អេសាយ 5:8-30

អេសាយ 5:8-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។ ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តា នឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះ‌អម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ព្រះអង្គ​កំពុង​សម្រេច​ការ​អ្វី​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់‌លៀង​សប្បាយ មច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំ លេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជា‌ជន​តូច‌តាច នៅ​ក្រុង​យេរូ‌សាឡឹម។ មនុស្ស​លោក​នឹង​ត្រូវ​អាប់​ឱន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សម្តែង ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រះ​ដ៏វិសុទ្ធ​នឹង​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។ ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែក ដូច​នៅ​តាម​វាល​ស្មៅ ហើយ​ពពែ​ដែល​គេ​បំប៉ន ក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។ អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាប ដូច​គោ​ខំ​ប្រឹង​ទាញ​រទេះ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​គេ​នឹង​ទទួល​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ពួក​គេ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​បំពេញ កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​ឆាប់ៗ​ទៅ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង! សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្រេច​ឆាប់ៗ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។ អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អ ហៅ​អំពើ​ល្អ​ថា​អាក្រក់ ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺ ចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹត ហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ជា​ការ​សប្បាយ ចាត់​ទុក​ការ​សប្បាយ​ថា​ជា​ការ​ជូរ​ចត់ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោស និង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។ ហេតុ​នេះ ពួក​គេ​នឹង​រលួយ​ទាំង​ឫស ផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី ដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវ ឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ប្រហារ​ពួក​គេ ពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះ‌ពិរោធ​របស់ ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ​ដដែល។ ព្រះអង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ព្រះអង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយ ឬ​ដេក​លង់‌លក់​ដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។ ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច ធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។ សម្រែក​របស់​គេ​ប្រៀប​បាន​នឹង​សម្រែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។ ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។

ចែក​រំលែក
អាន អេសាយ 5

អេសាយ 5:8-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ហើយ ពួក​អ្នក​ដែល​យក​ផ្ទះ​គេ មក​ភ្ជាប់​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន ហើយ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​សោះ នោះ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា រស់​នៅ​តែ​ឯង​ក្នុង​ស្រុក​នោះ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា៖ ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។ ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។ វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ។ ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារ‌ណា​ពី​ការ​ដែល​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ធ្វើ​ដែរ។ ហេតុ​នោះ​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់​ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្ដា‌ជន​ណែន‌ណាន់ ក៏​ខះ​ក​ដោយ​ស្រេក​ទឹក។ ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ​ហួស​ប្រមាណ ឯ​ពួក​អភិជន និង​បណ្ដា​ជន​ច្រើន​កុះ​ករ ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ ក្នុង​ក្រុង​យេរូសាឡិម នឹង​ចុះ​ទៅ​ស្ថាន​នោះ។ មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់។ តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធបាន​រាប់​ជា​បរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។ នៅ​គ្រា​នោះ កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ‌សម្បត្តិ បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។ វេទនា​ដល់​ពួក​អ្នក​ដែល​អូស​ទាញ​អំពើ​ទុច្ចរិត ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ព្រះ‌អង្គ​ប្រញាប់​ឡើង ឲ្យ​ព្រះ‌អង្គ​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។ វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន​ប្រសប់ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត របស់​មនុស្ស​សុចរិត​ចេញ។ ហេតុ​ដូច្នោះ បែប​ដូច​ជា​អណ្ដាត​ភ្លើង ឆេះ​បន្សុស​ជញ្ជ្រាំង ហើយ​ស្មៅ​ក្រៀម​ស្រុត​ចុះ​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​ឫស​របស់​ពួក​អ្នក​ទាំង​នោះ នឹង​បាន​ដូច​ជា​អ្វីៗ​ដែល​ពុក​រលួយ ហើយ​ផ្កា​របស់​គេ​នឹង​ហុយ​ឡើង ដូច​ជា​ធូលី​យ៉ាង​នោះ​ដែរ ដ្បិត​គេ​បាន​លះ​ចោល​បញ្ញត្តិ​ច្បាប់ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​មើល‌ងាយ​ចំពោះ​ព្រះ‌បន្ទូល របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៀត។ ហេតុ​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆេះ​ឡើង​ទាស់​នឹង​ប្រជា‌រាស្ត្រ​នៃ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម នៅ​កណ្ដាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ចេះ​តែ​លូក​មក​ទៀត។ ព្រះ‌អង្គ​នឹង​លើក​ទង់‌ជ័យ​សម្រាប់​ពួក​សាសន៍ ដែល​នៅ​ទី​ឆ្ងាយ ហើយ​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់។ ឥត​មាន​អ្នក​ណា​មួយ​អស់​កម្លាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ។ ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់ ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច ឯ​ក្រចក​សេះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច។ សូរ​សន្ធឹក​របស់​ពួក​នោះ នឹង​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ។ នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត និង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ នឹងងងឹត​សូន្យ​ទៅ​ដែរ។

ចែក​រំលែក
អាន អេសាយ 5

អេសាយ 5:8-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចំការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ​ផង ឥត​មាន​អ្នក​ណា​នៅ​ឡើយ ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។ វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។ ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​អញ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់‌ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្តាជន​ណែន‌ណាន់ក៏​ខះ​ក​ដោយ​ស្រេក​ទឹក ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក នឹង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់ តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ដំកើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ នៅ​គ្រា​នោះ​កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ​សម្បត្តិ​បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។ វេទនា​ដល់​ពួក​អ្នក ដែល​អូស‌ទាញ​សេចក្ដី​ទុច្ចរិត ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។ វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថាជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន​ថា ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន‌ប្រសប់​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​ចេញ។ ហេតុ​ដូច្នោះ បែប​ដូច​ជា​អណ្តាត​ភ្លើង​ឆេះ​បន្សុស​ជញ្ជ្រាំង ហើយ​ស្មៅ​ក្រៀម​ស្រុត​ចុះ​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​ឫស​របស់​ពួក​អ្នក​ទាំង​នោះ​នឹង​បាន​ដូច​ជា​អ្វី​ដែល​ពុក‌រលួយ ហើយ​ផ្កា​របស់​គេ​នឹង​ហុយ​ឡើង ដូច​ជា​ធូលី​យ៉ាង​នោះ​ដែរ ដ្បិត​គេ​បាន​លះ​ចោល​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​មើល‌ងាយ​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ផង ហេតុ​នោះសេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ឡើង​ទាស់​នឹង​រាស្ត្រ​នៃ​ទ្រង់ ហើយ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម​នៅ​កណ្តាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​ទ្រង់​ចេះ​តែ​លូក​មក​ទៀត។ ទ្រង់​នឹង​លើក​ទង់‌ជ័យ​សំរាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​នឹង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់ ឥត​មាន​អ្នក​ណា​មួយ​អស់​កំឡាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់ ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច ឯ​ក្រចក​សេះ នោះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច សូរ​សន្ធឹក​របស់​ពួក​នោះ​នឹង​បាន​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ អើ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត នឹង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ​នឹង​ងងឹត​សូន្យ​ទៅ​ដែរ។

ចែក​រំលែក
អាន អេសាយ 5