ចោទិយ‌កថា 6

6
ក្រឹត្យ​វិន័យ​ដ៏​សំខាន់
1«នេះ​ជា​បទ‌បញ្ជា ជា​ច្បាប់ និង​ជា​បញ្ញត្តិ​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ខ្ញុំ​ឲ្យ​បង្រៀន​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​កាន់​កាប់ 2ប្រយោជន៍​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក អស់​មួយ​ជីវិត​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​ត​រៀង​ទៅ ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។ 3ដូច្នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រយ័ត្ននឹង​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ចម្រើន​គ្នា​ជា​ច្រើន​ឡើង​យ៉ាង​សន្ធឹក នៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​បាន​សន្យា​នឹង​អ្នក។
4ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ‌យេហូវ៉ា​តែ​មួយ​អង្គ​គត់ ។ 5អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង​របស់​អ្នក។ 6សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ 7ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក ហើយ​ត្រូវ​ដំណាល​សេចក្ដី​ទាំង​នេះ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក និង​ពេល​ក្រោក​ឡើង​ផង។ 8ត្រូវ​ចង​សេចក្ដី​ទាំង​នេះជា​ទី​សម្គាល់​នៅ​នឹង​ដៃ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​របស់​អ្នក 9ត្រូវ​កត់​សេចក្ដី​ទាំងនេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក»។
ត្រូវ​ប្រយ័ត្ន​ក្រែង​មិន​ស្ដាប់​បង្គាប់
10«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក គឺ​ជា​ក្រុង​ធំ​ៗ ហើយ​ល្អ ដែល​អ្នក​មិន​បាន​សង់ 11ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​អ្នក​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​អ្នក​មិន​បាន​ជីក ហើយ​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​អ្នក​មិន​បាន​ដាំ រួច​អ្នក​បាន​បរិ‌ភោគ​ឆ្អែត 12នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ 13ត្រូវ​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​គោរព​ប្រតិ‌បត្តិ​ព្រះ‌អង្គ ហើយ​ត្រូវ​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ។ 14មិន​ត្រូវ​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​ឡើយ 15ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រចណ្ឌ ក្រែង​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឆួល​ឡើង​ទាស់​នឹង​អ្នក ហើយ​ព្រះ‌អង្គ​បំផ្លាញ​អ្នក​ពី​លើ​ផែន‌ដី​នេះ​ចេញ​ទៅ។
16មិន​ត្រូវ​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដូច​អ្នក​បាន​ល្បងល​ព្រះ‌អង្គ​នៅ​ម៉ាសា នោះ​ឡើយ។ 17ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​បន្ទាល់ និង​ច្បាប់​ទាំង​ឡាយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។ 18ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ល្អ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក 19ដោយ​បណ្តេញ​អស់​ទាំង​ខ្មាំង‌សត្រូវ​ចេញ​ពី​មុខ​អ្នក ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា។
20កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​របស់​អ្នក​សួរ​ថា តើ​បន្ទាល់ ច្បាប់ និង​បញ្ញត្តិ​ទាំង​ឡាយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្ដេច? 21នោះ​អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា ពី​ដើម​យើង​ជា​ទាសករ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ 22ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​សម្បើម ហើយ​យ៉ាង​ដំណំ​នៅ​ភ្នែក​របស់​យើង ទាស់​នឹង​ស្រុក​អេស៊ីព្ទ និង​ផារ៉ោន ព្រម​ទាំង​ពួក​ដំណាក់​ព្រះ‌អង្គ​ទាំង​អស់។ 23ព្រះ‌អង្គ​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​នាំ​យើង​ចូល ហើយ​ប្រគល់​ស្រុក​នោះ​ឲ្យ​យើង ជា​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​យើង។ 24ព្រះ‌យេហូវ៉ា​បាន​បង្គាប់ឲ្យ​យើង​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់នេះ គឺ​ឲ្យ​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ថែ​រក្សា​អាយុ​ជីវិត​យើង ដូច​មាន​នៅ​ថ្ងៃ​នេះ។ 25ដូច្នេះ ប្រសិន‌បើ​យើង​ប្រយ័ត្ន​នឹង​ប្រតិ‌បត្តិ​តាម​បញ្ញត្តិ​ទាំង​អស់​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​ព្រះ‌អង្គ​បាន​បង្គាប់​យើង នោះ​នឹង​បាន​រាប់​ជា​សុចរិត​ដល់​យើង»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល