និក្ខមនំ 40
40
ការដំឡើងរោងឧបោសថ និងការរៀបចំគ្រឿងបរិក្ខារ
1រួចព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងរោងឧបោសថនៃត្រសាលជំនុំ។ 3ត្រូវដាក់ហិបនៃសេចក្ដីសញ្ញា នៅក្នុងត្រសាលនោះ ហើយយកវាំងននមកបាំង។ 4ត្រូវយកតុមករៀបចំឲ្យមានរបៀប ហើយយកជើងចង្កៀងមក រួចរៀបចំចង្កៀងទាំងអស់នៅលើនោះផង។ 5ត្រូវដាក់អាសនាមាសសម្រាប់ដុតគ្រឿងក្រអូបនៅមុខហិបនៃសេចក្ដីសញ្ញា រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ។ 6ត្រូវដាក់អាសនាតង្វាយដុតនៅមុខមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ 7ហើយដាក់ចានក្លាំនៅចន្លោះត្រសាលជំនុំ និងអាសនា រួចចាក់ទឹកក្នុងចាននោះផង។ 8ឯទីលានត្រូវរៀបចំជុំវិញ ហើយបាំងរនាំងនៅមាត់ទ្វារផង។ 9ត្រូវយកប្រេងសម្រាប់លាបតាំង មកលាបរោងឧបោសថ និងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ហើយញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង ដើម្បីឲ្យបានបរិសុទ្ធ។ 10អ្នកក៏ត្រូវលាបប្រេងលើអាសនាតង្វាយដុត និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ទាំងញែកចេញជាបរិសុទ្ធ ដើម្បីឲ្យអាសនានោះបានបរិសុទ្ធបំផុត។ 11ត្រូវលាបប្រេងលើចានក្លាំ និងជើងទ្រ ដើម្បីញែកចេញជាបរិសុទ្ធ។ 12ត្រូវនាំអើរ៉ុន និងពួកកូនរបស់គាត់មកជិតទ្វារត្រសាលជំនុំ ហើយយកទឹកលាងសម្អាតពួកគេ 13រួចយកសម្លៀកបំពាក់បរិសុទ្ធមកបំពាក់ឲ្យអើរ៉ុន ហើយចាក់ប្រេងញែកគាត់ចេញជាបរិសុទ្ធ ដើម្បីឲ្យគាត់បានបំពេញមុខងារជាសង្ឃបម្រើយើង។ 14អ្នកត្រូវនាំពួកកូនរបស់គាត់មកបំពាក់អាវខ្លីឲ្យ 15ហើយចាក់ប្រេងតែងតាំងពួកគេ ដូចជាបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ពិធីចាក់ប្រេងនេះនឹងបញ្ជាក់ថា ពួកគេនឹងបានជាសង្ឃជាប់នៅរៀងរហូត គ្រប់ជំនាន់តទៅ»។
16លោកម៉ូសេបានធ្វើអស់ទាំងការដែលព្រះយេហូវ៉ាបានបង្គាប់លោក គឺលោកធ្វើការនោះសម្រេចទាំងអស់។ 17នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ នោះរោងឧបោសថបានសង់រួចជាស្រេច។ 18លោកម៉ូសេបានដំឡើងរោងឧបោសថ គឺលោកដាក់ជើងទ្រ លើកបញ្ឈរស៊ុម ហើយរៀបរនុក ព្រមទាំងលើកសសរឡើង 19រួចលោកលាតត្រសាលបាំងរោងឧបោសថ ហើយដាក់គម្របពីលើត្រសាល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 20លោកយកសេចក្ដីសញ្ញាដាក់ក្នុងហិប រួចស៊កឈើស្នែងភ្ជាប់នឹងហិប ហើយដាក់ទីសន្តោសប្រោស នៅលើហិបនោះ។ 21លោកយកហិបទៅដាក់ក្នុងរោងឧបោសថ ហើយលាតវាំងននបាំងហិបនៃសេចក្ដីសញ្ញា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 22លោកដាក់តុក្នុងត្រសាលជំនុំ នៅប៉ែកខាងជើងរោងឧបោសថ នៅខាងមុខវាំងនន 23រួចរៀបនំបុ័ងដាក់លើតុនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 24លោកដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ទល់មុខនឹងតុ គឺនៅប៉ែកខាងត្បូងរោងឧបោសថ 25រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 26លោកដាក់អាសនាមាសនៅមុខវាំងនន ក្នុងត្រសាលជំនុំ 27ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនានោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 28លោកក៏ដាក់រនាំងនៅមាត់ទ្វាររោងឧបោសថ។ 29លោកដាក់អាសនាតង្វាយដុតនៅមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 30លោកដាក់ចានក្លាំនៅចន្លោះត្រសាលជំនុំ និងអាសនា រួចដាក់ទឹកក្នុងចាននោះសម្រាប់លាងសម្អាត 31ហើយលោកម៉ូសេ លោកអើរ៉ុន និងពួកកូនរបស់លោកអើរ៉ុនក៏ប្រើទឹកក្នុងចាននោះ សម្រាប់លាងដៃ និងលាងជើង។ 32ពេលពួកលោកចូលទៅក្នុងត្រសាលជំនុំ ហើយពេលពួកលោកចូលទៅជិតអាសនា ពួកលោកតែងលាងសម្អាត ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 33លោកដំឡើងរនាំងនៃទីលាន នៅជុំវិញរោងឧបោសថ និងអាសនា រួចដាក់រនាំងនៅមាត់ទ្វារទីលាន។ ដូច្នេះ លោកម៉ូសេបានធ្វើការទាំងនោះចប់សព្វគ្រប់។
ពពក និងសិរីល្អ
34ពេលនោះ មានពពកមកគ្របលើត្រសាលជំនុំ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញរោងឧបោសថ។ 35លោកម៉ូសេពុំអាចចូលទៅក្នុងត្រសាលជំនុំបានឡើយ ព្រោះមានពពកគ្របពីលើ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញក្នុងរោងឧបោសថ។ 36ពេលណាពពកអណ្ដែតឡើងផុតពីលើរោងឧបោសថ កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញដំណើរទៅមុខ គឺរាល់វេលាដែលពួកគេធ្វើដំណើរ 37តែបើកាលណាពពកមិនអណ្ដែតឡើងទេ នោះគេក៏មិនចេញដំណើរទៅដែរ គឺគេរង់ចាំរហូតដល់ថ្ងៃដែលពពកអណ្ដែតឡើង។ 38ដ្បិតគ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលធ្វើដំណើរ នោះនៅវេលាថ្ងៃ តែងមានពពករបស់ព្រះយេហូវ៉ាស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងនៅក្នុងពពក ពួកវង្សអ៊ីស្រាអែលសុទ្ធតែបានឃើញទាំងអស់គ្នា។:៚
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 40: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies