អេសាយ 17
17
ទំនាយពីការដាក់ទោសពួកក្រុងដាម៉ាស
1នោះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។
មើល៍ គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ
ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ
2មនុស្សទាំងឡាយរត់ចោលអស់ទាំងទីក្រុង
នៃស្រុកអារ៉ូអ៊ើរហើយ
ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីឃ្វាលហ្វូងចៀម
ដែលនឹងដេកទៅឥតមានអ្នកណាបង្អើលវាឡើយ។
3ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ
ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស
និងពីសំណល់សាសន៍ស៊ីរីផង
គេនឹងត្រូវហិនហោច ដូចជាសិរីល្អ
របស់ពួកកូនចៅអ៊ីស្រាអែលដែរ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ជាព្រះនៃពួកពលបរិវារ។
4នៅគ្រានោះ
សិរីល្អនៃពួកយ៉ាកុបនឹងអន់ថយទៅ
ហើយសាច់ធាត់ធំរបស់គេ
នឹងត្រឡប់ជាស្គមស្គាំងទៅវិញ។
5ដំណើរនោះនឹងបានដូចជាកាលអ្នកចម្រូត
កំពុងត្រកងស្រូវនៅដៃ
រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេ
ច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
6នឹងមានផលខ្លះសល់នៅដែរ
ដូចជាកាលគេអង្រួនដើមអូលីវ
គង់តែមានផ្លែពីរ ឬបីនៅលើចុងមែកដែលខ្ពស់បំផុត
ហើយបួនឬប្រាំនៅមែកសំយាយ
នៃដើមណាដែលមានផ្លែច្រើន
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល។
7នៅគ្រានោះ មនុស្សទាំងពួងនឹងបែរទៅរកព្រះដែលបានបង្កើតខ្លួន ហើយភ្នែករបស់គេនឹងមើលចំទៅព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល 8គេនឹងលែងមើលទៅរកអាសនាជាស្នាដៃរបស់ខ្លួនគេ ក៏មិនមើលចំបង្គោលសក្ការៈ ឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀត។
9នៅគ្រានោះ ទីក្រុងមាំមួនរបស់គេ នឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង។
10ពីព្រោះអ្នកបានភ្លេចព្រះដែលជួយសង្គ្រោះអ្នក
ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកម្លាំងអ្នក
ហេតុនោះបានជាអ្នកដាំដំណាំដែលគាប់ចិត្តអ្នក
ព្រមទាំងផ្សាំមែកប្លែកៗផង។
11នៅថ្ងៃដែលអ្នកដាំនោះ ក៏បានធ្វើរបងជុំវិញ
ហើយព្រឹកឡើង អ្នកបានធ្វើឲ្យពូជអ្នកបែកចេញជាប៉ិច
តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅ
ក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
12វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន
ដែលឮសន្ធឹកដូចជាសន្ធឹកសមុទ្រ
និងសូររបស់សាសន៍ផ្សេងៗ
ដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង។
13សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ
តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ
ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់
ផាត់អង្កាមពីលើភ្នំ
ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
14នៅពេលល្ងាចគេនឹងមានចិត្តស្លុតស្លាំង
ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ
នោះគេនឹងបាត់ទៅ
នេះហើយជាសំណងសងដល់
ពួកអ្នកដែលរឹបជាន់យើង
ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies