ហេព្រើរ 11:1-16

ហេព្រើរ 11:1-16 គកស១៦

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។ ដ្បិត​មនុស្ស​ពី​ចាស់​បុរាណ​មាន​ជំនឿ​ហ្នឹង​ហើយ បាន​ជា​គេ​ទទួល​បាន​ការ​សរសើរ។ ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។ ដោយ​សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​យញ្ញ‌បូជា​នោះ មានការ​សរសើរ​ពី​គាត់​ថា គាត់​ជា​មនុស្ស​សុចរិត ទាំង​មាន​ព្រះ​សរសើរ​ពី​តង្វាយ​របស់​គាត់ ហើយ​ដោយ​សារ​ជំនឿ​របស់​គាត់ ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ ។ ដោយ​សារ​ជំនឿ លោក​ហេ‌ណុក​ត្រូវ​ព្រះ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ មិន​ឲ្យគាត់​ជួប​សេចក្តី​ស្លាប់ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ។ មុន​ពេលព្រះ​លើក​យក​គាត់​ទៅ មាន​គេ​សរសើរ​ពី​គាត់​ថា ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់។ ប៉ុន្ដែ បើ​ឥត​មាន​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន ហើយ​ថា ព្រះ‌អង្គ​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។ ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។ ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។ ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។ ដ្បិត​លោក​ទន្ទឹង​រង់​ចាំ​ក្រុង​មួយ ដែល​មាន​គ្រឹះ​រឹង​មាំ ដែល​ព្រះជា​អ្នក​គូរ​ប្លង់ និង​ជា​ជាង​សង់។ ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។ អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។

អាន ហេព្រើរ 11

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេព្រើរ 11:1-16