អេសាយ 66
66
ការថ្វាយបង្គំព្រះតាមរបៀបដ៏ត្រឹមត្រូវ
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីជាកំណល់កល់ជើងយើង
តើអ្នករាល់គ្នានឹងសង់វិហារបែបណាឲ្យយើង?
តើមានកន្លែងណាជាទីសម្រាកសម្រាប់យើង?
2ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក
គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ
គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ
ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
3អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស
អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា
នោះដូចជាបានបំបាក់កឆ្កែ
អ្នកណាដែលថ្វាយតង្វាយម្សៅ
នោះដូចជាបានថ្វាយឈាមជ្រូក
អ្នកណាដែលដុតកំញានថ្វាយ
នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ
អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ
ព្រលឹងរបស់គេក៏រីករាយចំពោះ
ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
4ឯយើងក៏រើសសេចក្ដីទំនាស់ចិត្តឲ្យគេ
ហើយនឹងនាំសេចក្ដីដែលគេស្ញែងខ្លាចមកលើគេវិញ
ដ្បិតកាលយើងបានហៅ គ្មានអ្នកណាតបឆ្លើយសោះ
កាលយើងបាននិយាយ គេមិនបានស្តាប់ឡើយ
គឺគេបានធ្វើអំពើដែលអាក្រក់នៅភ្នែកយើង
ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។
ព្រះសោកសៅនឹងក្រុងស៊ីយ៉ូន
5អ្នករាល់គ្នាដែលញាប់ញ័រ
ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ
ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ
ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក
ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ
ដោយព្រោះឈ្មោះយើង
គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា
ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង
ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
6មានឮសំឡេងអឺងកងពីទីក្រុងមក
ជាសំឡេងដែលចេញពីព្រះវិហារ
គឺជាសូរសៀងនៃព្រះយេហូវ៉ាដែលព្រះអង្គ
សងតបដល់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ។
7មុនដែលឈឺពោះ នោះបានសម្រាលកូនមក
មុនដែលកើតឈឺចាប់
នោះបានបង្កើតកូនប្រុសមួយហើយ។
8តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ?
តើអ្នកណាដែលបានឃើញ?
តើនឹងឲ្យស្រុកមួយកើតឡើងក្នុងថ្ងៃតែមួយបានឬ?
តើនគរមួយនឹងលេចចេញមកភ្លាមមួយរំពេចឬ?
ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់
នោះក៏បានសម្រាលកូនទាំងប៉ុន្មានមកភ្លាម។
9ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា
តើយើងនឹងនាំទៅដល់កំណត់ដែលត្រូវសម្រាល
ឥតធ្វើឲ្យកើតមកផងឬ?
ព្រះរបស់អ្នកក៏មានព្រះបន្ទូលសួរថា
យើងដែលធ្វើឲ្យកើតមក តើយើងនឹងបង្ខាំងផ្ទៃឬ?
10ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ
ចូររីករាយជាមួយគ្នា
ហើយមានអំណរដោយព្រោះក្រុងនេះចុះ
អស់អ្នកដែលយំទួញនឹងទីក្រុងអើយ
ចូររីករាយជាមួយក្រុងនេះ
11ដើម្បីឲ្យអ្នករាល់គ្នាបានបៅដោះ
ជាសេចក្ដីកម្សាន្តចិត្តរបស់វាឲ្យឆ្អែត
ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា
ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង។
12ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូចេ្នះថា
យើងនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ
ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍
ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង
នោះអ្នករាល់គ្នានឹងជព្ជាក់បៅ វានឹងពរអ្នក
ហើយថ្នមអ្នកនៅលើភ្លៅ។
13យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន
នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត
ចំពោះក្រុងយេរូសាឡិម។
រាជ្យរបស់ព្រះ និងការឈឺចិត្ត
14អ្នករាល់គ្នានឹងឃើញ ហើយមានអំណររីករាយក្នុងចិត្ត
ឯអ្នករាល់គ្នានឹងបានស្រស់ដូចស្មៅខ្ចី
ហើយព្រះហស្តរបស់ព្រះយេហូវ៉ានឹងសម្ដែងចេញ
ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ
ហើយសេចក្ដីក្រោធរបស់ព្រះអង្គ
នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវ។
15ដ្បិតព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង
ហើយព្រះរាជរថរបស់ព្រះអង្គដូចជាខ្យល់កួច
ដើម្បីសម្រេចតាមសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ
និងតាមពាក្យស្តីបន្ទោសរបស់ព្រះអង្គ
ដោយសារអណ្ដាតភ្លើង។
16ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌
ដល់មនុស្សទាំងអស់ ដោយសារភ្លើង
និងដោយសារដាវរបស់ព្រះអង្គ
ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត
នោះមានគ្នាច្រើនណាស់។
17ឯពួកអ្នកដែលញែកខ្លួន ជម្រះខ្លួនសម្រាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ គោរពដល់រូបព្រះមួយនៅកណ្ដាលនោះ ព្រមទាំងស៊ីសាច់ជ្រូក និងកណ្តុរជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។
18យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។ 19យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។ 20គេនឹងដាក់ពួកបងប្អូនអ្នករាល់គ្នាទាំងប៉ុន្មាន ជិះលើសេះ រទេះ អង្រឹងស្នែង លាកាត់ និងលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់យើង ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកតង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាតមកព្រះវិហារនៃព្រះយេហូវ៉ាដែរ។ នោះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 21ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនឹងយកពួកអ្នកនោះខ្លះ តាំងឡើងជាសង្ឃ ហើយជាពួកលេវី។
22ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី
ដែលយើងនឹងបង្កើតឡើងនោះ
នឹងស្ថិតស្ថេរនៅចំពោះយើងជាយ៉ាងណា
ព្រះយេហូវ៉ាមានព្រះបន្ទូលថា
ពូជពង្សរបស់អ្នក និងឈ្មោះអ្នករាល់គ្នា
ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ។
23គ្រានោះ នឹងកើតមានដូច្នេះ ពីខែមួយ
ចូលខែមួយទៀត
ហើយពីថ្ងៃសប្ប័ទមួយ ដល់ថ្ងៃសប្ប័ទមួយទៀត
គ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះយើង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
24គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
ទើបបានជ្រើសរើសហើយ៖
អេសាយ 66: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies