ហូសេ 2
2
1 ចូរប្រាប់ "អាំមី " ជាបងប្អូនប្រុស របស់អ្នក ហើយប្រាប់ "រូហាម៉ា "ជាបងប្អូនស្រី របស់អ្នក។
អំពើផិតក្បត់របស់អ៊ីស្រាអែល ការដាក់ទោស និងការប្រោសលោះ
2ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ
ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ
យើងក៏មិនមែនជាប្តីរបស់នាងដែរ
ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ
ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ
3ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ
ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក
ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង
ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
4យើងនឹងមិនអាណិតមេត្តាដល់កូនរបស់នាងទេ
ព្រោះគេសុទ្ធតែជាកូននៃអំពើពេស្យាចារ។
5ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា
គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់
ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ
ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ
គេឲ្យរោមចៀម ខ្លូតទេស ប្រេង
និងស្រាមកខ្ញុំទៀតផង"។
6ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា
ហើយសង់កំផែងទាស់នឹងនាង
ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។
7នាងនឹងរត់តាមគូស្នេហ៍របស់នាង
តែតាមគេមិនទាន់ឡើយ
នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ
ពេលនោះ នាងនឹងពោលថា
"ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ
ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។
8នាងមិនបានដឹងថា
គឺយើងនេះហើយដែលបានផ្ដល់ស្រូវ
ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់
និងមាសជាច្រើនដល់នាង
តែនាងបែរជាយករបស់ទាំងនោះ
ទៅថ្វាយព្រះបាលទៅវិញ។
9ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត
យើងនឹងដកស្រាថ្មីរបស់យើងវិញ
នៅរដូវបេះផ្លែទំពាំងបាយជូរ
យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង
ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។
10ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង
នៅមុខគូស្នេហ៍របស់នាង
គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។
11យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ
ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ
និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។
12យើងនឹងបំផ្លាញដើមទំពាំងបាយជូរ
និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា
"ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។
យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ
ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។
13យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ
ដែលនាងបានដុតកំញានថ្វាយព្រះបាល
គឺពេលដែលនាងបានតែងខ្លួន
ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង
ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង
នាំនាងទៅឯទីរហោស្ថាន
ហើយនិយាយលួងលោមចិត្តនាង។
15នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ
របស់នាងឲ្យនាងវិញ
ហើយធ្វើឲ្យជ្រលងភ្នំអាកោរ
ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។
នៅទីនោះ នាងនឹងឆ្លើយតបមកយើង
ដូចគ្រានៅពីក្មេង
គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
16ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។ 17ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។ 18នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។ 19យើងនឹងដណ្តឹងនាងទុកសម្រាប់យើងជាដរាបតរៀងទៅ គឺយើងនឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ 20យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។
21ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ
យើងនឹងឆ្លើយតប គឺយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ
ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី
22ឯផែនដីនឹងឆ្លើយតបដល់ស្រូវ ស្រាថ្មី និងប្រេង
ហើយរបស់ទាំងនោះនឹងឆ្លើយតបដល់យេសរាល ។
23យើងនឹងសាបព្រោះពូជគេនៅលើផែនដីសម្រាប់យើង
យើងនឹងអាណិតមេត្តាដល់ឡូ-រូហាម៉ា
ហើយនឹងនិយាយទៅឡូ-អាំមី ថា
"អ្នកជាប្រជារាស្ត្ររបស់យើង" រួចគេនឹងពោលថា
"ព្រះអង្គជាព្រះនៃទូលបង្គំ"។
ទើបបានជ្រើសរើសហើយ៖
ហូសេ 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies