អេសាយ 2
2
ព្រះដំណាក់របស់ព្រះនៅពេលអនាគត
1នេះជាសេចក្ដីដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម។
2ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា
នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ
ហើយបានតម្កើងឡើង
ប្រសើរជាងអស់ទាំងភ្នំតូចៗ
អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។
3ឯប្រជាជាតិជាច្រើន នឹងឡើងទៅ
ដោយពោលថា៖
ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា
ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប
ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ
នោះយើងនឹងដើរតាមផ្លូវទាំងនោះ។
ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ
ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ចេញពីក្រុងយេរូសាឡិមដែរ។
4ព្រះអង្គនឹងវិនិច្ឆ័យរវាងអស់ទាំងនគរ
ហើយនឹងសម្រេចរឿងដល់សាសន៍ជាច្រើន
នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល
ហើយលំពែងគេធ្វើជាដង្កាវវិញ
នគរមួយនឹងមិនលើកដាវទាស់
នឹងនគរមួយទៀតឡើយ
ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ
5ឱពួកវង្សយ៉ាកុបអើយ ចូរមក
យើងដើរក្នុងពន្លឺរបស់ព្រះយេហូវ៉ា។
6ហេតុនេះបានជាព្រះអង្គបោះបង់ចោល
ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ
គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត
បានចូលមកពេញទីហើយ
គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន
ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
7ស្រុកបានបរិបូរដោយមាស និងប្រាក់
ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ
ក៏មានសេះពេញស្រុក
ហើយរទេះចម្បាំងក៏រាប់មិនអស់ដែរ។
8ស្រុកបានពេញដោយរូបព្រះ
គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន
គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
9មនុស្សធម្មតាបានឱនចុះ
ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ
កុំអត់ទោសដល់គេឡើយ។
10ចូរឲ្យចូលទៅក្នុងរូងថ្ម
ហើយពួនខ្លួននៅក្នុងធូលីដីចុះ
ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា
ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ។
11ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ
ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស
នឹងត្រូវបង្ឱនទាបវិញ
នៅគ្រានោះមានតែព្រះយេហូវ៉ា
មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
12ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា
នៃពួកពលបរិវារ
មកលើមនុស្សឫកខ្ពស់
និងមនុស្សមានចិត្តឆ្មើងឆ្មៃ
លើអស់អ្នកដែលត្រូវបានគេលើកតម្កើង
ឲ្យបន្ទាបចុះវិញ
13គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន
ដែលខ្ពស់ ហើយតម្កើងឡើង
និងលើគ្រប់ទាំងដើមម៉ៃសាក់
នៅស្រុកបាសានដែរ។
14មកលើអស់ទាំងភ្នំខ្ពស់
និងភ្នំតូចៗដែលបានតម្កើងឡើង
15មកលើអស់ទាំងប៉មយ៉ាងខ្ពស់
និងកំផែងមានគ្រឿងចម្បាំង
16លើអស់ទាំងនាវាស្រុកតើស៊ីស
និងមកលើអស់ទាំងសំពៅដែលល្អប្រណីត។
17នោះសណ្ឋានខ្ពស់របស់មនុស្ស
នឹងត្រូវបង្ឱនទាប
ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស
ក៏នឹងត្រូវបន្ទាបចុះ
នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា
មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
18អស់ទាំងរូបព្រះនឹងសាបសូន្យបាត់អស់រលីង។
19ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម
ហើយក្នុងរូងដី ដើម្បីឲ្យបានរួច
ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា
និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី
ដោយឫទ្ធិយ៉ាងអស្ចារ្យ។
20នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ
របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់
ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ
ទៅឲ្យកណ្តុរ និងប្រចៀវ។
21ដើម្បីចូលទៅក្នុងរអាងថ្ម
ហើយក្នុងក្រហែងថ្មរខិញរខុញ
ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា
និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី
ដោយឫទ្ធិយ៉ាងអស្ចារ្យ។
22ចូរឈប់ទុកចិត្តដល់មនុស្ស
ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ
ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
ទើបបានជ្រើសរើសហើយ៖
អេសាយ 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies