សាស្តា 1
1
ការឆ្លុះបញ្ចាំងនៃរាជ្យអ្នកទស្សនវិទូ
1ទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ព្រះបាទដាវីឌ ស្តេចនៅក្រុងយេរូសាឡិម។
2«ការឥតប្រយោជន៍ទទេៗ»
នេះជាពាក្យរបស់គ្រូប្រដៅ ពោលទុកថា
ការឥតប្រយោជន៍ទទេៗ
គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេៗ។
3តើមនុស្សមានកម្រៃអ្វីខ្លះ
ពីកិច្ចការទាំងប៉ុន្មានដែលខ្លួនខំធ្វើ
ដោយនឿយហត់នៅក្រោមថ្ងៃ?
4មនុស្សតំណមួយកន្លងបាត់ទៅ
ហើយតំណមួយទៀតកើតឡើង
តែផែនដីស្ថិតស្ថេរនៅជាដរាប។
5ថ្ងៃរះឡើង ហើយលិចទៅវិញ
រួចប្រញាប់នឹងវិលទៅឯកន្លែង
ដែលរះឡើងនោះទៀត
6ឯខ្យល់ក៏បក់ទៅខាងត្បូង
រួចវិលមកខាងជើងវិញ
គឺវិលទៅវិលមកជានិច្ច
ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត។
7ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ
តែសមុទ្រមិនចេះពេញឡើយ
ហើយទឹកទន្លេក៏ត្រឡប់ទៅហូរ
តាមផ្លូវដដែលវិញទៀត
8គ្រប់ការ ទាំងអស់ច្រំដែលៗគួរឲ្យធុញទ្រាន់
មនុស្សរកពាក្យថ្លែងមិនបាន
ភ្នែកមើលមិនចេះឆ្អែត
ហើយត្រចៀកក៏ស្តាប់មិនចេះពេញ។
9អ្វីដែលមានពីមុនមក នោះនឹងមានតទៅទៀត
ហើយអ្វីដែលបានធ្វើពីមុនមក
នោះក៏នឹងត្រូវធ្វើតទៅទៀត
ឥតមានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។
10តើមានអ្វីណាមួយដែលគេអាចថា
«នេះជារបស់ថ្មី» ទេ?
គឺសុទ្ធតែមានតាំងពីបុរាណមក
ក៏មាននៅអស់កល្ប
មុនដែលមនុស្សយើងកើតមកផង។
11គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ
ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ
ចំពោះអ្វីៗដែលមិនទាន់មាន
ដែលនឹងមកដល់បន្ទាប់ទៀតដែរ។
ជាការឥតប្រយោជន៍នៃការស្វែងរកប្រាជ្ញា
12យើងគឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម។ 13យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។ 14យើងបានឃើញកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃ ហើយមើល៍ ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ដូចជាដេញចាប់ខ្យល់ ។
15របស់ណាដែលវៀច
នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន
ហើយរបស់អ្នកណាដែលខ្វះខាត
នោះនឹងរាប់មិនបានដែរ។
16យើងបាននឹកក្នុងចិត្តថា «យើងបានធំឡើងហើយ មានប្រាជ្ញាលើសជាងអ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងធ្លាប់បានដឹងចំពោះប្រាជ្ញា និងតម្រិះជាច្រើន»។ 17យើងក៏បានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងការផ្តេសផ្តាស។ ខ្ញុំយល់ឃើញថា ការនេះដូចគ្នា ក៏មិនខុសពីដេញចាប់ខ្យល់ដែរ ។
18ដ្បិតដែលមានប្រាជ្ញាច្រើន ក៏កើតទុក្ខច្រើន
ហើយអ្នកណាដែលចម្រើនចំណេះ
ក៏ចម្រើនសេចក្ដីព្រួយឡើងដែរ។
ទើបបានជ្រើសរើសហើយ៖
សាស្តា 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies