ពួក​ចៅ‌ហ្វាយ 15

15
លោក​សាំ​សុន​សង​សឹក​ពួក​ភីលីស្ទីន
1បន្តិច​ក្រោយ​មក នៅ​ពេល​ចម្រូត​ស្រូវ​សាលី សាំសុន​ក៏​យក​កូន​ពពែ​មួយ​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​គិត​ថា៖ «អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់»។ ប៉ុន្ដែ ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ។ 2ឪពុក​នាង​ពោល​ថា៖ «ពុក​គិត​ថា ឯង​លែង​រវី​រវល់​នឹង​នាង​ទៅ​ហើយ បាន​ជា​ពុក​ឲ្យ​វា​ទៅ​បុរស​ម្នាក់​ដែល​កំដរ​ឯង​នោះ​វិញ។ តើ​ប្អូន​របស់​វា​មិន​ស្រស់​ស្អាត​ជាង​វា​ទេ​ឬ? សូម​ឯង​យក​ប្អូន​ជំនួស​វា​ចុះ»។ 3សាំសុន​និយាយ​ទៅ​គេ​ថា៖ «ម្តង​នេះ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​ភីលី‌ស្ទីន នោះ​ខ្ញុំ​គ្មាន​ទោស​ឡើយ»។ 4ដូច្នេះ សាំ​សុន​ចេញ​ទៅ​ចាប់​ចចក​បីរយ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ រួច​ដាក់​ចន្លុះ​មួយៗ​នៅ​កណ្ដាល​កន្ទុយ​ទាំង​ពីរ​នោះ។ 5ពេល​គាត់​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ គាត់​ក៏​លែង​ចចក​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលី‌ស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្ដាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។ 6ដូច្នេះ ពួក​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «គឺ​សាំសុន កូន​ប្រសា​អ្នក​ក្រុង​ធីម‌ណា ព្រោះ​គេ​បាន​លើក​ប្រពន្ធ​របស់​គាត់​ទៅ​ឲ្យ​អ្នក​កំដរ​របស់​គាត់»។ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​ដុត​នាង និង​ឪពុក​នាងនឹង​ភ្លើង។ 7សាំសុន​ពោល​ទៅ​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ខ្ញុំ​នឹង​សង​សឹក​អ្នក​រាល់​គ្នា​វិញ នោះ​ទើបខ្ញុំ​អស់​ចិត្ត»។ 8គាត់​ក៏​វាយ​សម្លាប់​គេ​ដោយ​កម្លាំង​កាយ ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស​ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្ម‌ដា ឈ្មោះ​អេតាម។
9ពេល​នោះ ពួក​ភីលី‌ស្ទីន​គេ​ឡើង​ទៅ​បោះ‌ទ័ព​ក្នុង​ស្រុក​យូដា ឡោម​ព័ទ្ធ​ក្រុង​លេហ៊ី។ 10ពួក​យូដា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «យើង​មក ដើម្បី​ចាប់​ចង​សាំសុន ដើម្បី​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។ 11ដូច្នេះ ពួក​យូដា​បី​ពាន់​នាក់ក៏​ចុះ​ទៅ​ក្រហែង​ថ្ម​អេតាម ហើយ​និយាយ​ទៅ​សាំសុន​ថា៖ «តើ​ឯង​មិន​ដឹង​ថា ពួក​ភីលី‌ស្ទីន​ត្រួត​ត្រា​លើ​យើង​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ឯង​បាន​ធ្វើ​បាប​យើង​ដូច្នេះ?» គាត់​ឆ្លើយ​តប​ថា៖ «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​ក៏​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នោះ​ដែរ»។ 12គេ​ប្រាប់​គាត់​ថា៖ «យើង​ចុះ​មក​នេះ​ដើម្បី​ចង​ឯង ហើយ​ប្រគល់​ឯង​ទៅក្នុង​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ សាំសុន​ពោល​ទៅ​គេ​ថា៖ «ចូរ​ស្បថ​នឹង​ខ្ញុំមក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយខ្លួន​ឯង​ទេ»។ 13គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «ទេ! យើង​គ្រាន់​តែ​ចង​ឯង ហើយ​ប្រគល់​ឯង​ទៅ​ក្នុង​ដៃ​របស់​គេ​ប៉ុណ្ណោះ យើង​ប្រាកដ​ជា​មិន​សម្លាប់​ឯង​ទេ»។ ដូច្នេះ គេ​ក៏​យក​ខ្សែ​ថ្មី​ពីរ​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្ម‌ដា​នោះ​ទៅ។
14កាល​គាត់​មក​ដល់​ក្រុង​លេហ៊ី ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​រក​គាត់ ទាំង​នាំ​គ្នា​ស្រែក​ហ៊ោរ។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏យាង​មក​សណ្ឋិត​លើ​គាត់​យ៉ាង​ខ្លាំង ហើយ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់ ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង រួច​របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់។ 15ពេល​នោះ គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​មួយ​របស់​សត្វ​លា គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក ហើយ​វាយ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់។ 16សាំសុន​ពោល​ឡើង​ថា៖ «ដោយ‌សារ​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​ប្រមូល​ខ្មោច​គេ​ដាក់​គរ​លើ​គ្នា ដោយ​សារ​ថ្គាម​របស់​សត្វ​លា ខ្ញុំ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។ 17កាល​ពោល​ពាក្យ​នោះ​ចប់​ភ្លាម គាត់​ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ចេញ​ពី​ដៃ ហើយ​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត-លេហ៊ី» ។
18ពេល​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គាត់​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ​នេះ ដោយ​សារ​ដៃ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​ឬ?» 19ព្រះ​ក៏​ធ្វើ​ឲ្យ​មាន​ដី​ខូង​នៅ​លេហ៊ី​នោះ ហើយ​មាន​ទឹក​ហូរ​ចេញ​មក។ កាល​គាត់​ផឹក​ទឹក​ហើយ គាត់​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ហើយ​ក៏​មាន​កម្លាំង​ឡើង​ដែរ។ ហេតុ​នេះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ហើយ​ប្រភព​ទឹក​នៅ​លេហ៊ី ស្ថិត​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។ 20សាំសុន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​គ្រា​ពួក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល