើយង់ឃ្នង គួរឲ្យស្អប់ខ្ពើមបំផុត នៅក្នុងពួកអ៊ីស្រាអែល។ 7មើល៍ អ្នករាល់គ្នាជាកូនចៅអ៊ីស្រាអែលអើយ សូមអ្នករាល់គ្នាបញ្ចេញគំនិតមក ហើយសម្រេចចិត្តនៅទីនេះចុះ!»។
8ប្រជាជនទាំងអស់ក៏ក្រោកឈរឡើងព្រមគ្នា ដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មានអ្នកណាម្នាក់នឹងត្រឡប់ទៅទីលំនៅរបស់ខ្លួន ឬចូលទៅក្នុងផ្ទះរបស់ខ្លួនវិញឡើយ។ 9ឥឡូវនេះ យើងត្រូវប្រព្រឹត្តចំពោះពួកគីបៀរដូចតទៅនេះ គឺយើងនឹងឡើងទៅច្បាំងនឹងពួកគេ ដោយចាប់ឆ្នោត។ 10យើងនឹងយកមនុស្សដប់នាក់ ក្នុងចំណោមមួយរយនាក់ ហើយមួយរយនាក់ ក្នុងចំណោមមួយពាន់នាក់ និងមួយពាន់នាក់ ក្នុងចំណោមមួយម៉ឺននាក់ ពីគ្រប់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅប្រដៅពួកគីបៀររបស់ពួកបេនយ៉ាមីន ដោយព្រោះអំពើដ៏យង់ឃ្នងទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែល»។ 11ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ប្រមូលគ្នា ដូចមនុស្សតែម្នាក់ ច្បាំងនឹងក្រុងនោះ។
12កុលសម្ព័ន្ធទាំងប៉ុន្មាននៃពួកអ៊ីស្រាអែលបានចាត់មនុស្សឲ្យទៅគ្រប់កុលសម្ព័ន្ធបេនយ៉ាមីន សួរថា៖ «ហេតុអ្វីបានជាអំពើអាក្រក់បែបនេះកើតឡើង ក្នុងចំណោមអ្នករាល់គ្នា? 13ឥឡូវនេះ ចូរប្រគល់មនុស្សពាលនៅក្រុងគីបៀរទាំងនោះមក ដើម្បីឲ្យយើងបានសម្លាប់ពួកគេចោល ហើយបោសសម្អាតអំពីអាក្រក់ ចេញពីពួកកូនចៅអ៊ីស្រាអែល»។ ប៉ុន្ដែ ពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់គេឡើយ។ 14ពេលនោះ ពួកកូនចៅបេនយ៉ាមីនក៏នាំគ្នាចេញពីទីក្រុងរបស់ពួកគេ ទៅមូលគ្នានៅក្រុងគីបៀរ ដើម្បីចេញទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល។ 15នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។ 16ក្នុងចំណោមអ្នកទាំងអស់នេះ មានមនុស្សជ្រើសរើសប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង គ្រប់គ្នាអាចចោលដុំក្រួសដោយប្រើដង្ហក់ សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។ 17ឯពួកអ៊ីស្រាអែល ក្រៅពីពួកបេនយ៉ាមីន មានបួនសែននាក់ដែលកាន់ដាវ ហើយសុទ្ធតែជាមនុស្សស្ទាត់ជំនាញក្នុងចម្បាំង។
18ពួកកូនចៅអ៊ីស្រាអែលនាំគ្នាឡើងទៅបេត-អែល ដើម្បីទូលសួរព្រះថា៖ «ក្នុងចំណោមពួកយើង តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ត្រូវឲ្យពួកយូដាទៅមុនគេ»។
19ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទល់មុខនឹងក្រុងគីបៀរ។ 20ពួកអ៊ីស្រាអែលចេញទៅច្បាំងនឹងពួកបេនយ៉ាមីន ហើយពួកអ៊ីស្រាអែលតម្រៀបទ័ពទាស់នឹងគេនៅមុខក្រុងគីបៀរ។ 21ពួកកូនចៅបេនយ៉ាមីនក៏ចេញពីក្រុងគីបៀរមក ហើយបំផ្លាញពួកអ៊ីស្រាអែលក្នុងថ្ងៃនោះ ស្លាប់អស់ពីរម៉ឺនពីរពាន់នាក់។ 22 ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅយំនៅចំពោះព្រះយេហូវ៉ា រហូតដល់ល្ងាច ហើយគេទូលសួរព្រះអង្គថា៖ «តើយើងខ្ញុំត្រូវចូលទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀតឬទេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅច្បាំងនឹងគេចុះ»។ 23ពួកកូនចៅអ៊ីស្រាអែលក៏ពង្រឹងទឹកចិត្តគ្នាឡើងវិញ ហើយតម្រៀបទ័ពម្តងទៀត នៅកន្លែងដដែលដូចថ្ងៃមុន។
24ពួកកូនចៅអ៊ីស្រាអែលក៏ចូលទៅជិត ច្បាំងនឹងពួកកូនចៅបេនយ៉ាមីននៅថ្ងៃទីពីរ។ 25នៅថ្ងៃទីពីរនោះ ពួកបេនយ៉ាមីនចេញពីក្រុងគីបៀរមកច្បាំងនឹងគេ ហើយគេបំផ្លាញពួកកូនចៅអ៊ីស្រាអែលស្លាប់អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។ មនុស្សទាំងអស់នេះសុទ្ធតែប្រដាប់ដោយដាវ។ 26បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។ 27ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ា (ដ្បិតគ្រានោះ ហិបនៃសេចក្ដីសញ្ញារបស់ព្រះនៅទីនោះ 28ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។
29ដូច្នេះ ពួកអ៊ីស្រាអែលបានបង្កប់ទ័ព ចាំវាយឆ្មក់នៅជុំវិញក្រុងគីបៀរ។ 30រួចនៅថ្ងៃទីបី ពួកអ៊ីស្រាអែលឡើងទៅទាស់នឹងពួកបេនយ៉ាមីន ហើយតម្រៀបទ័ពទាស់នឹងក្រុងគីបៀរ ដូចលើកមុន។ 31ឯពួកកូនចៅបេនយ៉ាមីនក៏ចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបញ្ឆោតនាំគេឲ្យឃ្លាតឆ្ងាយពីទីក្រុង។ ដូចសព្វដងដែរ គេចាប់ផ្ដើមវាយពួកអ៊ីស្រាអែល ហើយសម្លាប់អស់ប្រហែលសាមសិបនាក់ មួយក្រុមតាមផ្លូវឡើងទៅបេត-អែល និងមួយក្រុមទៀតតាមផ្លូវទៅក្រុងគីបៀរ ព្រមទាំងនៅស្រុកវាលផង។ 32ពួកកូនចៅបេនយ៉ាមីនពោលថា៖ «ពួកវារត់បាក់ទ័ពដូចលើកមុនទៀតហើយ»។ ប៉ុន្ដែ ពួកកូនចៅអ៊ីស្រាអែលពោលថា៖ «ចូរយើងនាំគ្នារត់ ហើយទាញគេមកតាមផ្លូវ ឲ្យចេញឆ្ងាយពីទីក្រុង»។ 33ពេលនោះ ពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ងើបពីកន្លែងរៀងៗខ្លួនទៅតម្រៀបទ័ពនៅបាល-តាម៉ារ ឯពួកទ័ពបង្កប់របស់ពួកអ៊ីស្រាអែល ក៏ស្ទុះចេញពីកន្លែងរបស់គេ នៅវាលទំនាបគីបៀរដែរ។ 34មានមនុស្សជ្រើសរើសពីពួកអ៊ីស្រាអែលទាំងអស់ចំនួនមួយម៉ឺននាក់ ចូលទៅច្បាំងនឹងក្រុងគីបៀរ ហើយចម្បាំងនោះសាហាវណាស់ ប៉ុន្ដែ ពួកបេនយ៉ាមីនមិនដឹងថានឹងមានមហន្តរាយកើតឡើងដល់ពួកគេទេ។
35ព្រះយេហូវ៉ាធ្វើឲ្យពួកបេនយ៉ាមីនបាក់ទ័ពនៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលបំផ្លាញពួកបេនយ៉ាមីន អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
36ដូច្នេះ ពួកកូនចៅបេនយ៉ាមីនឃើញថា ពួកគេចាញ់ហើយ។ ពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ព្រោះគេទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ។ 37បន្ទាប់មក ពួកទ័ពបង្កប់ក៏ស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេចេញទៅវាយសម្លាប់ពួកអ្នកក្រុងនោះទាំងអស់ដោយមុខដាវ។ 38វេលានោះ ពួកទ័ពអ៊ីស្រាអែល និងទ័ពបង្កប់ បានសន្មត់ធ្វើសញ្ញាប្រាប់គ្នាថា ពេលណាគេធ្វើឲ្យមានផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ចេញពីទីក្រុង 39ពួកអ៊ីស្រាអែលត្រូវបកមកច្បាំងវិញ។ ពួកបេនយ៉ាមីនចាប់ផ្ដើមវាយសម្លាប់ពួកអ៊ីស្រាអែល អស់ប្រមាណជាសាមសិបនាក់ ហើយគេនឹកគិតថា៖ «គេប្រាកដជាបាក់ទ័ពដូចក្នុងចម្បាំងលើកមុនដែរ»។ 40ប៉ុន្ដែ ពេលមានសញ្ញាផ្សែងហុយឡើងពីទីក្រុង ពួកបេនយ៉ាមីនងាកមើលទៅក្រោយ នោះមើល៍ ទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ។ 41ពេលនោះ ពួកអ៊ីស្រាអែលបកក្រោយ ហើយពួកបេនយ៉ាមីនភ័យតក់ស្លុត ដោយឃើញថា មហន្តរាយជិតមកដល់ហើយ។ 42ដូច្នេះ គេក៏បែរក្រោយនៅមុខពួកអ៊ីស្រាអែល សំដៅទៅទីរហោស្ថាន តែពួកទ័ពអ៊ីស្រាអែលដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏វាយផ្ទប់ពួកគេដែលស្ថិតនៅចំកណ្ដាល។ 43ពួកអ៊ីស្រាអែលឡោមព័ទ្ធពួកបេនយ៉ាមីន ព្រមទាំងដេញតាម ហើយជាន់គេនឹងជើង ចាប់តាំងពីណូហារហូតដល់ទល់មុខនឹងក្រុងគីបៀរទិសខាងកើត។ 44ពួកបេនយ៉ាមីនមួយម៉ឺនប្រាំបីពាន់នាក់បានដួលស្លាប់ អ្នកទាំងអស់នោះសុទ្ធតែជាមនុស្សក្លាហាន។ 45គេក៏ងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ប៉ុន្ដែ ពួកអ៊ីស្រាអែលសម្លាប់ពួកគេអស់ប្រាំពាន់នាក់នៅតាមផ្លូវ ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បានពីរពាន់នាក់ថែមទៀត។ 46ដូច្នេះ ពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មានចំនួនពីរម៉ឺនប្រាំពាន់នាក់ សុទ្ធតែជាអ្នកក្លាហាន ដែលកាន់ដាវគ្រប់គ្នា។ 47ប៉ុន្តែ មានប្រាំមួយរយនាក់បានងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ហើយក៏ជ្រកនៅទីនោះអស់រយៈពេលបួនខែ។ 48ពួកអ៊ីស្រាអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកកូនចៅបេនយ៉ាមីន ហើយប្រហារគេដោយមុខដាវ គឺសម្លាប់មនុស្សដែលរស់នៅក្នុងក្រុង ហ្វូងសត្វ និងអ្វីៗទាំងអស់ដែលគេប្រទះឃើញ រួចដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
ទើបបានជ្រើសរើសហើយ៖
ពួកចៅហ្វាយ 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies