ចោទិយកថា 5
5
ក្រឹត្យវិន័យទាំងដប់ប្រការ
1លោកម៉ូសេបានហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិដែលខ្ញុំប្រាប់នៅត្រចៀកអ្នករាល់គ្នានៅថ្ងៃនេះ។ អ្នករាល់គ្នាត្រូវរៀនសេចក្ដីទាំងនេះ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ។ 2ព្រះយេហូវ៉ាជាព្រះនៃយើង បានតាំងសញ្ញានឹងយើងនៅភ្នំហោរែប។ 3ព្រះអង្គមិនបានតាំងសញ្ញានេះនឹងដូនតារបស់យើងទេ គឺបានតាំងសញ្ញានឹងយើងវិញ គឺនឹងយើងទាំងអស់គ្នានៅទីនេះ ដែលមានជីវិតរស់នៅថ្ងៃនេះ។ 4ព្រះយេហូវ៉ាមានព្រះបន្ទូលកាន់អ្នករាល់គ្នា មុខទល់មុខ ពីកណ្ដាលភ្លើងនៅលើភ្នំ 5(នៅវេលានោះ ខ្ញុំបានឈរនៅចន្លោះព្រះយេហូវ៉ា និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះយេហូវ៉ាប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាខ្លាចដោយព្រោះមានភ្លើង ហើយមិនបានឡើងទៅលើភ្នំនោះទេ)។ ព្រះអង្គមានព្រះបន្ទូលថា
6"យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។ 7មិនត្រូវមានព្រះឯណាផ្សេងនៅចំពោះ យើងឡើយ។
8មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ 9មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង 10តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
11មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។
12ចូរគោរពថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក។ 13ក្នុងរវាងប្រាំមួយថ្ងៃ ត្រូវធ្វើអស់ទាំងកិច្ចការរបស់អ្នកចុះ 14តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទាំងអ្នក ឬកូនប្រុសកូនស្រីរបស់អ្នក ទាំងបាវបម្រើប្រុស ឬបាវបម្រើស្រី ទាំងគោ ឬលា ឬសត្វរបស់អ្នកណាមួយក្តី ឬអ្នកប្រទេសក្រៅ ដែលនៅជាមួយអ្នកក្តី ដើម្បីឲ្យបាវបម្រើប្រុស និងបាវបម្រើស្រីរបស់អ្នក បានសម្រាកដូចអ្នកដែរ។ 15ចូរនឹកចាំថា អ្នកធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាជាព្រះរបស់អ្នកបាននាំអ្នកចេញពីស្រុកនោះមក ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ហេតុនេះហើយបានជាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
16ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
17កុំសម្លាប់មនុស្ស។
18កុំប្រព្រឹត្តអំពើផិតក្បត់។
19កុំលួចប្លន់គេ។
20កុំធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងរបស់អ្នក។
21កុំលោភចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នក។
កុំចង់បានផ្ទះអ្នកជិតខាងរបស់អ្នក ឬចម្ការ ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គេ ឬគោ លា ឬរបស់អ្វីរបស់អ្នកជិតខាងអ្នកឡើយ"»។
លោកម៉ូសេជាអ្នកកណ្ដាលនៃព្រះហឫទ័យរបស់ព្រះ
22«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។ 23ពេលអ្នករាល់គ្នាបានឮសំឡេងពីកណ្ដាលងងឹតនោះ ក្នុងកាលដែលភ្នំកំពុងឆេះ អ្នករាល់គ្នាបានមកជិតខ្ញុំ គឺពួកមេទាំងប៉ុន្មាននៃកុលសម្ព័ន្ធ និងពួកចាស់ទុំរបស់អ្នករាល់គ្នា 24ហើយពោលថា "មើល៍ ព្រះយេហូវ៉ាជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គ ហើយយើងខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើងមក។ នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលជាមួយមនុស្ស ហើយមនុស្សនៅមានជីវិត។ 25ដូច្នេះ ឥឡូវនេះ ហេតុអ្វីបានជាយើងខ្ញុំត្រូវស្លាប់ ដ្បិតភ្លើងដ៏ធំនេះនឹងឆាបឆេះយើងខ្ញុំ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងខ្ញុំនឹងស្លាប់មិនខាន។ 26ដ្បិតតើមានអ្នកឯណាក្នុងបណ្ដាអស់ទាំងមនុស្ស ដែលឮព្រះសូរសៀងនៃព្រះដ៏មានព្រះជន្មរស់ មានព្រះបន្ទូលពីក្នុងភ្លើងមក ដូចយើងខ្ញុំបានឮនេះ ហើយនៅរស់ដូច្នេះ? 27សូមលោកចូលទៅជិត ស្តាប់សេចក្ដីទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល រួចសូមលោកប្រាប់មកយើងខ្ញុំ ពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំមានព្រះបន្ទូលមកកាន់លោកចុះ នោះយើងខ្ញុំនឹងស្តាប់ ហើយប្រព្រឹត្តតាម"។
28ព្រះយេហូវ៉ាបានឮពាក្យរបស់អ្នករាល់គ្នា ពេលអ្នករាល់គ្នានិយាយមកកាន់ខ្ញុំ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "យើងបានឮពាក្យរបស់ប្រជាជននេះ ដែលគេនិយាយមកកាន់អ្នកហើយ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះត្រឹមត្រូវហើយ! 29ឱបើគេមានចិត្តយ៉ាងនេះរហូតទៅអេះ គឺដែលចេះកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេបានសប្បាយដរាបតរៀងទៅ! 30ចូរទៅប្រាប់គេឲ្យត្រឡប់ទៅត្រសាលរបស់គេចុះ 31តែឯអ្នក នោះចូរឈរនៅទីនេះជិតយើងវិញ យើងនឹងប្រាប់អស់ទាំងបទបញ្ជា ច្បាប់ និងបញ្ញត្តិទាំងប៉ុន្មាន ដែលអ្នកត្រូវបង្រៀនដល់គេ ដើម្បីឲ្យគេបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលយើងប្រគល់ឲ្យគេកាន់កាប់"។ 32ដូច្នេះ អ្នករាល់គ្នាត្រូវឲ្យប្រយ័ត្ន នឹងធ្វើតាម ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់មក មិនត្រូវងាកបែរទៅស្តាំ ឬទៅឆ្វេងឡើយ។ 33ត្រូវដើរតាមអស់ទាំងផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies