ហេប្រឺ 11:1-16

ហេប្រឺ 11:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។ ដូច្នេះ ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍‌ឈ្មោះ​ល្អ។ ដោយ‌សារ​ជំនឿ យើង​យល់​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូប‌រាង​នោះ​ឡើយ។ ដោយ‌សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ជា​យញ្ញ‌បូជា​ប្រសើរ​ជាង​យញ្ញ‌បូជា​របស់​លោក​កាអ៊ីន។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​តង្វាយ​របស់​លោក ហើយ​ដោយ‌សារ​ជំនឿ ទោះ​បី​លោក​អេបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។ ដោយ‌សារ​ជំនឿ លោក​ហេណុក​ត្រូវ​ព្រះ‌ជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះអង្គ​លើក​លោក​ឡើង​ទៅ​នោះ លោក​បាន​ទទួល​សក្ខីភាព​ថា ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក។ បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ‌ជាម្ចាស់​មែន ហើយ​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ដោយ‌សារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់​អំពី​ហេតុ‌ការណ៍ ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយ‌សារ​ជំនឿ លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។ ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។ ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។ លោក​អប្រាហាំ​ទន្ទឹង​រង់‌ចាំ​ទទួល​ក្រុង​មួយ​ដែល​នឹង​មាន​គ្រឹះ​រឹង‌មាំ‌មួន ជា​ក្រុង​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​គម្រោង និង​សង់​ឡើង។ ដោយ‌សារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី​ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា បើ​ព្រះ‌ជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះអង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើន ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។ បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថា ពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ អ្នក​ណា​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។ ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។ តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។ ដ្បិត​មនុស្ស​ពី​ចាស់​បុរាណ​មាន​ជំនឿ​ហ្នឹង​ហើយ បាន​ជា​គេ​ទទួល​បាន​ការ​សរសើរ។ ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។ ដោយ​សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​យញ្ញ‌បូជា​នោះ មានការ​សរសើរ​ពី​គាត់​ថា គាត់​ជា​មនុស្ស​សុចរិត ទាំង​មាន​ព្រះ​សរសើរ​ពី​តង្វាយ​របស់​គាត់ ហើយ​ដោយ​សារ​ជំនឿ​របស់​គាត់ ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ ។ ដោយ​សារ​ជំនឿ លោក​ហេ‌ណុក​ត្រូវ​ព្រះ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ មិន​ឲ្យគាត់​ជួប​សេចក្តី​ស្លាប់ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ។ មុន​ពេលព្រះ​លើក​យក​គាត់​ទៅ មាន​គេ​សរសើរ​ពី​គាត់​ថា ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់។ ប៉ុន្ដែ បើ​ឥត​មាន​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន ហើយ​ថា ព្រះ‌អង្គ​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។ ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។ ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។ ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។ ដ្បិត​លោក​ទន្ទឹង​រង់​ចាំ​ក្រុង​មួយ ដែល​មាន​គ្រឹះ​រឹង​មាំ ដែល​ព្រះជា​អ្នក​គូរ​ប្លង់ និង​ជា​ជាង​សង់។ ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។ អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ ព្រះ‌ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ឯង យើង​រាល់​គ្នា​ក៏​យល់​ដោយ‌សារ​សេចក្ដី​ជំនឿ​នោះ​ថា លោកីយ​បាន​កើត​មក ដោយ‌សារ​បន្ទូល​នៃ​ព្រះ បាន​ជា​របស់​ដែល​មើល​ឃើញ​ទាំង​ប៉ុន្មាន នោះ​មិន​មែន​កើត​អំពី​របស់​ដែល​មើល​ឃើញ​ទេ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ‌បូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ពី​ដង្វាយ​គាត់​ផង បាន​ជា​ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត ដោយ‌សារ​ដង្វាយ​នោះ​ឯង។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គាត់​ណាស់ តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។ ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា ពី​ព្រោះ​លោក​រង់‌ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ‌ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់ ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ច្បាស់​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ‌ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី‌ក្រុង​១​ឲ្យ​គេ​ហើយ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:1-16

ហេប្រឺ 11:1-16 គខបហេប្រឺ 11:1-16 គខបហេប្រឺ 11:1-16 គខបហេប្រឺ 11:1-16 គខបហេប្រឺ 11:1-16 គខប