ហេព្រើរ 11:32-40

ហេព្រើរ 11:32-40 គកស១៦

តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។ ស្ត្រីៗ​បាន​ជួប​មនុស្ស​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឡើង​វិញ ដោយ​បាន​រស់​ពី​ស្លាប់។ ខ្លះ​ត្រូវ​ទទួល​រង​ទារុណ​កម្ម មិន​ព្រម​ទទួល​ការ​ដោះ​លែង ដើម្បី​ឲ្យ​គេបាន​រស់​ឡើង​វិញ ជា​ជីវិត​មួយ​ដែល​ប្រសើរ​ជាង។ ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។ ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។ គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។ អ្នក​ទាំង​អស់​នោះ ទោះ​បើ​មាន​គេ​សរសើរ ដោយ​ព្រោះ​ជំនឿ​របស់​គេ​ក៏​ដោយ តែ​គេ​មិន​បាន​ទទួល​អ្វីៗ​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ ដោយ​ព្រះ​បាន​ផ្គត់‌ផ្គង់​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ដល់​យើង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍​រួម​ជាមួយ​យើង​ដែរ ។

អាន ហេព្រើរ 11

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេព្រើរ 11:32-40