និក្ខមនំ 16
16
នំប៉័ងពីសា្ថនសួគ៌
1គេធ្វើដំណើរចេញពីអេលីម ហើយក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណាយ នៅថ្ងៃដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលគេបានចាកចេញពីស្រុកអេស៊ីព្ទ។ 2ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងមូលក៏រអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុននៅទីរហោស្ថាននោះ 3កូនចៅអ៊ីស្រាអែលពោលទៅកាន់ពួកលោកថា៖ «ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង ដ្បិតដែលលោកនាំពួកយើងមកក្នុងទីរហោស្ថាននេះ គឺដើម្បីសម្លាប់ក្រុមជំនុំនេះទាំងមូលដោយអត់ឃ្លានទេ»។
4បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យអ្នករាល់គ្នា ហើយរាល់ថ្ងៃ ប្រជាជនត្រូវចេញទៅរើសឲ្យល្មមសម្រាប់តែមួយថ្ងៃ ដើម្បីឲ្យយើងបានល្បងលគេមើល ប្រយោជន៍ឲ្យដឹងថា តើគេនឹងគោរពតាមច្បាប់របស់យើងឬទេ។ 5នៅថ្ងៃទីប្រាំមួយ ត្រូវឲ្យគេរើសលើសជាងធម្មតាមួយជាពីរ យកទៅរៀបចំទុក»។ 6លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រកាសប្រាប់កូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺព្រះយេហូវ៉ាទេដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ 7ហើយព្រឹកឡើង អ្នករាល់គ្នានឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា ព្រោះព្រះអង្គបានឮសេចក្ដីដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ ដ្បិតតើយើងទាំងពីរជាអ្វីដែលអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?» 8លោកម៉ូសេមានប្រសាសន៍ថា៖ «ល្ងាចនេះ ព្រះយេហូវ៉ានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយនៅព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងមកចម្អែតអ្នករាល់គ្នា ដ្បិតព្រះអង្គបានឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គហើយ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះយេហូវ៉ាវិញ»។
9លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា "ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ"»។ 10កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។ 11ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 12«យើងបានឮពាក្យរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា "នៅពេលព្រលប់ អ្នករាល់គ្នានឹងបានបរិភោគសាច់ ហើយនៅពេលព្រឹក នឹងបានចម្អែតដោយនំបុ័ង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា"»។
13នៅពេលល្ងាច មានសត្វក្រួចហើរមកគ្របនៅលើជំរំ ហើយព្រឹកឡើង មានទឹកសន្សើមនៅជុំវិញជំរំ។ 14កាលទឹកសន្សើមស្ងួតហើយ នោះឃើញមានគ្រាប់ល្អិតៗពាញពេញទីរហោស្ថាន ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី។ 15កាលកូនចៅអ៊ីស្រាអែលបានឃើញ គេសួរគ្នាថា៖ «តើនេះជាអ្វី ?» ដ្បិតគេមិនស្គាល់ជាអ្វីទេ។ លោកម៉ូសេប្រាប់គេថា៖ «នេះជានំបុ័ងដែលព្រះយេហូវ៉ាប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ 16នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យម្នាក់ៗរើសយកល្មមតែបរិភោគឆ្អែតចុះ គឺមួយខ្ញឹងម្នាក់ តាមចំនួនមនុស្ស គ្រប់គ្នាត្រូវយកឲ្យល្មមសម្រាប់តែអ្នកដែលនៅក្នុងត្រសាលរបស់ខ្លួន»។ 17កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ អ្នកខ្លះរើសបានច្រើន អ្នកខ្លះបានតិច។ 18ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។ 19លោកម៉ូសេប្រាប់គេថា៖ «មិនត្រូវឲ្យអ្នកណាម្នាក់ទុករហូតដល់ព្រឹកឡើយ»។ 20ប៉ុន្ដែ គេមិនស្តាប់លោកម៉ូសេទេ គឺមានអ្នកខ្លះបានទុកនំនោះរហូតដល់ព្រឹក ហើយក៏កើតមានដង្កូវ មានក្លិនស្អុយ លោកម៉ូសេក៏ខឹងនឹងគេ។ 21គេតែងតែរើសរៀងរាល់ព្រឹក ឲ្យល្មមតែបរិភោគប៉ុណ្ណោះ តែនៅពេលថ្ងៃក្តៅឡើង នំនោះក៏រលាយអស់។
22នៅថ្ងៃទីប្រាំមួយ គេក៏រើសនំប៉័ងចំនួនពីរភាគ គឺម្នាក់ៗពីរខ្ញឹង ហើយកាលពួកមេដឹកនាំទាំងអស់របស់ក្រុមជំនុំមកប្តឹងលោកម៉ូសេ 23លោកប្រាប់គេថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ដ្បិតថ្ងៃស្អែកជាថ្ងៃសប្ប័ទ ជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អ្វីដែលត្រូវដុត នោះដុតទៅ ហើយអ្វីដែលត្រូវស្ងោរ នោះស្ងោរទៅ ឯអាហារដែលនៅសល់ ត្រូវទុកមួយឡែកសម្រាប់ព្រឹកស្អែក»។ 24គេក៏ទុករហូតដល់ព្រឹកស្អែក តាមបង្គាប់លោកម៉ូសេ តែនំនោះមិនមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានចោះដែរ។ 25លោកម៉ូសេមានប្រសាសន៍ថា៖ «ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងមិនឃើញមាននៅឯវាលទេ។ 26អ្នករាល់គ្នាត្រូវរើសនំនេះបានតែក្នុងរវាងប្រាំមួយថ្ងៃ តែនៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នោះនឹងគ្មានទេ»។
27នៅថ្ងៃទីប្រាំពីរ មានប្រជាជនខ្លះចេញទៅរើសដែរ តែគេរកមិនបានសោះ។ 28ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនព្រមធ្វើតាមបទបញ្ជា និងច្បាប់របស់យើងដល់កាលណាទៀត? 29មើល៍! ព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃសប្ប័ទ ដូច្នេះហើយបានជានៅថ្ងៃទីប្រាំមួយ ព្រះអង្គប្រទាននំប៉័ងសម្រាប់ពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ចូរអ្នករាល់គ្នានៅតែក្នុងកន្លែងរបស់ខ្លួនចុះ មិនត្រូវចេញទៅក្រៅឡើយ»។ 30ដូច្នេះ ប្រជាជនក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។
31ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា "ម៉ាណា" នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង មានពណ៌ស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។ 32លោកម៉ូសេមានប្រសាសន៍ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ត្រូវឲ្យយកនំនេះដាក់ពេញមួយខ្ញឹង ទុកសម្រាប់កូនចៅអ្នករាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលយើងបានឲ្យអ្នករាល់គ្នាបរិភោគនៅទីរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ»។ 33លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកផើងមួយមកដាក់នំម៉ាណាមួយខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។ 34ដូច្នេះ លោកអើរ៉ុនក៏យកនំម៉ាណាទៅដាក់នៅមុខហិបនៃសេចក្ដីសញ្ញា ដើម្បីរក្សាទុក ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ 35កូនចៅអ៊ីស្រាអែលបានបរិភោគនំម៉ាណាសែសិបឆ្នាំ រហូតទាល់តែបានទៅដល់ស្រុកមួយដែលមានមនុស្សរស់នៅ គឺបានបរិភោគនំម៉ាណារហូតទាល់តែគេបានទៅដល់ព្រំដែនស្រុកកាណាន។ 36ឯខ្ញឹងនោះ គឺមួយថាំងមានដប់ខ្ញឹង។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies