អេសាយ 53:4-12

អេសាយ 53:4-12 គកស១៦

ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។ ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។ ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ។ ព្រះ‌អង្គ​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ និង​ពី​សេចក្ដី​យុត្តិ‌ធម៌ តើ​មាន​អ្នក​ណា​រំពឹង​គិត​ពង្សាវតារ​របស់​ព្រះ‌អង្គ? ព្រះ‌អង្គ​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់ ហើយ​ត្រូវ​គេ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន​ជាតិ​ខ្ញុំ។ គេ​ធ្វើ​កន្លែង​បញ្ចុះ​សាក​សព​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​មនុស្ស​អាក្រក់ ហើយ​ផ្នូរ​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​អ្នក​មាន ទោះ​បី​ព្រះ‌អង្គ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ណា ឬ​បោក​បញ្ឆោត​អ្នក​ណា​នៅ​ក្នុង​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​ក៏​ដោយ។ ទោះ​បើ​យ៉ាង​នោះ ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​វាយ​ព្រះ‌អង្គ​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់ កាល​ណាព្រះ‌យេហូវ៉ា​បាន​ថ្វាយ​ព្រះជន្ម​ព្រះ‌អង្គ ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​រួច​ហើយ ព្រះ‌អង្គ​នឹង​ឃើញ​ពូជ‌ពង្ស​របស់​ព្រះ‌អង្គ ហើយ​នឹង​ធ្វើឲ្យ​ព្រះ‌ជន្ម​ព្រះ‌អង្គ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា នឹង​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌អង្គ។ ក្រោយ​ពី​ការ​រងទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ព្រះ‌អង្គ​នឹង​ឃើញ​ពន្លឺ ព្រះ‌អង្គ​នឹង​បាន​ស្កប់‌ស្កល់ តាម​រយៈព្រះតម្រិះ​របស់ព្រះ‌អង្គ។ អ្នក​សុចរិត គឺ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុច្ចរិត ហើយ​ព្រះ‌អង្គ​នឹង​ទទួល​រង​អំពើ​ទុច្ចរិត​របស់​គេ។ ហេតុ​នោះ យើង​នឹង​ឲ្យ​ព្រះ‌អង្គ​មាន​ចំណែក​ជា‌មួយ​ពួក​អ្នក​ធំ ហើយ​ព្រះ‌អង្គ​នឹង​ចែក​របឹប​ជា‌មួយ​ពួក​អ្នក​ខ្លាំង​ពូកែ ព្រោះ​ព្រះ‌អង្គ​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែ ព្រះ‌អង្គ​បាន​ទទួល​រង​ទោស នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។

អាន អេសាយ 53