និក្ខមនំ 34
34
លោកម៉ូសេធ្វើបន្ទះថ្មថ្មី
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន នោះយើងនឹងចារឹកអស់ទាំងពាក្យ ដូចបានចារឹកនៅលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែកចោលនោះ។ 2ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរនៅចំពោះយើង នៅលើកំពូលភ្នំ។ 3កុំឲ្យអ្នកណាឡើងមកជាមួយអ្នកឡើយ ហើយកុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀម ឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ»។ 4លោកម៉ូសេក៏ដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់ ទាំងយកបន្ទះថ្មពីរផ្ទាំងនោះកាន់នៅដៃទៅជាមួយផង។ 5ព្រះយេហូវ៉ាបានយាងចុះមកក្នុងពពក ហើយគង់នៅទីនោះជាមួយលោក ទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង។ 6ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖
«យេហូវ៉ា យេហូវ៉ា
ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា
ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់
មានព្រះហឫទ័យសប្បុរស
ហើយស្មោះត្រង់ជានិច្ច។
7ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដល់មនុស្សទាំងពាន់
ក៏អត់ទោសចំពោះអំពើទុច្ចរិត
អំពើរំលង និងអំពើបាប
ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថា
ជាឥតទោសឡើយ
ព្រះអង្គដាក់ទោសចំពោះអំពើទុច្ចរិតរបស់ឪពុក
រហូតដល់កូនចៅ ដល់បី ហើយបួនជំនាន់ផង»។
8នោះលោកម៉ូសេក៏ប្រញាប់ប្រញាល់ក្រាបចុះដល់ដី ហើយថ្វាយបង្គំ។ 9លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។
ការតាំងសេចក្ដីសញ្ញាសាជាថ្មី
10ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ យើងតាំងសញ្ញាថា នៅមុខប្រជាជនរបស់អ្នកទាំងអស់គ្នា យើងនឹងធ្វើការអស្ចារ្យ ជាការដែលមិនធ្លាប់កើតមានយ៉ាងដូច្នោះ នៅអស់ទាំងនគរលើផែនដី និងនៅក្នុងចំណោមអស់ទាំងសាសន៍ដែលអ្នករស់នៅ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលយើងនឹងប្រោសដល់អ្នក គឺជាការគួរស្ញែងខ្លាច។
11ចូរប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ មើល៍! យើងនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខអ្នក។ 12ចូរប្រយ័ត្ន មិនត្រូវតាំងសញ្ញាជាមួយអ្នកស្រុកដែលអ្នកចូលទៅនោះឡើយ ក្រែងលោគេត្រឡប់ជាអន្ទាក់នៅកណ្ដាលអ្នក។ 13អ្នករាល់គ្នាត្រូវរំលំអាសនារបស់គេ បំបាក់បំបែករូបព្រះ និងបំផ្លាញបង្គោលសក្ការៈ របស់គេចេញ។ 14(ដ្បិតអ្នករាល់គ្នាមិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ព្រោះព្រះយេហូវ៉ាដែលព្រះនាមជាព្រះប្រចណ្ឌ ព្រះអង្គជាព្រះទ្រង់មានព្រះហឫទ័យប្រចណ្ឌ)។ 15មិនត្រូវតាំងសញ្ញាជាមួយពួកអ្នកស្រុកនោះឡើយ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ នោះគេនឹងអញ្ជើញអ្នកទៅបរិភោគយញ្ញបូជារបស់គេ 16ហើយអ្នកនឹងយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នក រួចកូនស្រីរបស់គេទៅផិតតាមព្រះរបស់គេ នោះនឹងនាំឲ្យកូនប្រុសរបស់អ្នកទៅផិតតាមព្រះរបស់គេដែរ។
17មិនត្រូវសិតធ្វើរូបព្រះឡើយ។
18ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាងប្រាំពីរថ្ងៃនៅខែអាប៊ីប ដូចយើងបានបង្គាប់អ្នកហើយ ដ្បិតនៅខែនោះហើយដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
19អស់ទាំងកូនដែលកើតពីផ្ទៃមុនគេជារបស់យើង ព្រមទាំងកូនឈ្មោលដំបូងរបស់សត្វអ្នកទាំងប៉ុន្មាន ទោះជាគោ ឬចៀមក្តី។ 20រីឯកូនដំបូងរបស់សត្វលា នោះត្រូវយកកូនចៀមមួយមកលោះ តែបើមិនចង់លោះទេ ត្រូវបំបាក់កកូនលានោះទៅ។ អស់ទាំងកូនប្រុសច្បងរបស់អ្នក នោះអ្នកត្រូវតែលោះកុំខាន។
មិនត្រូវមកដោយដៃទទេនៅមុខយើងឡើយ។
21ត្រូវធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ ត្រូវឈប់សម្រាក ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្ដី ក៏ត្រូវឈប់សម្រាកដែរ។ 22ត្រូវធ្វើបុណ្យអាទិត្យទីប្រាំពីរ គឺជាបុណ្យផលដំបូងពីចម្រូតស្រូវសាលី និងបុណ្យប្រមូលផលចុងឆ្នាំ។ 23ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួនបីដងក្នុងមួយឆ្នាំ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ 24ដ្បិតយើងនឹងបណ្តេញអស់ទាំងសាសន៍ដទៃចេញពីមុខអ្នក ហើយពង្រីកព្រំប្រទល់របស់អ្នកឲ្យធំទូលាយ កាលណាអ្នកឡើងមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកបីដងក្នុងមួយឆ្នាំ នោះគ្មានអ្នកណាលោភចង់បានស្រុករបស់អ្នកឡើយ។
25មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។
26ផលដំបូងបង្អស់ដែលកើតពីដីរបស់អ្នក នោះត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
អ្នកមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
27ព្រះយេហូវ៉ាបង្គាប់ដល់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះ ដ្បិតយើងតាំងសញ្ញារបស់យើងជាមួយអ្នក និងជាមួយអ៊ីស្រាអែល»។ 28លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។
មុខលោកម៉ូសេមានពន្លឺ
29លោកម៉ូសេចុះពីលើភ្នំស៊ីណាយមកវិញ ទាំងកាន់បន្ទះថ្មនៃសេចក្ដីសញ្ញា ទាំងពីរផ្ទាំងនៅដៃមកជាមួយ។ ពេលចុះពីភ្នំ លោកមិនបានដឹងថាស្បែកមុខលោកភ្លឺ ដោយបានសន្ទនាជាមួយព្រះនោះទេ។ 30កាលលោកអើរ៉ុន និងពួកអ៊ីស្រាអែលទាំងអស់បានឃើញលោកម៉ូសេ នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ។ 31ប៉ុន្ដែ លោកម៉ូសេបានហៅពួកគេមក ហើយលោកអើរ៉ុន និងពួកមេដឹកនាំក្រុមជំនុំទាំងអស់ក៏នាំគ្នាត្រឡប់មកឯលោកវិញ រួចលោកមានប្រសាសន៍ជាមួយពួកគេ។ 32បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចូលមកជិតទាំងអស់គ្នា ហើយលោកបានប្រាប់ពួកគេពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកនៅលើភ្នំស៊ីណាយ។ 33កាលលោកម៉ូសេមានប្រសាសន៍ជាមួយពួកគេចប់សព្វគ្រប់ហើយ លោកក៏យកស្បៃមកបាំងមុខ 34តែពេលណាលោកម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខចេញ ដរាបដល់ចេញមកវិញ។ លុះពេលចេញមកវិញ លោកក៏ប្រាប់កូនចៅអ៊ីស្រាអែល តាមសេចក្ដីដែលព្រះអង្គបានបង្គាប់។ 35កូនចៅអ៊ីស្រាអែលមើលមុខលោកម៉ូសេ ឃើញស្បែកមុខលោកភ្លឺ លោកក៏យកស្បៃមកបាំងមុខទៀត រហូតទាល់តែដល់ពេលចូលទៅសន្ទនាជាមួយព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies