យើងក៏ចេញបង្គាប់ផងដែរថា ប្រសិនបើអ្នកណាបំប្លែងសេចក្ដីបង្គាប់នេះ នោះត្រូវដោះធ្នឹមមួយពីផ្ទះរបស់អ្នកនោះ ហើយបញ្ឈរឡើង ដោតអ្នកនោះពីលើធ្នឹមនោះទៅ រួចត្រូវប្រើផ្ទះរបស់គេទុកជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។ សូមឲ្យព្រះដែលបានតាំងព្រះនាមរបស់ព្រះអង្គនៅទីនេះ ទម្លាក់ស្តេច ឬប្រជាជនណាដែលលូកដៃទៅបំប្លែងសេចក្ដីបង្គាប់នេះ ឬបំផ្លាញព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម។ យើង ដារីយុស បានចេញបង្គាប់ហើយ ដូច្នេះ ត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត»។ ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងសហការី ក៏បានអនុវត្តតាមរាជបញ្ជារបស់ព្រះបាទដារីយុស ដោយខ្នះខ្នែងបំផុត។ ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។ ព្រះដំណាក់នេះបានចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយុស។ ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយឯទៀត នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះនេះ ដោយអំណរ។ គេបានថ្វាយគោឈ្មោលមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមបួនរយក្បាល ជាតង្វាយឆ្លងព្រះដំណាក់របស់ព្រះ និងពពែដប់ពីរ តាមចំនួនកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ជាតង្វាយលោះបាបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។ គេបានដាក់ពួកសង្ឃតាមផ្នែករបស់ពួកគេ និងពួកលេវីតាមផែ្នករបស់ពួកគេ សម្រាប់ធ្វើការងាររបស់ព្រះនៅក្រុងយេរូសាឡិម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
អាន អែសរ៉ា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អែសរ៉ា 6:11-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ