លេវីវិន័យ ពាក្យលំនាំ
ពាក្យលំនាំ
លោកលេវីជាកូនម្នាក់ ក្នុងចំណោមកូនទាំងដប់ពីររបស់លោកយ៉ាកុប។ សមាជិកនៃកុលសម្ព័ន្ធលេវីទទួលមុខងារធ្វើពិធីបុណ្យផ្សេងៗក្នុងទីបរិសុទ្ធ។ ក្នុងកណ្ឌគម្ពីរ «លេវីវិន័យ» នេះមានកត់ត្រាទុកច្បាប់ និងក្បួនតម្រាផ្សេងៗ សម្រាប់ធ្វើពិធីទាំងនោះ។
នៅខដំបូងនៃកណ្ឌគម្ពីរលេវីវិន័យ មានរៀបរាប់អំពីសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ពីត្រសាលជំនុំ។ បន្ទាប់មក ក្នុងកណ្ឌគម្ពីរនេះទាំងមូល ព្រះយេហូវ៉ាប្រាប់លោកម៉ូសេអំពីក្រឹត្យវិន័យ និងច្បាប់មួយចំនួន សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលប្រតិបត្តិតាម ហើយព្រះអង្គក៏ប្រទានព្រះបន្ទូលសន្យាជាមួយផង «អ្នកដែលប្រតិបត្តិតាមនឹងមានជីវិតដោយសារក្រឹត្យវិន័យ និងច្បាប់ទាំងនោះ» (១៨.៥ រ៉ូម ១០.៥)។ រួមសេចក្ដីមក ព្រះពន្យល់កូនចៅអ៊ីស្រាអែលអំពីរបៀបដែលត្រូវប្រព្រឹត្ត ដើម្បីកុំឲ្យមានឧបសគ្គមករារាំងទំនាក់ទំនងរវាងព្រះនឹងប្រជារាស្ត្ររបស់ព្រះអង្គ។
ដើម្បីឲ្យ «រោងឧបោសថ» នៅតែជាកន្លែងដែលព្រះយេហូវ៉ាយាងមកជួបជាមួយប្រជារាស្ត្ររបស់ព្រះអង្គ
• អ្នកដែលមានមុខងារថ្វាយយញ្ញបូជា ត្រូវថ្វាយតាមក្បួនតម្រា (ជំពូក ១-៧)
• សង្ឃត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយប្រជាជនត្រូវតែគោរពពួកលោក (ជំពូក ៨-១០)
• សមាជិកនៃប្រជារាស្ត្ររបស់ព្រះមិនត្រូវបណ្តោយឲ្យខ្លួនទៅជាសៅហ្មង (ជំពូក ១១-១៦)
• មិនត្រូវឲ្យមានសៅហ្មងផ្នែកខាងសីលធម៌ និងការគោរពបម្រើព្រះ (ជំពូក ១៧-២៧)។
ព្រះដ៏បរិសុទ្ធបំផុត ព្រះនៃសេចក្ដីស្រឡាញ់ ព្រះអម្ចាស់នៃជីវិត សព្វព្រះហឫទ័យប្រោសឲ្យប្រជាជនរបស់ព្រះអង្គបានបរិសុទ្ធដូចព្រះអង្គដែរ (១៩.២) ដើម្បីឲ្យគេផ្សព្វផ្សាយសេចក្ដីស្រឡាញ់ និងជីវិតដែលមកពីព្រះអង្គ។ ព្រះអង្គប្រទានក្រឹត្យវិន័យដ៏សំខាន់មកប្រជារាស្ត្ររបស់ព្រះអង្គ ជាក្រឹត្យវិន័យដែលក្រោយមក ព្រះយេស៊ូវរំឭកអំពីគោលដ៏សំខាន់ គឺ «ត្រូវស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង» (១៩.១៨ ម៉ាថាយ ២២, ៣៩)។
ក្រឹត្យវិន័យទាំងនេះ រំឭកអ្នកជឿគ្រប់ជំនាន់ និងគ្រប់ទីកន្លែង ឲ្យចងចាំជានិច្ចថា ព្រះជាព្រះដ៏បរិសុទ្ធ ហើយមនុស្សយើងត្រូវការមានទំនាក់ទំនងជាមួយព្រះអង្គយ៉ាងចាំបាច់បំផុត។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies