ពួកចៅហ្វាយ 15
15
លោកសាំសុនសងសឹកពួកភីលីស្ទីន
1បន្តិចក្រោយមក នៅពេលចម្រូតស្រូវសាលី សាំសុនក៏យកកូនពពែមួយទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយគិតថា៖ «អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់»។ ប៉ុន្ដែ ឪពុកនាងមិនព្រមឲ្យចូលទៅទេ។ 2ឪពុកនាងពោលថា៖ «ពុកគិតថា ឯងលែងរវីរវល់នឹងនាងទៅហើយ បានជាពុកឲ្យវាទៅបុរសម្នាក់ដែលកំដរឯងនោះវិញ។ តើប្អូនរបស់វាមិនស្រស់ស្អាតជាងវាទេឬ? សូមឯងយកប្អូនជំនួសវាចុះ»។ 3សាំសុននិយាយទៅគេថា៖ «ម្តងនេះ បើខ្ញុំធ្វើបាបពួកភីលីស្ទីន នោះខ្ញុំគ្មានទោសឡើយ»។ 4ដូច្នេះ សាំសុនចេញទៅចាប់ចចកបីរយ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ រួចដាក់ចន្លុះមួយៗនៅកណ្ដាលកន្ទុយទាំងពីរនោះ។ 5ពេលគាត់អុចចន្លុះទាំងនេះស្រេចហើយ គាត់ក៏លែងចចកទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្ដាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចម្ការដើមអូលីវទៀតផង។ 6ដូច្នេះ ពួកភីលីស្ទីនសួរថា៖ «តើអ្នកណាបានធ្វើដូច្នេះ?» គេឆ្លើយថា៖ «គឺសាំសុន កូនប្រសាអ្នកក្រុងធីមណា ព្រោះគេបានលើកប្រពន្ធរបស់គាត់ទៅឲ្យអ្នកកំដររបស់គាត់»។ ពួកភីលីស្ទីនក៏ឡើងទៅដុតនាង និងឪពុកនាងនឹងភ្លើង។ 7សាំសុនពោលទៅគេថា៖ «បើអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំនឹងសងសឹកអ្នករាល់គ្នាវិញ នោះទើបខ្ញុំអស់ចិត្ត»។ 8គាត់ក៏វាយសម្លាប់គេដោយកម្លាំងកាយ ស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាម។
9ពេលនោះ ពួកភីលីស្ទីនគេឡើងទៅបោះទ័ពក្នុងស្រុកយូដា ឡោមព័ទ្ធក្រុងលេហ៊ី។ 10ពួកយូដាសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកទាស់នឹងយើងដូច្នេះ?» គេឆ្លើយថា៖ «យើងមក ដើម្បីចាប់ចងសាំសុន ដើម្បីប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។ 11ដូច្នេះ ពួកយូដាបីពាន់នាក់ក៏ចុះទៅក្រហែងថ្មអេតាម ហើយនិយាយទៅសាំសុនថា៖ «តើឯងមិនដឹងថា ពួកភីលីស្ទីនត្រួតត្រាលើយើងទេឬ? ហេតុអ្វីបានជាឯងបានធ្វើបាបយើងដូច្នេះ?» គាត់ឆ្លើយតបថា៖ «គេប្រព្រឹត្តចំពោះខ្ញុំយ៉ាងណា ខ្ញុំក៏ប្រព្រឹត្តចំពោះគេដូច្នោះដែរ»។ 12គេប្រាប់គាត់ថា៖ «យើងចុះមកនេះដើម្បីចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់ពួកភីលីស្ទីន»។ សាំសុនពោលទៅគេថា៖ «ចូរស្បថនឹងខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយខ្លួនឯងទេ»។ 13គេឆ្លើយទៅគាត់ថា៖ «ទេ! យើងគ្រាន់តែចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់គេប៉ុណ្ណោះ យើងប្រាកដជាមិនសម្លាប់ឯងទេ»។ ដូច្នេះ គេក៏យកខ្សែថ្មីពីរមកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។
14កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។ 15ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។ 16សាំសុនពោលឡើងថា៖ «ដោយសារថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចគេដាក់គរលើគ្នា ដោយសារថ្គាមរបស់សត្វលា ខ្ញុំសម្លាប់មនុស្សអស់មួយពាន់នាក់»។ 17កាលពោលពាក្យនោះចប់ភ្លាម គាត់ក៏បោះឆ្អឹងថ្គាមនោះចេញពីដៃ ហើយគេហៅកន្លែងនោះថា «រ៉ាម៉ាត-លេហ៊ី» ។
18ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?» 19ព្រះក៏ធ្វើឲ្យមានដីខូងនៅលេហ៊ីនោះ ហើយមានទឹកហូរចេញមក។ កាលគាត់ផឹកទឹកហើយ គាត់ក៏មានវិញ្ញាណឡើងវិញ ហើយក៏មានកម្លាំងឡើងដែរ។ ហេតុនេះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ហើយប្រភពទឹកនៅលេហ៊ី ស្ថិតនៅរហូតដល់សព្វថ្ងៃ។ 20សាំសុនធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល ក្នុងគ្រាពួកភីលីស្ទីនអស់រយៈពេលម្ភៃឆ្នាំ។
ទើបបានជ្រើសរើសហើយ៖
ពួកចៅហ្វាយ 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies