សាស្តា 2

2
ការ​ឥត​ប្រយោជន៍នៃ​ការ​ខំផ្គាប់​ចិត្ត​ខ្លួន​ឯង
1យើង​បាន​និយាយ​ចំពោះ​ចិត្ត​យើង​ថា៖ «មក​ចុះ យើង​នឹង​ល្បង‌ល​ឯង​ដោយ​ការ​អរ​សប្បាយ ឯង​នឹង​បាន​គ្រឹក‌គ្រេង​សប្បាយ»។ តែ​មើល៍ ការ​នោះ​ក៏​ឥត​ប្រយោជន៍​ដែរ។ 2យើង​បាន​និយាយ​ពី​ការ​សើច​សប្បាយ​ថា «វា​ជា​ការ​ចម្កួត» និង​ពី​ការ​គ្រឹក‌គ្រេង​ថា «តើ​មាន​ផល​អ្វី?» 3យើង​បាន​រក​នឹក​ក្នុង​ចិត្ត ពី​របៀប​យ៉ាង​ណា​ដែល​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចម្កួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​មួយ​ជីវិត។ 4ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។ 5បាន​ធ្វើ​សួន‌ច្បារ និង​សួន​ឈើ​សម្រាប់​ខ្លួន​យើង ទាំង​បាន​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ​ដែរ។ 6យើង​បាន​ជីក​ស្រះ​ទឹក សម្រាប់​ស្រោច​ចម្ការ​បណ្តុះ​កូន​ឈើ 7ខ្ញុំ​បាន​ទិញ​បាវ​ប្រុស​ស្រី​ជា​ច្រើន ហើយ​មាន​កូន​កើត​មក​នៅ​ក្នុង​ផ្ទះ​យើង។ ក៏​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ដូច​ជា ហ្វូង​គោ ហ្វូង​ចៀម លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង។ 8ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ស្តេច និង​ពី​ខេត្ត​នានា ក៏​ប្រមូល​បាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក​ម្នាង​ជា​ច្រើន​ផង។
9ខ្ញុំ​បាន​ក្លាយ​ជា​ធំ ហើយ​បាន​ចម្រើន​ឡើង លើស​ជាង​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត តែ​ប្រាជ្ញា​របស់​យើង​ក៏​នៅ​ជាប់​នឹង​យើង​ដែរ 10ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន ខ្ញុំ​មិន​បាន​បង្អត់​ឡើយ ខ្ញុំ​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​ចំពោះ​ការងារ​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្វើ ហើយ​នោះ​ជា​ផល​ដែល​កើត​ពី​កិច្ច‌ការ​របស់​យើង។ 11គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល៍ សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ក៏​ឥត​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។
អ្នក​ដែលគាប់​ព្រះហឫទ័យ​ព្រះ​ទទួល​បានប្រាជ្ញា និង​សេចក្ដី​អំណរ
12រួច​យើង​ក៏​បែរ​ទៅ​ពិចារ‌ណា​មើល​ប្រាជ្ញា ព្រម​ទាំង​ការ​ចម្កួត ការ​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន? គឺ​ធ្វើ​បាន​តែ​ការ​ណា​ដែល​បាន​ធ្វើ​ជា​យូរ​អង្វែង​មក​ហើយ​ប៉ុណ្ណោះ។ 13យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​ការ​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ។
14ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ត្រង់​ក្បាល​គេ
តែ​មនុស្ស​ល្ងី‌ល្ងើ រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ
ប៉ុន្តែ យើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា។ 15រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សម្រេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ 16ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ 17ហេតុ​នោះ យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។
18ខ្ញុំ​បាន​ស្អប់​គ្រប់​ទាំង​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​ខ្ញុំ 19ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សម្ដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ 20ដោយ​ហេតុ​នោះ យើង​បាន​វិល​មក​បណ្ដាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ 21ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​តម្រិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង 22ដ្បិត​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ និង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ 23ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សម្រាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។
24គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ 25ដ្បិតបើ​មិន​មក​ពី​ព្រះ‌អង្គ ទេ តើ​មាន​អ្នក​ណា​អាច​នឹង​បរិ‌ភោគ ឬ​មាន​អំណរ​បាន? 26ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល