អេសាយ 53:4-12
អេសាយ 53:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។ ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។ ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។ ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។ គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។ ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។ ក្រោយពីការរងទុក្ខលំបាកយ៉ាងខ្លាំងមក ព្រះអង្គនឹងឃើញពន្លឺ ព្រះអង្គនឹងបានស្កប់ស្កល់ តាមរយៈព្រះតម្រិះរបស់ព្រះអង្គ។ អ្នកសុចរិត គឺជាអ្នកបម្រើរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនបានសុច្ចរិត ហើយព្រះអង្គនឹងទទួលរងអំពើទុច្ចរិតរបស់គេ។ ហេតុនោះ យើងនឹងឲ្យព្រះអង្គមានចំណែកជាមួយពួកអ្នកធំ ហើយព្រះអង្គនឹងចែករបឹបជាមួយពួកអ្នកខ្លាំងពូកែ ព្រោះព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ព្រះអង្គទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែ ព្រះអង្គបានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។
អេសាយ 53:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើលោក។ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់ នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។ “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
អេសាយ 53:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។ ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្ដីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់ ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ ហេតុនោះអញនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។