វេទនាហើយ ពួកអ្នកដែលយកផ្ទះគេ មកភ្ជាប់ធ្វើជាផ្ទះរបស់ខ្លួន ហើយប្រមូលស្រែចម្ការតៗគ្នា ឥតមានចន្លោះណាសោះ នោះបណ្ដាលឲ្យអ្នករាល់គ្នា រស់នៅតែឯងក្នុងស្រុកនោះ។ ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា៖ ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អ ឥតមានអ្នកណានៅឡើយ។ ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។ វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។ ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។ ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។ ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរីកធំឡើង ព្រមទាំងហាមាត់យ៉ាងធំហួសប្រមាណ ឯពួកអភិជន និងបណ្ដាជនច្រើនកុះករ ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយ ក្នុងក្រុងយេរូសាឡិម នឹងចុះទៅស្ថាននោះ។ មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់។ តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។ នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។ វេទនាដល់ពួកអ្នកដែលអូសទាញអំពើទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ ជាពួកអ្នកដែលថា ចូរឲ្យព្រះអង្គប្រញាប់ឡើង ឲ្យព្រះអង្គបង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។ វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ វេទនាដល់ពួកអ្នកដែលរាប់ខ្លួន ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់ នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិត របស់មនុស្សសុចរិតចេញ។ ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។ ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។ ព្រះអង្គនឹងលើកទង់ជ័យសម្រាប់ពួកសាសន៍ ដែលនៅទីឆ្ងាយ ហើយហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់។ ឥតមានអ្នកណាមួយអស់កម្លាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ។ ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច។ សូរសន្ធឹករបស់ពួកនោះ នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃ នឹងងងឹតសូន្យទៅដែរ។
អាន អេសាយ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 5:8-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ