កាឡាទី 2

2
លោក​ប៉ុល និង​សាវក​ផ្សេង​ៗ​ទៀត
1លុះ​ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​លោក​បាណា‌បាស ទាំង​យក​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។ 2ខ្ញុំ​បាន​ឡើង​ទៅ​តាម​ការ​បើក​សម្តែង ហើយ​បាន​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ក្នុង​ចំណោម​សាសន៍​ដទៃ (រី​ឯ​អស់​អ្នក​ដែល​ទំនង​ជា​អ្នក​មុខ​អ្នក​ការ​វិញ ខ្ញុំ​បាន​ប្រាប់​ដាច់​ដោយ​ឡែក) ក្រែងលោ​ការ​ដែល​ខ្ញុំ​កំពុង​រត់ ឬ​បាន​រត់​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​ឥត​ប្រយោជន៍។ 3ប៉ុន្តែ សូម្បី​តែ​លោក​ទីតុស​ដែល​នៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្តី ក៏​គេ​មិន​បាន​បង្ខំ​ឲ្យ​គាត់​កាត់​ស្បែក​ដែរ។ 4តែ​ដោយ​ព្រោះ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ​បាន​ជ្រៀត​ចូល​មក ជា​អ្នក​ដែល​បាន​លប​ចូល​មក​អង្កេត​មើល​សេរី‌ភាព ដែល​យើង​មាន​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​យើង​ត្រឡប់​ជា​ទាសករ​វិញ 5យើង​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​គេ​ឡើយ សូម្បី​តែ​មួយ​ភ្លែត ដើម្បី​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ បាននៅ​ស្ថិត‌ស្ថេរ​ជាប់​ជាមួយ​អ្នក​រាល់​គ្នា។ 6អស់​អ្នក​ដែល​គេ​រាប់​ថា​ជា​អ្នក​មុខ​អ្នក​ការ (ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ ក៏​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ដែរ ព្រោះ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ) អ្នក​ទាំង​នោះ ដែល​ទំនង​ជា​អ្នក​មុខ​អ្នកការ មិន​បាន​បន្ថែម​អ្វី​ដល់​ខ្ញុំ​ឡើយ។ 7ផ្ទុយ​ទៅ​វិញ កាល​គេ​បាន​ឃើញ​ថា ព្រះ​បាន​ប្រគល់​ការងារ​ផ្សាយ​ដំណឹង​ល្អ សម្រាប់​ពួក​មិន​កាត់​ស្បែក​ដល់​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​ការងារ​ផ្សាយ​ដំណឹង​ល្អ សម្រាប់​ពួក​អ្នក​កាត់​ស្បែក​ដល់​លោក​ពេត្រុស​ដែរ 8(ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ធ្វើ​ការ​តាម​រយៈ​លោក​ពេត្រុស ដោយ​តាំង​លោក​ជា​សាវក​សម្រាប់​ពួក​អ្នក​កាត់​ស្បែក​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ធ្វើ​ការ​តាម​រយៈ​ខ្ញុំ ដោយ​ចាត់​ខ្ញុំ​ទៅឯ​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ) 9កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។ 10ពួក​លោក​គ្រាន់​តែ​ផ្តាំ​ឲ្យ​យើង​នឹក​ចាំ​ពី​អ្នក​ក្រ ជាកិច្ច​ការ​ដែល​ខ្ញុំ​ខ្នះខ្នែង​ធ្វើ​ស្រាប់​ហើយ។
លោក​ប៉ុល​បន្ទោស​លោក​ពេត្រុស​នៅ​អាន់‌ទីយ៉ូក
11ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។ 12ដ្បិត​មុន​ពេល​លោក​យ៉ាកុប​ចាត់​អ្នក​ខ្លះ​ឲ្យ​មក លោក​បាន​បរិ‌ភោគ​ជា​មួយ​ពួក​សាសន៍​ដទៃ តែ​ពេល​ពួក​គេ​មក​ដល់​ហើយ លោក​ក៏​ដក​ខ្លួន​ថយ​ចេញ​ដោយ​ឡែក ដោយ​ខ្លាច​ពួក​កាត់​ស្បែក។ 13សាសន៍​យូដា​ឯ​ទៀត​ក៏​ប្រព្រឹត្ត​ដោយ​លាក់​ពុត​ជា​មួយ​លោក​ដែរ ហើយ​សូម្បី​តែ​លោក​បាណា‌បាស ក៏​ត្រូ​វ​គេ​អូស​ទាញឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ 14ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​ថា កិរិយា​របស់​គេ​មិន​ស្រប​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «បើ​លោក​ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​ដូច​សាសន៍​យូដា តែ​ប្រព្រឹត្ត​ដូច​សាសន៍​ដទៃ​វិញ ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ឲ្យ​សាសន៍​ដទៃ​ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ?»
សាសន៍​យូដា និង​សាសន៍​ដទៃ​បាន​សង្រ្គោះ​ដោយ​សារ​ជំនឿ
15ឯ​យើង​វិញ យើង​ជា​សាសន៍​យូដា​ពី​កំណើត ហើយ​មិន​មែន​ជា​អ្នក​មាន​បាប​ក្នុង​សាសន៍​ដទៃ​នោះ​ទេ 16តែ​យើង​ដឹង​ថា ព្រះ​មិន​បាន​រាប់មនុស្ស​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ គឺ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​វិញ ហេតុ​នេះ​ហើយ​បាន​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ដោយ‌សារ​ជំនឿ​ក្នុង​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យទេ ព្រោះ​គ្មាន​អ្នក​ណា​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។ 17ប៉ុន្ដែ ប្រសិន‌បើ​យើង​សង្វាត​ឲ្យ​បាន​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ឃើញ​ខ្លួន​យើង​ថា​ជា​មនុស្ស​មាន​បាបដែរ​នោះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​បម្រើ​អំពើ​បាប​ឬ? ទេ មិន​មែន​ទេ! 18ប៉ុន្ដែ បើ​ខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​រំលំ​ពី​មុន​ឡើង​វិញ នោះ​ឈ្មោះ​ថា ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់​ហើយ។ 19ដ្បិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​ខាង​ឯ​ព្រះ​វិញ។ 20ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។ 21ខ្ញុំ​មិន​លើក​ព្រះ‌គុណ​របស់​ព្រះ​ចោល​ឡើយ តែ​ប្រសិន‌បើ​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍។

ទើបបានជ្រើសរើសហើយ៖

កាឡាទី 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល