និក្ខមនំ 33:12-23

និក្ខមនំ 33:12-23 គកស១៦

លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​ប្រជា‌ជន​នេះ​ទៅ តែ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា‌មួយ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​អ្នក​ក៏​ប្រកប​ដោយ​គុណ​របស់​យើង​ដែរ"។ ឥឡូវ​នេះ ប្រសិន​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន​នោះ សូម​បង្ហាញ​ផ្លូវ​របស់​ព្រះ‌អង្គ​ដល់​ទូល​បង្គំ​ឥឡូវ​នេះ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ សូម​នឹក​ចាំ​ពី​សាសន៍​នេះ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «វត្ត‌មាន​របស់​យើង​នឹង​ទៅ​ជា‌មួយ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​បាន​សម្រាក»។ លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​ទេ សូម​កុំ​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​នេះ​ឡើយ។ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​បាន បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​យើង​ខ្ញុំ​នោះ? យ៉ាង​នេះ​ឯង ដែល​យើង​ខ្ញុំ គឺ​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹង​បាន​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ឯ​ទៀត​នៅ​លើ​ផែន‌ដី»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។ លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹងសម្ដែង​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​យើង​នៅ​ចំពោះ​មុខ​អ្នក ក៏​នឹង​ប្រកាស​ពី​ឈ្មោះ​របស់​យើង​ជា "យេហូវ៉ា" នៅ​មុខ​អ្នក​ដែរ យើង​នឹង​ប្រោស​អ្នក​ណា​ដែល​យើង​ចង់​ប្រោស ហើយ​នឹង​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តែ​អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​យើង ហើយ​នៅ​មាន​ជីវិត​រស់​បាន​ទេ»។ ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍! មាន​កន្លែង​មួយ​នៅ​ជិត​យើង ដែល​អ្នក​ត្រូវ​ឈរ​នៅ​លើ​ថ្ម ហើយ​កាល​ណា​សិរី‌ល្អ​របស់​យើង​ឆ្លង​កាត់ យើង​នឹង​ដាក់​អ្នក​ក្នុង​ក្រហែង​ថ្ម​មួយ ហើយ​យើង​នឹង​បាំង​អ្នក​ដោយ​ដៃ​របស់​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត។ បន្ទាប់​មក យើង​នឹង​ដក​ដៃ​យើង​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែអាច​មិន​ឃើញ​មុខ​យើង​ឡើយ»។

អាន និក្ខមនំ 33