និក្ខមនំ 16

16
នំ​ប៉័ង​ពី​សា្ថនសួគ៌
1គេ​ធ្វើ​ដំណើរ​ចេញ​ពី​អេលីម ហើយ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ី‌ណាយ នៅ​ថ្ងៃ​ដប់ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​គេ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ 2ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ទី​រហោ‌ស្ថាន​នោះ 3កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។
4បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​រាល់​ថ្ងៃ ប្រជា‌ជន​ត្រូវ​ចេញ​ទៅ​រើស​ឲ្យ​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បង‌ល​គេ​មើល ប្រយោជន៍​ឲ្យ​ដឹង​ថា តើ​គេ​នឹង​គោរព​តាម​ច្បាប់​របស់​យើងឬ​ទេ។ 5នៅ​ថ្ងៃ​ទី​ប្រាំមួយ ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​មួយ​ជា​ពីរ យក​ទៅ​រៀបចំ​ទុក»។ 6លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ប្រកាស​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ព្រះ‌យេហូវ៉ាទេ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ 7ហើយ​ព្រឹក​ឡើង អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ។ ដ្បិត​តើ​យើង​ទាំង​ពីរ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?» 8លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ល្ងាច​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ ហើយ​នៅ​ព្រឹក​ស្អែក ព្រះ‌អង្គ​នឹង​ប្រទាន​នំបុ័ង​មក​ចម្អែត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ​ហើយ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌យេហូវ៉ា​វិញ»។
9លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា "ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​អ្នក​រាល់​គ្នា​ហើយ"»។ 10កាល​លោក​អើរ៉ុន​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល នោះ​គេ​ងាក​បែរ​ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក។ 11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 12«យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា "នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក នឹង​បាន​ចម្អែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា"»។
13នៅ​ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ជំរំ ហើយ​ព្រឹក​ឡើង មាន​ទឹក​សន្សើម​នៅ​ជុំ‌វិញ​ជំរំ។ 14កាល​ទឹក​សន្សើម​ស្ងួត​ហើយ នោះ​ឃើញ​មាន​គ្រាប់​ល្អិតៗ​ពាញ​ពេញ​ទី​រហោ‌ស្ថាន ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី។ 15កាល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ គេ​សួរ​គ្នា​ថា៖ «តើ​នេះ​ជា​អ្វី ?» ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «នេះ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។ 16នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​ម្នាក់​ៗ​រើស​យក​ល្មម​តែ​បរិ‌ភោគ​ឆ្អែត​ចុះ គឺ​មួយ​ខ្ញឹង​ម្នាក់ តាម​ចំនួន​មនុស្ស គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​សម្រាប់​តែ​អ្នក​ដែល​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន»។ 17កូនចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ អ្នក​ខ្លះ​រើស​បាន​ច្រើន អ្នក​ខ្លះ​បាន​តិច។ 18ប៉ុន្ដែ កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​អ្វី​នៅ​សល់ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ប្រមូល​បាន​ល្មម​តែ​ខ្លួន​បរិ‌ភោគ​ប៉ុណ្ណោះ។ 19លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ទុក​រហូត​ដល់​ព្រឹក​ឡើយ»។ 20ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ម៉ូសេ​ទេ គឺ​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​រហូត​ដល់​ព្រឹក ហើយ​ក៏​កើត​មាន​ដង្កូវ មាន​ក្លិន​ស្អុយ លោក​ម៉ូសេក៏​ខឹង​នឹង​គេ។ 21គេ​តែង‌តែ​រើស​រៀង​រាល់​ព្រឹក ឲ្យ​ល្មម​តែ​បរិ‌ភោគ​ប៉ុណ្ណោះ តែ​នៅ​ពេល​ថ្ងៃ​ក្តៅ​ឡើង នំ​នោះ​ក៏​រលាយ​អស់។
22នៅ​ថ្ងៃ​ទី​ប្រាំមួយ គេ​ក៏​រើស​នំ​ប៉័ង​ចំនួន​ពីរ​ភាគ គឺ​ម្នាក់ៗ​ពីរ​ខ្ញឹង ហើយ​កាល​ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ​មក​ប្តឹង​លោក​ម៉ូសេ 23លោក​ប្រាប់​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​ឈប់​សម្រាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្វី​ដែល​ត្រូវ​ដុត នោះ​ដុត​ទៅ ហើយ​អ្វី​ដែល​ត្រូវ​ស្ងោរ នោះ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​នៅ​សល់ ត្រូវ​ទុក​មួយ​ឡែក​សម្រាប់​ព្រឹក​ស្អែក»។ 24គេ​ក៏​ទុក​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​លោក​ម៉ូសេ តែ​នំ​នោះ​មិន​មាន​ធុំ​ក្លិន​ស្អុយ​អ្វី​ទេ ដង្កូវ​ក៏​មិន​បាន​ចោះ​ដែរ។ 25លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ត្រូវ​បរិ‌ភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​មាន​នៅ​ឯ​វាល​ទេ។ 26អ្នក​រាល់​គ្នា​ត្រូវ​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​នៅ​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ នោះ​នឹង​គ្មាន​ទេ»។
27នៅ​ថ្ងៃ​ទី​ប្រាំពីរ មាន​ប្រជា‌ជន​ខ្លះ​ចេញ​ទៅ​រើស​ដែរ តែ​គេ​រក​មិន​បាន​សោះ។ 28ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ធ្វើ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​យើង​ដល់​កាល​ណា​ទៀត? 29មើល៍! ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំមួយ ព្រះ‌អង្គ​ប្រទាន​នំ​ប៉័ង​សម្រាប់​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​របស់​ខ្លួន​ចុះ មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។ 30ដូច្នេះ ប្រជា‌ជន​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ។
31ពួក​វង្ស​អ៊ីស្រា‌អែល​ក៏​ហៅ​នំ​នោះ​ថា "ម៉ាណា" នំ​នោះ​មើល​ទៅ​មាន​សណ្ឋាន​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ហើយ​មាន​រស​ជាតិ​ដូច​នំ​ដែល​ធ្វើ​ពី​ទឹក​ឃ្មុំ។ 32លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ត្រូវ​ឲ្យ​យក​នំ​នេះ​ដាក់​ពេញ​មួយ​ខ្ញឹង ទុក​សម្រាប់​កូន​ចៅ​អ្នក​រាល់​គ្នា​ត​ទៅ​មុខ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​នំ​ដែល​យើង​បាន​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ​នៅ​ទី​រហោ‌ស្ថាន នៅ​ពេល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ»។ 33លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ផើង​មួយ​មក​ដាក់​នំ​ម៉ាណា​មួយ​ខ្ញឹង រួច​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​រក្សា​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»។ 34ដូច្នេះ លោក​អើរ៉ុន​ក៏​យក​នំ​ម៉ាណា​ទៅ​ដាក់​នៅ​មុខ​ហិបនៃ​សេចក្ដី​សញ្ញា ដើម្បី​រក្សា​ទុក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។ 35កូន​ចៅ​អ៊ីស្រា‌អែល​បាន​បរិ‌ភោគ​នំ​ម៉ាណា​សែសិប​ឆ្នាំ រហូត​ទាល់​តែ​បាន​ទៅ​ដល់​ស្រុក​មួយ​ដែល​មាន​មនុស្ស​រស់​នៅ គឺ​បាន​បរិ‌ភោគ​នំ​ម៉ាណា​រហូត​ទាល់​តែ​គេ​បាន​ទៅ​ដល់​ព្រំ‌ដែន​ស្រុក​កាណាន។ 36ឯ​ខ្ញឹង​នោះ គឺ​មួយ​ថាំង​មាន​ដប់​ខ្ញឹង។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល