ចោទិយកថា 4
4
លោកម៉ូសេបញ្ជាឲ្យមានការស្ដាប់បង្គាប់!
1«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។ 2អ្នករាល់គ្នាមិនត្រូវបន្ថែមអ្វីមួយ ទៅលើសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ 3ភ្នែករបស់អ្នករាល់គ្នាបានឃើញការដែលព្រះយេហូវ៉ាបានធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបំផ្លាញគេពីចំណោមអ្នករាល់គ្នាចេញ 4ចំណែកឯអ្នករាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះបានរស់នៅរហូតមកដល់សព្វថ្ងៃ។ 5មើល៍ ខ្ញុំបានបង្រៀនច្បាប់ និងបញ្ញត្តិដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាត្រូវចូលទៅកាន់កាប់។ 6អ្នករាល់គ្នាត្រូវកាន់ ហើយប្រព្រឹត្តតាមសេចក្ដីទាំងនេះចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា និងជាការយល់ដឹងដល់អ្នករាល់គ្នា នៅចំពោះជាតិសាសន៍នានា ដែលកាលណាគេឮពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ គេនឹងពោលថា "សាសន៍ដ៏ធំនេះពិតជាមនុស្សមានប្រាជ្ញា និងការយល់ដឹងមែន!"។ 7ដ្បិតតើមានសាសន៍ដ៏ធំណាមួយដែលមានព្រះគង់នៅជិតគេ ដូចព្រះយេហូវ៉ាជាព្រះនៃយើងគង់ជិតយើង គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ? 8ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិត្រឹមត្រូវ ដូចជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ?
9ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ 10គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។ 11អ្នករាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ឯភ្នំក៏មានភ្លើងឆាបឆេះឡើងដល់ផ្ទៃមេឃ ហើយក៏មានពពកងងឹតសូន្យសុង។ 12ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាពីកណ្ដាលភ្លើងនោះ អ្នករាល់គ្នាបានឮព្រះសូរសៀងនៃព្រះបន្ទូល តែមិនឃើញព្រះអង្គមានរូបរាងដូចម្ដេចទេ គឺឮតែសំឡេងប៉ុណ្ណោះ។ 13ព្រះអង្គប្រកាសប្រាប់អ្នករាល់គ្នាពីសេចក្ដីសញ្ញារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យវិន័យទាំងដប់ប្រការ ។ ព្រះអង្គបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។ 14នៅវេលានោះ ព្រះយេហូវ៉ាបានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នករាល់គ្នា អស់ទាំងច្បាប់ និងបញ្ញត្តិ ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមនៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
15ដូច្នេះ ចូរប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតអ្នករាល់គ្នាមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នា ពីក្នុងភ្លើងនៅភ្នំហោរែបនោះឡើយ 16ក្រែងអ្នករាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណាមួយ ទោះជាប្រុស ឬស្រីក្តី 17ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វស្លាបណាដែលហើរនៅលើអាកាស 18ឬរូបសត្វណាដែលលូនវាលើដី ឬរូបត្រីណាដែលនៅក្នុងទឹកក្ដី 19ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។ 20ប៉ុន្ដែ ព្រះយេហូវ៉ាបាននាំយកអ្នករាល់គ្នាចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាប្រជារាស្ត្រ ជាមត៌ករបស់ព្រះអង្គផ្ទាល់ ដូចជាថ្ងៃនេះ។
21ព្រះយេហូវ៉ាខ្ញាល់នឹងខ្ញុំដោយព្រោះអ្នករាល់គ្នា ហើយព្រះអង្គស្បថមិនឲ្យខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកទុកជាមត៌កឡើយ។ 22ដ្បិតខ្ញុំត្រូវស្លាប់នៅស្រុកនេះ ខ្ញុំមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែអ្នករាល់គ្នានឹងឆ្លងទៅទទួលយកស្រុកល្អនោះវិញ។ 23ដូច្នេះ ចូរប្រយ័ត្នខ្លួន ក្រែងភ្លេចសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានតាំងជាមួយអ្នក រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានហាមឡើយ។ 24ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាភ្លើងដែលឆេះបន្សុស ជាព្រះដែលប្រច័ណ្ឌ។
25កាលណាអ្នកបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាការដែលធ្វើឲ្យព្រះអង្គខ្ញាល់ 26នោះខ្ញុំយកស្ថានសួគ៌ និងផែនដីធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសអស់ពីស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ទៅកាន់កាប់នោះ យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចរស់នៅក្នុងស្រុកនោះយូរអង្វែងឡើយ គឺនឹងត្រូវវិនាសសូន្យទៅ។ 27ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជននានា ហើយអ្នករាល់គ្នានឹងនៅសល់គ្នាតិចក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាទៅនៅនោះ។ 28នៅទីនោះ អ្នករាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្ម ធ្វើដោយដៃមនុស្ស ជារូបដែលមិនចេះមើល មិនចេះស្តាប់ មិនចេះបរិភោគ ឬដឹងក្លិនអ្វីទាំងអស់ ។ 29ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។ 30កាលណាអ្នកកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់អ្នក នោះនៅគ្រាចុងបំផុត អ្នកនឹងត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ។ 31ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនបំផ្លាញអ្នកដែរ ហើយមិនភ្លេចសេចក្ដីសញ្ញាជាមួយបុព្វបុរសរបស់អ្នក ដែលព្រះអង្គបានស្បថនឹងគេឡើយ។
32ចូរសាកសួរពីអស់ទាំងថ្ងៃកន្លងមក គឺតាំងពីមុនអ្នកកើតមក ចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ចូរសាកសួរពីជើងមេឃម្ខាងទៅជើងមេឃម្ខាង តើដែលមានការដ៏ធំបែបនេះ ឬដែលមានឮនិយាយពីការបែបនេះឬទេ? 33តើដែលមានសាសន៍ណាឮព្រះសូរសៀងព្រះទ្រង់មានព្រះបន្ទូលពីកណ្ដាលភ្លើងមក ដូចជាអ្នកបានឮ ហើយនៅរស់ឬទេ? 34ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ? 35ការទាំងនោះបានសម្ដែងមកឲ្យអ្នកឃើញ ដើម្បីឲ្យអ្នកបានដឹងថា ព្រះយេហូវ៉ាពិតជាព្រះមែន ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។ 36ព្រះអង្គធ្វើឲ្យអ្នកឮព្រះសូរសៀងព្រះអង្គពីលើមេឃ ដើម្បីអប់រំអ្នក។ នៅលើផែនដី ព្រះអង្គឲ្យអ្នកបានឃើញភ្លើងដ៏ធំរបស់ព្រះអង្គ ហើយអ្នកបានឮព្រះបន្ទូលរបស់ព្រះអង្គចេញពីកណ្ដាលភ្លើងនោះមក។ 37ដោយព្រោះព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ព្រះអង្គក៏បានរើសយកពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមកនៅចំពោះព្រះអង្គ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ 38ដោយបណ្តេញសាសន៍នានាដែលធំ ហើយពូកែជាងអ្នក ចេញពីមុខអ្នក ដើម្បីនាំអ្នកចូលទៅ ហើយប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាមត៌ក ដូចមាននៅថ្ងៃនេះ។ 39ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ពិតជាព្រះនៅលើស្ថានសួគ៌ និងនៅផែនដីនេះ គ្មានព្រះឯណាទៀតឡើយ។ 40អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។
ក្រុងជម្រកនៅខាងកើតទន្លេយ័រដាន់
41ពេលនោះ លោកម៉ូសេបានញែកក្រុងបីនៅត្រើយទន្លេយ័រដាន់ ទិសខាងកើត 42សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រកកោននៅទីនោះ គឺអ្នកណាដែលសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ដោយមិនបានស្អប់អ្នកនោះពីមុន បានរត់ទៅជ្រកកោននៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងនោះ ដើម្បីបានរួចជីវិត។ 43ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។
សន្ទរកថាទីពីររបស់លោកម៉ូសេ
44នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល។ 45នេះហើយជាបន្ទាល់ ជាច្បាប់ និងជាបញ្ញត្តិទាំងប៉ុន្មាន ដែលលោកម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅពេលគេចេញពីស្រុកអេស៊ីព្ទ 46នៅខាងអាយទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ នៅពេលគេចេញពីស្រុកអេស៊ីព្ទ។ 47ពួកគេបានចាប់យកស្រុករបស់ស្តេចនេះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចទាំងពីររបស់សាសន៍អាម៉ូរី ដែលនៅត្រើយខាងកើតទន្លេយ័រដាន់ មកកាន់កាប់ 48គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន រហូតដល់ភ្នំស៊ីរាន (គឺភ្នំហ៊ើរម៉ូន) 49រួមទាំងស្រុកវាលទាំងមូលដែលនៅត្រើយទន្លេយ័រដាន់ខាងកើត រហូតដល់សមុទ្រអារ៉ាបា ត្រង់ជើងភ្នំពីសកា។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies