ពួក​ចៅ‌ហ្វាយ 14

14
អាពាហ៍‌ពិពាហ៍​របស់​លោក​សាំសុន
1សាំសុន​ចុះ​ទៅ​ក្រុង​ធីម‌ណា ហើយ​នៅ​ក្រុង​ធីមណា គាត់​ឃើញ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ស្រី​ក្រមុំ​សាសន៍​ភីលី‌ស្ទីន 2រួច​គាត់​ត្រឡប់​មក​ប្រាប់​ឪពុក​ម្តាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីម‌ណា ក្នុង​ចំណោម​ស្រីក្រមុំ​សាសន៍​ភីលី‌ស្ទីន ដូច្នេះ សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ»។ 3ប៉ុន្ដែ ឪពុក​ម្តាយ​តប​ទៅ​គាត់​ថា៖ «ក្នុង​ចំណោម​ស្រី​ក្រមុំ​ជា​សាច់‌ញាតិ​របស់​កូន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ទាំង​ប៉ុន្មាន តើ​គ្មាន​ស្រី​ក្រមុំ​ណា​ម្នាក់​ទេ​ឬ បាន​ជា​កូន​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលី‌ស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​ទៅ​វិញ?» សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា៖ «សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ដ្បិត​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។ 4ឪពុក​ម្តាយ​របស់​គាត់​មិន​បាន​ដឹង​ថា ការ​នោះ​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ព្រះ‌អង្គ​រក​ឱកាស​ទាស់​នឹង​ពួក​ភីលី‌ស្ទីន។ នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។
5ពេល​នោះ សាំសុន​ក៏​ចុះ​ទៅ​ក្រុង​ធីម‌ណា​ជា​មួយ​ឪពុក​ម្តាយ។ លុះ​បាន​មក​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​ធីម‌ណា នោះ​មើល៍ មាន​សិង្ហ​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​គាត់។ 6រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​ទោះ​ជា​គាត់​គ្មាន​អ្វី​កាន់​នឹង​ដៃ​ក៏​ដោយ តែ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​គេ​ហែក​កូន​ពពែ។ ប៉ុន្ដែ គាត់​មិន​បាន​ប្រាប់​ហេតុការណ៍​នោះ​ដល់​ឪពុក​ម្តាយ​ទេ។ 7បន្ទាប់​មក សាំសុន​ក៏​ចុះ​ទៅ​និយាយ​នឹង​ស្ត្រី​នោះ ហើយ​នាង​ក៏​ពេញ​ចិត្ត​ដល់​គាត់​ណាស់។ 8ក្រោយ​បន្តិច​មក គាត់​ក៏​ត្រឡប់​មក ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ គាត់​ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ហើយ​ឃើញ​មាន​សម្បុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ។ 9គាត់​ក៏​ច្បាម​យក​សម្បុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិ‌ភោគ​តាម​ផ្លូវ​បណ្តើរ។ ពេល​គាត់​មក​ជួប​ឪពុក​ម្តាយ គាត់​ក៏​ជូនឃ្មុំ​នោះដល់​ពួក​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ថា​គាត់​បាន​យក​សម្បុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។
10ឪពុក​របស់​សាំ​សុន​បាន​ចុះ​ទៅ​ផ្ទះ​ស្ត្រី​នោះ ឯ​សាំសុន​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​នៅ​ទី​នោះ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។ 11ពេល​ប្រជាជន​ភីលីស្ទីន​ឃើញ​គាត់ គេ​ក៏​តម្រូវ​យុវជន​សាម​សិប​នាក់​ឲ្យ​មក​កំដរ​គាត់។ 12សាំសុន​និយាយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ដល់​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ខ្ញុំ​បាន ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ គឺ​រក​ប្រស្នា​នោះ​ឃើញ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​វែង​សាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​អ្នក​រាល់​គ្នា 13តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ប្រស្នា​នេះ​មិន​រួច នោះ​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​អាវ​វែងសាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​ខ្ញុំ​វិញ»។ គេ​និយាយ​ទៅគាត់​ថា៖ «សូម​ប្រាប់​ប្រស្នា​របស់​អ្នក​មក ដើម្បី​ឲ្យ​ពួក​យើង​បាន​ឮ»។ 14គាត់​ក៏​ពោល​ទៅ​គេ​ថា «ចេញ​ពី​អា​ហែក​ស៊ី មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម ចេញ​ពី​អា​ខ្លាំង​ពូកែ»។ គេ​ខំ​ដោះ​ប្រស្នា​នោះ​អស់​រយៈ​បី​ថ្ងៃ តែ​មិន​អាច​ដោះ​បាន​ឡើយ។
15លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ គេ​ទៅ​គំរាម​ប្រពន្ធ​សាំសុន​ថា៖ «ចូរ​ទៅ​លួង​លោម​ប្តី​របស់​នាង ឲ្យ​ស្រាយ​ប្រស្នា​ប្រាប់​យើង​ទៅ ប្រយ័ត្ន​ក្រែង​យើង​ដុត​នាង និង​ក្រុម​គ្រួសាររបស់​ឪពុក​នាង​នឹង​ភ្លើង។ តើ​បាន​ហៅ​យើង​មក​នេះ ដើម្បី​ប្លន់​យើង​ឬ?» 16ដូច្នេះ ប្រពន្ធ​សាំសុន​ក៏​យំ​នៅ​មុខ​ប្តី ហើយ​ពោល​ថា៖ «បង​ស្អប់​ខ្ញុំ​ហើយ បង​មិន​ស្រឡាញ់​ខ្ញុំ​ទេ បង​បាន​ចោទ​ប្រស្នា​ដល់​ប្រជាជន​ខ្ញុំ តែ​បង​មិន​បាន​ប្រាប់​ប្រស្នា​នោះ​ឲ្យ​ខ្ញុំ​ដឹង​សោះ»។ គាត់​តប​ទៅ​នាង​ថា៖ «មើល៍ សូម្បី​តែ​ឪពុក​ម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រាប់​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?» 17នាង​យំ​នៅ​មុខ​គាត់ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នោះ លុះ​នៅ​ថ្ងៃ​ប្រាំពីរ ដោយ​ព្រោះ​នាង​រំអុក​គាត់​ខ្លាំង​ពេក គាត់​ក៏​ប្រាប់​នាង រួច​នាង​ក៏​ប្រាប់​ប្រស្នា​នោះ​ដល់​ប្រជាជន​របស់​នាង។ 18នៅ​ថ្ងៃ​ទី​ប្រាំពីរ មុន​ថ្ងៃ​លិច អ្នក​ក្រុង​ក៏​ឆ្លើយ​តប​មក​គាត់​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ គាត់​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​របស់​ខ្ញុំ​ទេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​រក​ប្រស្នា​របស់​ខ្ញុំ​មិន​ឃើញ​ឡើយ»។ 19ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ាក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម​សិប​នាក់ យក​សម្លៀក​បំពាក់​របស់​គេ រួច​ចែក​សម្លៀក​បំពាក់ទាំង​នោះ​ដល់​អស់​អ្នក​ដែល​បាន​ស្រាយ​ប្រស្នា។ សាំសុន​ខឹង​យ៉ាង​ខ្លាំង ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។ 20គេ​ក៏​លើក​ប្រពន្ធ​របស់​គាត់ ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​គាត់។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល