ហេព្រើរ 5
5
1គ្រប់ទាំងសម្តេចសង្ឃដែលគេជ្រើសរើសក្នុងចំណោមមនុស្ស ត្រូវបានតែងតាំងឲ្យមានទំនាក់ទំនងជាមួយព្រះ តំណាងឲ្យពួកគេក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញយូជាសម្រាប់លោះបាប។ 2លោកមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ និងមនុស្សវង្វេង ព្រោះលោកក៏មានភាពទន់ខ្សោយដែរ 3ហើយដោយហេតុនេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនលោកផ្ទាល់ ក៏ដូចជាសម្រាប់អំពើបាបរបស់ប្រជាជនដែរ។ 4គ្មានអ្នកណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺមានតែពេលដែលព្រះត្រាស់ហៅ ដូចលោកអើរ៉ុនប៉ុណ្ណោះ។
5ដូច្នេះ ព្រះគ្រីស្ទក៏មិនបានតម្កើងព្រះអង្គទ្រង់ឡើងធ្វើជាសម្តេចសង្ឃដែរ គឺព្រះទេតើដែលមានព្រះបន្ទូលទៅព្រះអង្គថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» 6ហើយព្រះអង្គក៏មានព្រះបន្ទូលនៅកន្លែងមួយទៀតថា៖ «អ្នកជាសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។
7កាលព្រះអង្គគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យព្រះអង្គរួចពីស្លាប់ ហើយដោយព្រោះព្រះអង្គកោតខ្លាច ព្រះក៏ស្ដាប់ពាក្យព្រះអង្គ។ 8ទោះបើព្រះអង្គជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្តាប់បង្គាប់ តាមរយៈការដែលព្រះអង្គរងទុក្ខលំបាក។ 9កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ 10ហើយព្រះក៏បានតាំងព្រះអង្គជាសម្តេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។
ពាក្យដាស់តឿនកុំឲ្យឃ្លាតចេញពីជំនឿ
11ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។ 12ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ 13ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។ 14ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies