ហេព្រើរ 12:1-16

ហេព្រើរ 12:1-16 គកស១៦

ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។ ដូច្នេះ ចូរ​ពិចារណាពី​ព្រះ‌អង្គ ដែល​បានស៊ូ​ទ្រាំ‌នឹង​ពួក​មនុស្ស​បាប ដែលប្រព្រឹត្ត​ទទឹង​ទទែង​ចំពោះ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ណាយ ហើយ​រសាយ​ចិត្ត។ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​តយុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​ដំបូន្មាន​ដែល​ព្រះ‌អង្គ​បាន​ទូន្មាន​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា៖ «កូន​អើយ មិន​ត្រូវ​មើល​ងាយ​ការវាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​មិន​ត្រូវធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​ព្រះ‌អង្គ​បន្ទោសកូន​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់​ប្រៀន​ប្រដៅ​អ្នក​ណា​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​ក៏​វាយផ្ចាល​អស់​ទាំង​កូន​ដែល​ព្រះ‌អង្គ​ទទួល» ។ ចូរ​អ្នក​រាល់​គ្នា​ស៊ូទ្រាំ​នឹង​ការ​នេះ ទុកជា​ការ​ប្រៀន​ប្រដៅ​ចុះ ព្រោះ​ព្រះ‌ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ? ប្រសិន‌បើ​អ្នក​រាល់​គ្នាមិន​ទទួល​ការ​វាយ​ប្រដៅ ដែល​គ្រប់​គ្នា​ត្រូវ​ទទួល​ទេ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់​ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ។ មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ? ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។ កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។ ហេតុ​នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង ហើយ​ធ្វើ​ឲ្យ​ជង្គង់​ដែល​ខ្សោយ​មាន​កម្លាំង​ឡើង​ដែរ ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ តែ​ស៊ូ​ឲ្យ​បាន​ជា​វិញ​ប្រសើរ​ជាង។ ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ‌គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។

អាន ហេព្រើរ 12

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេព្រើរ 12:1-16