ហូសេ 1

1
1នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អូសៀស ព្រះ​បាទ​យ៉ូថាម ព្រះ​បាទ​អេហាស និង​ព្រះ​បាទ​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ក្នុង​គ្រា​ដែល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
គ្រួសារ​លោក​ហូសេ
2កាល​ព្រះ‌យេហូវ៉ា​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហូសេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា»។ 3ដូច្នេះ លោក​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​ឌីប្លែម ហើយ​នាង​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក។
4ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "យេស‌រាល " ដ្បិត​នៅ​តែ​បន្តិច​ទៀត យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​យេហ៊ូវ ព្រោះ​តែ​ឈាម​យេស‌រាល ហើយ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ត្រូវ​ចប់។ 5នៅថ្ងៃ​នោះ យើង​នឹង​បំបាក់​ធ្នូ​របស់​អ៊ីស្រា‌អែល នៅ​ជ្រលង​ភ្នំ​យេស‌រាល»។
6នាង​មាន​ទម្ងន់​ម្តង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​មួយ ហើយ​ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "ឡូ-រូហាម៉ា " ដ្បិត​យើង​នឹង​លែង​អាណិត​មេត្តា​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ក៏​មិន​អត់​ទោស​ឲ្យ​គេ​ដែរ។ 7ប៉ុន្ដែ យើង​នឹង​អាណិត​មេត្តា​ដល់​ពូជ‌ពង្ស​យូដា ហើយ​យើង​នឹង​សង្គ្រោះ​គេ មិន​មែន​ដោយ​ធ្នូ ដាវ សង្គ្រាម សេះ ឬ​ពល​សេះ​ឡើយ គឺ​នឹង​សង្គ្រោះ​គេ​ដោយ‌សារ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ»។
8កាល​នាង​បាន​ផ្តាច់​ដោះ​ឡូ-រូហាម៉ា​រួច​ហើយ នាង​ក៏​មាន​ទម្ងន់​ទៀត បង្កើត​បាន​កូន​ប្រុស​មួយ។ 9ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "ឡូ-អាំមី " ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែរ»។
ការ​តាំង​អ៊ីស្រា‌អែល​ឡើង​វិញ
10 ប៉ុន្តែ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មាន​ចំនួន​ដូច​ខ្សាច់​នៅ​សមុទ្រ ដែល​មិន​អាច​វាល់ ឬ​កំណត់​ចំនួន​បាន​ឡើយ ហើយ​ទោះ​បើ​មាន​ពាក្យ​ពោល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ» នោះ​នឹង​បែរ​ទៅ​ជា​មាន​ពាក្យ​ថា៖ «អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។ 11ពេល​នោះ កូន‌ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក​ជួប​ជុំ​គ្នា ហើយ​គេ​នឹង​តាំង​ឲ្យ​មាន​មេ​ដឹក​នាំ​តែ​មួយ​គ្រប់​គ្រង​លើ​គេ គេ​នឹង​ឡើង​ចេញ​ពី​ស្រុក​នោះ ដ្បិត​ថ្ងៃ​របស់​យេស‌រាល នឹង​បាន​ជា​ថ្ងៃ​មួយ​ដ៏​ធំ។

ទើបបានជ្រើសរើសហើយ៖

ហូសេ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល