អេសាយ 18

18
ទំនាយ​ពី​ការ​ដាក់​ទោស​ស្រុក​អេធីយ៉ូពី
1វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប
ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុកអេធីយ៉ូពី
2ដែល​ចាត់​រាជ​ទូត​ទៅ​តាម​ផ្លូវ​សមុទ្រ
គឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ ដោយ​បង្គាប់​ថា
ចូរ​ទៅ​ចុះ ពួក​បម្រើ​យ៉ាង​លឿន​អើយ
ទៅ​ឯ​សាសន៍​មួយ​ដែល​មាន​រូប​ខ្ពស់
ហើយ​សាច់​រលីង
ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច​តាំង​ពី​គេ​កើត​មក
ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់
ហើយ​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ។
3ឱ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​លោកីយ
និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​អើយ
កាល​ណា​ដំឡើង​ទង់​មួយ​ឡើង​នៅ​លើ​ភ្នំ​នោះ​ចូរ​មើល​ចុះ
ហើយ​កាល​ណា​ផ្លុំ​ត្រែ​ឡើង​នោះ​ចូរ​ស្តាប់​ដែរ។
4ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖
«យើង​នឹង​នៅ​តែ​ស្ងៀម
ហើយ​ពិចារ‌ណា​មើល​ពី​ទី​លំនៅ​របស់​យើង
ដូច​ជា​រស្មី​ត្រចះ​ចាំង​មក​នៅ​ពេល​ព្រឹក
ហើយ​ដូច​ជា​ពពក ជា​សន្សើម​នៅ​ពេល​ក្តៅ
កំពុង​រដូវ​ប្រមូល​ផល»។
5ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ
ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ
ព្រះ‌អង្គ​នឹង​យក​កាំបិត​កាត់​ទង
ហើយ​កាត់​ខ្នែង​ចេញ​ដែរ។
6ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា‌មួយ​គ្នា
ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់
ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ
ឯ​សត្វ​ហើរ​ទាំង​នោះ
នឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​មួយ​រដូវ​ក្តៅ
ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ
ដោយ‌សារ​គេ​អស់​មួយ​រដូវ​រងា។
7នៅ​គ្រា​នោះ គេ​នឹង​នាំ​យក​តង្វាយ​មួយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ពី សាសន៍​មួយ​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ គឺ​នឹង​នាំ​តង្វាយ​នោះ​មក​ដល់​ភ្នំ​ស៊ីយ៉ូន ជា​ទី​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល