ហេប្រឺ 11:32-40

ហេប្រឺ 11:32-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។ ស្ត្រីៗ​បាន​ជួប​មនុស្ស​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឡើង​វិញ ដោយ​បាន​រស់​ពី​ស្លាប់។ ខ្លះ​ត្រូវ​ទទួល​រង​ទារុណ​កម្ម មិន​ព្រម​ទទួល​ការ​ដោះ​លែង ដើម្បី​ឲ្យ​គេបាន​រស់​ឡើង​វិញ ជា​ជីវិត​មួយ​ដែល​ប្រសើរ​ជាង។ ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។ ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។ គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។ អ្នក​ទាំង​អស់​នោះ ទោះ​បើ​មាន​គេ​សរសើរ ដោយ​ព្រោះ​ជំនឿ​របស់​គេ​ក៏​ដោយ តែ​គេ​មិន​បាន​ទទួល​អ្វីៗ​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ ដោយ​ព្រះ​បាន​ផ្គត់‌ផ្គង់​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ដល់​យើង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍​រួម​ជាមួយ​យើង​ដែរ ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:32-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែប‌ថា ព្រះ‌បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ព្យាការី​នានា​ទេ។ ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង។ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ‌ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។ អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ លោកីយ៍​ពុំ​ស័ក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។ ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ដោយ​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ព្រះអង្គ​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:32-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូ‌អែល នឹង​ពួក​ហោរា​ទេ ដែល​ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម‌វាម ទាំង​ស្លៀក​ស្បែក​ចៀម នឹង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​នឹង​រូង​ក្នុង​ដី លោកីយ​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ ពួក​អ្នក​ទាំង​នោះ ទោះ​បើ​មាន​សេចក្ដី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ជំនឿ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ទទួល​សេចក្ដី ដែល​បាន​សន្យា​នោះ​ទេ ដ្បិត​ព្រះ​បាន​ផ្គត់‌ផ្គង់​សេចក្ដី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។

ចែក​រំលែក
អាន ហេប្រឺ 11