និក្ខមនំ 34

34
លោក​ម៉ូសេ​ធ្វើ​បន្ទះ​ថ្ម​ថ្មី
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន នោះ​យើង​នឹង​ចារឹក​អស់​ទាំង​ពាក្យ ដូច​បាន​ចារឹក​នៅ​លើ​បន្ទះ​ថ្ម​ពី​មុន ដែល​អ្នក​បាន​បំបែក​ចោល​នោះ។ 2ចូរ​រៀបចំ​ជា​ស្រេច​ឲ្យ​ទាន់​ពេល​ព្រលឹម រួច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​នៅ​ពេល​ព្រឹក ហើយ​ឈរ​នៅ​ចំពោះ​យើង នៅ​លើ​កំពូល​ភ្នំ។ 3កុំ​ឲ្យ​អ្នក​ណា​ឡើង​មក​ជា‌មួយ​អ្នក​ឡើយ ហើយ​កុំ​ឲ្យ​ឃើញ​មាន​អ្នក​ណា​នៅ​ទី​ណា​លើ​ភ្នំ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​ចៀម ឬ​ហ្វូង​គោ​មក​រក​ស៊ី​នៅ​មុខ​ភ្នំ​នេះ​ដែរ»។ 4លោក​ម៉ូសេ​ក៏​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ទាំង​យក​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ទៅ​ជា‌មួយ​ផង។ 5ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​ក្នុង​ពពក ហើយ​គង់​នៅ​ទី​នោះ​ជា‌មួយ​លោក ទាំង​ប្រកាស​ពី​ព្រះ​នាម «យេហូវ៉ា» ផង។ 6ព្រះ‌យេហូវ៉ា​យាង​កាត់​នៅ​មុខ​លោក ហើយ​ប្រកាស​ថា៖
«យេហូវ៉ា យេហូវ៉ា
ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ប្រណី​សន្តោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់
មាន​ព្រះ​ហឫ‌ទ័យ​សប្បុរស
ហើយ​ស្មោះ​ត្រង់​ជា‌និច្ច។
7ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា
ដល់​មនុស្ស​ទាំង​ពាន់
ក៏​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត
អំពើ​រំលង និង​អំពើ​បាប
ប៉ុន្តែ ព្រះ‌អង្គ​មិន​រាប់​មនុស្ស​មាន​ទោស​ថា
ជា​ឥត​ទោស​ឡើយ
ព្រះ‌អង្គ​ដាក់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ឪពុក
រហូត​ដល់​កូន​ចៅ ដល់​បី ហើយ​បួន​ជំនាន់​ផង»។
8នោះ​លោក​ម៉ូសេ​ក៏​ប្រញាប់‌ប្រញាល់​ក្រាប​ចុះ​ដល់​ដី ហើយ​ថ្វាយ​បង្គំ។ 9លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ‌អង្គ​មែន សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្ដាល​យើង​ខ្ញុំ ដ្បិត​ប្រជា‌ជន​ទាំង​នេះ​មាន​ក្បាល​រឹង សូម​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ សូម​ទទួល​យើងខ្ញុំ​ជា​មត៌ក​របស់​ព្រះ‌អង្គ»។
ការ​តាំង​សេចក្ដី​សញ្ញា​សា​ជា​ថ្មី
10ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​តាំង​សញ្ញា​ថា នៅ​មុខ​ប្រជា‌ជន​របស់​អ្នក​ទាំង​អស់​គ្នា យើង​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ធ្លាប់​កើត​មាន​យ៉ាង​ដូច្នោះ នៅ​អស់​ទាំង​នគរ​លើ​ផែន‌ដី និង​នៅ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍​ដែល​អ្នក​រស់​នៅ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​យើង​នឹង​ប្រោស​ដល់​អ្នក គឺ​ជា​ការ​គួរ​ស្ញែង​ខ្លាច។
11ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ មើល៍! យើង​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក។ 12ចូរ​ប្រយ័ត្ន មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​អ្នក​ស្រុក​ដែល​អ្នក​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​គេ​ត្រឡប់​ជា​អន្ទាក់​នៅ​កណ្ដាល​អ្នក។ 13អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។ 14(ដ្បិត​អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ណា​ទៀត​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ)។ 15មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយពួក​អ្នក​ស្រុក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ នោះ​គេ​នឹង​អញ្ជើញ​អ្នក​ទៅ​បរិ‌ភោគ​យញ្ញ‌បូជា​របស់​គេ 16ហើយ​អ្នក​នឹង​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក រួច​កូន​ស្រី​របស់​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ នោះ​នឹង​នាំ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ទៅ​ផិត​តាម​ព្រះ​របស់​គេ​ដែរ។
17មិន​ត្រូវ​សិត​ធ្វើ​រូប​ព្រះ​ឡើយ។
18ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិ‌ភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៅ​ខែ​អាប៊ីប ដូច​យើង​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​នៅ​ខែ​នោះ​ហើយ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។
19អស់​ទាំង​កូន​ដែល​កើត​ពី​ផ្ទៃ​មុន​គេ​ជា​របស់​យើង ព្រម​ទាំង​កូន​ឈ្មោល​ដំបូង​របស់​សត្វ​អ្នក​ទាំង​ប៉ុន្មាន ទោះ​ជា​គោ ឬ​ចៀម​ក្តី។ 20រីឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​ត្រូវ​យក​កូន​ចៀម​មួយ​មក​លោះ តែ​បើ​មិន​ចង់​លោះ​ទេ ត្រូវ​បំបាក់​កកូន​លានោះ​ទៅ។ អស់​ទាំង​កូន​ប្រុស​ច្បង​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​លោះ​កុំ​ខាន។
មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​យើង​ឡើយ។
21ត្រូវ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឈប់​សម្រាក ទោះ​បើ​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក្ដី ក៏​ត្រូវ​ឈប់​សម្រាក​ដែរ។ 22ត្រូវ​ធ្វើ​បុណ្យ​អាទិត្យ​ទី​ប្រាំពីរ គឺ​ជា​បុណ្យ​ផល​ដំបូង​ពី​ចម្រូត​ស្រូវ​សាលី និង​បុណ្យ​ប្រមូល​ផល​ចុង​ឆ្នាំ។ 23ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​បី​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជាព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ី‌ស្រា‌អែល។ 24ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។
25មិន​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​មក​ថ្វាយ​យើង​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ក៏​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ដែរ។
26ផល​ដំបូង​បង្អស់​ដែល​កើត​ពី​ដី​របស់​អ្នក នោះ​ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
អ្នក​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។
27ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​ត្រា​ពាក្យ​ទាំង​នេះ ដ្បិត​យើង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក និង​ជា‌មួយ​អ៊ី‌ស្រា‌អែល»។ 28លោក​នៅ​ទី​នោះ​ជា‌មួយ​ព្រះ‌យេហូវ៉ា​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ឥត​មាន​បរិ‌ភោគ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​ចារឹក​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា គឺក្រឹត្យ​វិន័យ ទាំង​ដប់​ប្រការ​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ។
មុខ​លោក​ម៉ូសេ​មាន​ពន្លឺ
29លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​ស៊ី‌ណាយ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា ទាំង​ពីរ​ផ្ទាំង​នៅ​ដៃ​មក​ជា‌មួយ។ ពេល​ចុះ​ពី​ភ្នំ លោក​មិន​បាន​ដឹង​ថា​ស្បែក​មុខ​លោក​ភ្លឺ ដោយ​បាន​សន្ទនា​ជា‌មួយ​ព្រះ​នោះ​ទេ។ 30កាល​លោក​អើរ៉ុន និង​ពួក​អ៊ី‌ស្រា‌អែល​ទាំង​អស់​បាន​ឃើញ​លោក​ម៉ូសេ នោះ​ឃើញ​ស្បែក​មុខ​លោក​ភ្លឺ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​លោក​ឡើយ។ 31ប៉ុន្ដែ លោក​ម៉ូសេ​បាន​ហៅ​ពួក‌គេ​មក ហើយ​លោក​អើរ៉ុន និង​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ទាំង​អស់​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ រួច​លោក​មាន​ប្រសាសន៍​ជា‌មួយ​ពួក‌គេ។ 32បន្ទាប់​មក កូន​ចៅ​អ៊ី‌ស្រា‌អែល​ក៏​ចូល​មក​ជិត​ទាំង​អស់​គ្នា ហើយ​លោក​បាន​ប្រាប់​ពួក‌គេ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ី‌ណាយ។ 33កាល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា‌មួយ​ពួក‌គេ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ 34តែ​ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​សន្ទនា​ជា‌មួយ​ព្រះ‌អង្គ លោក​ដោះ​ស្បៃ​មុខ​ចេញ ដរាប​ដល់​ចេញ​មក​វិញ។ លុះ​ពេល​ចេញ​មក​វិញ លោក​ក៏​ប្រាប់​កូន​ចៅ​អ៊ី‌ស្រា‌អែល តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់។ 35កូន​ចៅ​អ៊ី‌ស្រា‌អែល​មើល​មុខ​លោក​ម៉ូសេ ឃើញ​ស្បែក​មុខ​លោក​ភ្លឺ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ​ទៀត រហូត​ទាល់​តែ​ដល់​ពេល​ចូល​ទៅ​សន្ទនា​ជា‌មួយ​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 34: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល