ហេប្រឺ 12:1-16

ហេប្រឺ 12:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។ ដូច្នេះ ចូរ​ពិចារណាពី​ព្រះ‌អង្គ ដែល​បានស៊ូ​ទ្រាំ‌នឹង​ពួក​មនុស្ស​បាប ដែលប្រព្រឹត្ត​ទទឹង​ទទែង​ចំពោះ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ណាយ ហើយ​រសាយ​ចិត្ត។ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​តយុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​ដំបូន្មាន​ដែល​ព្រះ‌អង្គ​បាន​ទូន្មាន​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា៖ «កូន​អើយ មិន​ត្រូវ​មើល​ងាយ​ការវាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​មិន​ត្រូវធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​ព្រះ‌អង្គ​បន្ទោសកូន​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់​ប្រៀន​ប្រដៅ​អ្នក​ណា​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​ក៏​វាយផ្ចាល​អស់​ទាំង​កូន​ដែល​ព្រះ‌អង្គ​ទទួល» ។ ចូរ​អ្នក​រាល់​គ្នា​ស៊ូទ្រាំ​នឹង​ការ​នេះ ទុកជា​ការ​ប្រៀន​ប្រដៅ​ចុះ ព្រោះ​ព្រះ‌ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ? ប្រសិន‌បើ​អ្នក​រាល់​គ្នាមិន​ទទួល​ការ​វាយ​ប្រដៅ ដែល​គ្រប់​គ្នា​ត្រូវ​ទទួល​ទេ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់​ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ។ មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ? ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។ កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។ ហេតុ​នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង ហើយ​ធ្វើ​ឲ្យ​ជង្គង់​ដែល​ខ្សោយ​មាន​កម្លាំង​ឡើង​ដែរ ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ តែ​ស៊ូ​ឲ្យ​បាន​ជា​វិញ​ប្រសើរ​ជាង។ ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ‌គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះ‌អម្ចាស់​ដាក់​ឲ្យ​យើង​រត់។ ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង ឥត​ខ្លាច​ខ្មាស សោះ​ឡើយ។ ឥឡូវ​នេះ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។ សូម​បងប្អូន​គិត​ពី​ព្រះអង្គ ដែល​បាន​ស៊ូ‌ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បងប្អូន​នឿយ‌ណាយ បាក់​ទឹក​ចិត្ត​ឡើយ។ បងប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ តែ​បងប្អូន​បែរ​ជា​ភ្លេច​ព្រះ‌បន្ទូល​ទូន្មាន​របស់​ព្រះ‌ជាម្ចាស់​មក​កាន់​បងប្អូន ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថា: «កូន​អើយ មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង ការ​វាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន» ។ បងប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះ‌ជាម្ចាស់​រាប់​បងប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ? ប្រសិន​បើ​បងប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បងប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។ ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។ ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។ ហេតុ​នេះ «ចូរ​លើក​ដៃ​ដែល​រួយ​ឡើង ហើយ​តម្រង់​ជង្គង់​ដែល​ទន់​នោះ​ឲ្យ​រឹង‌ប៉ឹង​ឡើង​ដែរ» ។ ត្រូវ​រៀបចំ​ផ្លូវ​ឲ្យ​បាន​ត្រង់ ដើម្បី​ស្រួល​ដើរ កុំ​ឲ្យ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​ឲ្យ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។ ចូរ​ខិត‌ខំ​ឲ្យ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិត‌ខំ​ឲ្យ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះ‌អម្ចាស់​ឡើយ។ ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បងប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បងប្អូន​ជា​ច្រើន​នោះ​ឡើយ។ ចូរ​ប្រយ័ត្ន‌ប្រយែង កុំ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រាស‌ចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​ឲ្យ​សោះ។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​១​ហ្វូង​ធំ​ម៉្លេះ នៅ​ព័ទ្ធ​ជុំ‌វិញ​យើង នោះ​ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក នឹង​អំពើ​បាប ដែល​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង‌ទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ‌ហត់ ហើយ​រសាយ​ចិត្ត​ចេញ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ត‌យុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​សេចក្ដី​ដំបូន្មាន​អស់​រលីង​ទៅ ដែល​ទ្រង់​បាន​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា «កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ក្នុង​កាល​ដែល​ទ្រង់​បន្ទោស​ឯង​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ផ្ចាញ់‌ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល» បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​គឺ​ព្រះ‌អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ‌ផ្ចាល​នោះ តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់‌ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយ‌ផ្ចាល​យើង ហើយ​យើង​ក៏​កោត‌ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះវរ‌បិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង តាម​តែ​ខណ​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ តែ​មិន​មែន​ជា​យូរ​ឆ្នាំ​ទេ ចំណែក​ព្រះ​ដែល​ទ្រង់​វាយ‌ផ្ចាល នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ‌សាន្ត នៃ​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ។ ដូច្នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង នឹង​ជង្គង់​ដែល​ស្លុត​ដែរ ហើយ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់ សំរាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ​ទៅ ស៊ូ​ឲ្យ​បាន​ជា​ឡើង​វិញ ចូរ​ដេញ​តាម​សេចក្ដី​មេត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នក​ណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​ឡើយ ហើយ​ត្រូវ​ប្រយ័ត​ឲ្យ​មែន‌ទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះ‌គុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោក‌គ្រោក ដោយ‌សារ​សេចក្ដី​នោះ ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិល​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:1-16

ហេប្រឺ 12:1-16 គខបហេប្រឺ 12:1-16 គខបហេប្រឺ 12:1-16 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ