និក្ខមនំ 15

15
បទ​ចម្រៀង​របស់​លោក​ម៉ូសេ
1បន្ទាប់​មក លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា៖
«ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់
ព្រះ‌អង្គ​បាន​ផ្តួល ទាំង​សេះ ទាំង​អ្នក​ជិះ
ទៅ​ក្នុង​សមុទ្រ។
2ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ
ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង
ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ
ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។
3ព្រះ‌យេហូវ៉ា​ជា​អ្នក​ចម្បាំង
ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា។
4ព្រះ‌អង្គ​បាន​បោះ​អស់​ទាំង​រទេះ
និង​កង​‌ទ័ព​របស់​ផារ៉ោន​ទៅ​ក្នុង​សមុទ្រ
ពួក​មេ‌ទ័ព​ជម្រើស​របស់​ស្ដេច
ក៏​បាន​លង់​ក្នុង​សមុទ្រ​ក្រហម ។
5ទឹក​សមុទ្រ​បាន​គ្រប​គេ​បាត់
គេ​បាន​ធ្លាក់​ចុះ​ទៅ​ដល់​បាត​សមុទ្រ ដូច​ជា​ដុំ​ថ្ម។
6ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​មាន​ឫទ្ធិ​ដ៏​វិសេស
ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​បំបាក់​សត្រូវ​ខ្ទេច‌ខ្ទី។
7ព្រះ‌អង្គ​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ
ដោយ​ឫទ្ធា‌នុភាព​ដ៏​ធំ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ភ្លើង​ឆេះ​ជញ្ជ្រាំង។
8ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ព្រះ‌អង្គ
ទឹក​ក៏​ឈរ​ឡើង​ជា​គំនរ
ទឹក​ធំ​បាន​ពូន​ឡើង​ដូច​កំផែង
អស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​បាត​សមុទ្រ។
9ខ្មាំង​សត្រូវ​ពោល​ថា "អញ​នឹង​ដេញ​តាម
អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប
អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ
អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ"។
10តែ​ព្រះ‌អង្គ​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ
នោះ​សមុទ្រ​បាន​គ្រប​គេ​បាត់
គេ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ ដូចជា​ដុំ​សំណ។
11ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ
តើ​មាន​អ្នក​ណា
ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ
ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?
12ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង
នោះ​ផែន​ដី​ក៏​ស្រូប​គេ​បាត់​ទៅ។
13ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
នោះ​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ
ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ
គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​ដោយ​ព្រះ​បារមី។
14គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ញាប់‌ញ័រ
ឯ​សាសន៍​ភីលី‌ស្ទីន​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច។
15ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង
ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ
ហើយ​មនុស្ស​ទាំង​អស់
ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។
16សេចក្ដី​ស្ញែង‌ខ្លាច
និង​សេចក្ដី​ថប់​បារម្ភ​គ្រប​សង្កត់​លើ​គេ
គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម
ដោយ‌សារ​ភាព​អស្ចារ្យ​នៃ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ
រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឆ្លង​ផុត
ឱ​ព្រះ‌យេហូវ៉ាអើយ
គឺ​ទាល់​តែ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត។
17ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ
ជា​មត៌ក​របស់​ព្រះ‌អង្គ
ជា​កន្លែង​ដែល​ព្រះ‌អង្គ​រៀបចំ​ទុក
ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ
ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សាង។
18ព្រះ‌យេហូវ៉ា​នឹង​សោយ​រាជ្យ​ជា​រៀង​រហូត
អស់​កល្ប​ជា‌និច្ច»។
19ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​សេះ​របស់​ស្ដេច​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្ដាល​សមុទ្រ តាម​ដី​គោក​វិញ។
ចម្រៀង​របស់​លោក​ស្រី​ម៉ារាម
20ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។ 21លោក​ស្រី​ម៉ារាម​ក៏​ច្រៀង​ឆ្លើយ​នឹង​គេ​ថា៖
«ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់
ព្រះ‌អង្គ​បាន​បោះ​ទាំង​សេះ ទាំង​អ្នក​ជិះ
ទៅ​ក្នុង​សមុទ្រ»។
ទឹក​ល្វីង​ប្រែ​ទៅ​ជា​ទឹក​សាប
22បន្ទាប់​មក លោក​ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​ក្រហម ហើយ​គេ​ធ្វើ​ដំណើរ​ចូល​ទៅ​ទី​រហោ‌ស្ថាន​ស៊ើរ។ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​បី​ថ្ងៃ ហើយ​មិន​ឃើញ​មាន​ទឹក​សោះ។ 23កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "ម៉ារ៉ា" ។ 24បណ្ដា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​យើង​បាន​អ្វី​ផឹក?» 25លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ក៏​បង្ហាញ​ឲ្យ​លោក​ឃើញ​ឈើ​មួយ​កំណាត់ លោក​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ។
នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ច្បាប់ និង​បញ្ញត្តិ​សម្រាប់​គេ ហើយ​ព្រះ‌អង្គ​ក៏​ល្បង​ល​គេ​ដែរ។ 26ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ព្រះ​សូរ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ‌អង្គ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បទ​បញ្ជា​ព្រះ‌អង្គ ក៏​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​ជា»។
27បន្ទាប់​មក គេ​ក៏​ទៅ​ដល់​អេលីម ជា​ទី​ដែល​មាន​ក្បាល​ទឹក​ដប់ពីរ មាន​ដើម​លម៉ើ​ចិតសិប​ដើម ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ ក្បែរ​មាត់​ទឹក។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល