អេសាយ 17

17
ទំនាយ​ពី​ការ​ដាក់​ទោស​ពួក​ក្រុង​ដាម៉ាស
1នោះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។
មើល៍ គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ
ហើយ​នឹង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ
2មនុស្ស​ទាំង‌ឡាយរត់​ចោល​អស់​ទាំង​ទី​ក្រុង
នៃ​ស្រុក​អារ៉ូ‌អ៊ើរ​ហើយ
ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សម្រាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម
ដែល​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ។
3ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រាអិម​ទៅ
ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស
និង​ពី​សំណល់​សាសន៍​ស៊ីរី​ផង
គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ
របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។
4នៅ​គ្រា​នោះ
សិរី‌ល្អ​នៃ​ពួក​យ៉ាកុប​នឹង​អន់​ថយ​ទៅ
ហើយ​សាច់​ធាត់​ធំ​របស់​គេ
នឹង​ត្រឡប់​ជា​ស្គម​ស្គាំង‌ទៅ​វិញ។
5ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចម្រូត
កំពុង​ត្រកង​ស្រូវ​នៅ​ដៃ
រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ
ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម
6នឹង​មាន​ផល​ខ្លះ​សល់​នៅ​ដែរ
ដូច​ជា​កាល​គេ​អង្រួន​ដើម​អូលីវ
គង់​តែ​មាន​ផ្លែ​ពីរ ឬ​បី​នៅ​លើ​ចុង​មែក​ដែល​ខ្ពស់​បំផុត
ហើយ​បួន​ឬ​ប្រាំ​នៅ​មែក​សំយាយ
នៃ​ដើម​ណា​ដែល​មាន​ផ្លែ​ច្រើន
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។
7នៅ​គ្រា​នោះ មនុស្ស​ទាំង​ពួង​នឹង​បែរ​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន ហើយ​ភ្នែក​របស់​គេ​នឹង​មើល​ចំ​ទៅ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល 8គេ​នឹង​លែង​មើល​ទៅ​រក​អាស‌នា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំបង្គោល​សក្ការៈ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត។
9នៅ​គ្រា​នោះ ទី​ក្រុង​មាំ‌មួន​របស់​គេ នឹង​ត្រឡប់​ដូច​ជា​អស់​ទាំង​ទី​ចោល​ស្ងាត់​នៅ​ក្នុង​ព្រៃ ហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង។
10ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក
ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក
ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក
ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។
11នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំ‌វិញ
ហើយ​ព្រឹក​ឡើង អ្នក​បាន​ធ្វើ​ឲ្យ​ពូជ​អ្នក​បែក​ចេញ​ជា​ប៉ិច
តែ​ឯ​ចម្រូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ
ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។
12វរ​ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន​ជាតិ​ជា​ច្រើន
ដែល​ឮ​សន្ធឹក​ដូច​ជា​សន្ធឹក​សមុទ្រ
និង​សូរ​របស់​សាសន៍​ផ្សេងៗ
ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង។
13សាសន៍​ទាំង​ប៉ុន្មាន​នឹង​លឿន​ទៅ​ដូច​ជា​ទឹក​យ៉ាង​ធំ
តែ​ព្រះ​នឹង​ស្តី​បន្ទោស​គេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយ
ហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់
ផាត់​អង្កាម​ពី​លើ​ភ្នំ
ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ។
14នៅ​ពេល​ល្ងាច​គេ​នឹង​មាន​ចិត្ត​ស្លុត‌ស្លាំង
ហើយ​វេលា​ព្រឹក​មិន​ទាន់​ភ្លឺ​នៅ​ឡើយ
នោះ​គេ​នឹង​បាត់​ទៅ
នេះ​ហើយ​ជា​សំណង​សង​ដល់
ពួក​អ្នក​ដែល​រឹប‌ជាន់​យើង
ហើយ​ជា​ចំណែក​របស់​ពួក​អ្នក​ដែល​ប្លន់​យើង។

ទើបបានជ្រើសរើសហើយ៖

អេសាយ 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល