អែសរ៉ា 5

5
ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​ត្រូវ​បាន​បន្ត
1រីឯ​ហោរា​ហាកាយ និង​ហោរា​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង​ទំនាយ​ក្នុង​ព្រះ‌នាម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទៅ​កាន់​ពួក​យូដា​ដែល​នៅ​ស្រុក​យូដា និងនៅ​ក្រុង​យេរូ‌សាឡិម។ 2គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដោយ​មាន​ពួក​ហោរា​របស់​ព្រះ​រួម​ជាមួយ ជួយ​គាំ​ទ្រ​ផង។
3នៅ​គ្រា​ដដែល​នោះ ថា‌ថ្នាយ ជា​ចៅ​ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​សហ‌ការី បាន​មក​ជួប​ពួក​សាសន៍​យូដា ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យអ្នក​រាល់​គ្នាសង់ដំណាក់​នេះ ហើយ​បង្ហើយ​កំផែង​នេះ?» 4អ្នក​ទាំង​នោះ ក៏​សួរ​ដូច្នេះ​ទៀត​ថា៖ «តើ​មនុស្ស​ដែល​កំពុង​ធ្វើ​ការ​សាង​សង់​នេះ មាន​ឈ្មោះ​អ្វី​ខ្លះ?» 5ប៉ុន្តែ ព្រះ‌នេត្រ​របស់​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់​ទុំ​សាសន៍​យូដា ហើយ​ពួក​លោក​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ ចាំ​ទាល់​តែ​គេ​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្វាយ​ព្រះ‌បាទ​ដារី‌យុស ហើយ​មាន​រាជ​សារ​ឆ្លើយ​តប​មក​កាត់​សេចក្ដី។
6នេះ​ជា​សំណៅ​សំបុត្រ​ដែល​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសាភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខេត្ត​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ព្រះ‌បាទ​ដារីយុស។ 7ក្នុង​សំបុត្រ​ដែល​គេ​ផ្ញើ​ទៅ​ស្តេច មាន​សរសេរ​ដូច្នេះ​ថា៖ «សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដារី‌យុស សូម​ព្រះករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន! 8សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ខេត្ត​យូដា ទៅ​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ​ដ៏​ធំ។ ពួក​គេ​យក​ថ្ម​ធំៗមក​សង់​ព្រះ​ដំណាក់​នោះ ហើយ​គេ​បាន​ដាក់​ធ្នឹម​ក្នុង​ជញ្ជាំង​រួច​ហើយ។ គេ​ធ្វើ​កិច្ច‌ការ​នោះ​យ៉ាង​ស្វាហាប់ ហើយ​ចម្រើន​ឡើង​ដោយ‌សារ​ដៃ​របស់​គេ។ 9ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់​ទុំ​របស់​គេ​ថា "តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌វិហារ​នេះ ហើយ​បង្ហើយ​កំផែង​នេះ?" 10យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ​ដែរ ដើម្បី​កត់​ឈ្មោះ​ពួក​មេ​ដឹក​នាំ​របស់​គេ យក​មក​ថ្វាយ​ព្រះ​ករុណា។ 11ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា "ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ផែន‌ដី ហើយ​ពួក​យើង​កំពុង​តែ​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺជា​ព្រះ​ដំណាក់​ដែល​ស្តេចដ៏​ធំមួយ​អង្គ​នៃ​សាសន៍​អ៊ីស្រា‌អែល បានសង់​រួច​ជា​ស្រេច តាំង​ពី​យូរ​ឆ្នាំ​កន្លង​មក​ហើយ។ 12ប៉ុន្ដែ ដោយព្រោះ​បុព្វ‌បុរស​របស់​ពួក​យើង​បាន​បណ្ដាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន ជា​សាសន៍​ខាល់ដេ ស្តេច​អង្គ​នោះ​បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជា‌ជន​ទៅ​ស្រុក​បាប៊ី‌ឡូន។ 13ក៏​ប៉ុន្ដែ នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌បាទ​ស៊ីរូស​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​ឡើង​វិញ។ 14ឯ​គ្រឿង​ប្រដាប់​មាស និង​ប្រាក់​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន នោះព្រះ​បាទ​ស៊ីរូស​បាន​យក​គ្រឿង​ប្រដាប់​ទាំង​នោះ ចេញ​ពី​ព្រះ‌វិហារ​ក្រុង​បាប៊ីឡូន ប្រគល់​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ស្ដេច​បាន​តែង​តាំង​ជា​ចៅ‌ហ្វាយ​ខេត្ត។ 15ស្ដេច​បាន​បង្គាប់​លោក​ថា "ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ"។ 16ដូច្នេះ សេស‌បាសារ​នេះ​ក៏​បាន​មក​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ចាប់​តាំង​ពី​ពេល​នោះ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់​នោះ តែ​មិន​ទាន់​បាន​ហើយ​នៅ​ឡើយ"។ 17ដូច្នេះ ប្រសិន‌បើ​ព្រះ‌ករុណា​យល់​ឃើញ​ថាជា​ការ​គួរ សូម​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះ‌បាទ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម​មែន ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​មក​យើង​ខ្ញុំ​អំពី​រឿង​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ»។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល