ចោទិយ‌កថា 3

3
សាសន៍​អ៊ីស្រា‌អែល​វាយ​យក​ស្រុក​របស់​ស្តេច​អុក
1«បន្ទាប់​មក យើង​ក៏​បែរ​ឡើង​តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក​ជា​ស្តេច​ស្រុក​បាសាន​ក៏​ចេញ​មក​ទាស់​នឹង​យើង គឺ​ស្ដេច​បាន​លើក​ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​ច្បាំង​នៅ​អេទ្រី។ 2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក រួម​ទាំង​ប្រជា‌ជន និង​ស្រុក​របស់​គេ​ផង។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ"។ 3ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ក៏​ប្រគល់​អុក ជា​ស្តេច​ស្រុក​បាសាន និង​មនុស្ស​របស់​ទ្រង់​ទាំង​ប៉ុន្មាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង ហើយ​ពួក​យើង​ក៏​បាន​ប្រហារ​គេ រហូត​ទាល់​តែ​គ្មាន​សល់​ម្នាក់​សោះ។ 4នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ សរុប​ទាំង​អស់​មាន​ហុកសិប​ទីក្រុង គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន។ 5ទី​ក្រុង​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​កំផែង​ការពារ​យ៉ាង​ខ្ពស់ មាន​ទ្វារ និង​រនុក ក្រៅ​ពី​នោះ ភូមិ​ជា​ច្រើន​គ្មាន​កំផែង​ទេ។ 6ពួក​យើង​បាន​កម្ទេច​ទី​ក្រុង​ទាំង​នោះ​អស់​រលីង ដូច​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​កម្ទេច​ទី​ក្រុង​ទាំង​អស់ ព្រម​ទាំង​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ផង។ 7ប៉ុន្ដែ ហ្វូង​សត្វ​ទាំង​ប៉ុន្មាន និង​របស់​របរនៅ​ក្រុង​ទាំង​នោះ យើង​បាន​យក​ទុក​សម្រាប់​ខ្លួន​យើង​វិញ។
8ដូច្នេះ នៅ​គ្រា​នោះ យើង​បាន​ដណ្ដើម​យក​ស្រុក​នោះ​ពី​អំណាច​របស់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ភ្នំ​ហ៊ើរម៉ូន 9(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរម៉ូន​ថា ភ្នំ​ស៊ីរាន រីឯ​សាសន៍​អាម៉ូរី​វិញ​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ) 10អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា និង​អេទ្រី ជា​ក្រុង​នៃ​នគរ​ស្តេច​អុក​នៅ​ស្រុក​បាសាន។ 11(ដ្បិត​មាន​ស្ដេច​អុក​ស្រុក​បាសាន​ប៉ុណ្ណោះ ដែល​សល់​ពី​សំណល់​មនុស្ស​នៅ​រេផែម។ មើល៍ គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​ប្រាំបួន​ហត្ថ និង​ទទឹង​បួន​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។ 12រីឯ​ស្រុក​ដែល​យើង​បាន​ចាប់​យក​ទុក​ជា​កេរ‌អាករ​របស់​យើង​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​ពួក​រូបេន និង​ពួក​កាដ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន និង​ស្រុក​ភ្នំ​កាឡាត​មួយ​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ផង។ 13ឯ​ស្រុក​កាឡាត​ដែល​នៅ​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ ខ្ញុំ​បាន​ប្រគល់​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។ (តំបន់​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន ហៅ​ថា​ស្រុក​របស់​ពួក​រេផែម។ 14យ៉ាអ៊ារ​ជា​កូន​ម៉ាណា‌សេ បាន​ចាប់​យក​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី ហើយ​គាត់​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន តាម​ឈ្មោះ​របស់​ខ្លួន គឺ​ហាវ៉ុត-យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ)។ 15ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាត​ឲ្យ​ម៉ាគារ។ 16ឯ​ពួក​រូបេន និង​ពួក​កាដ ខ្ញុំ​បាន​ប្រគល់​ដែន​ដី​នោះ​ឲ្យ​គេ ចាប់​ពី​ស្រុក​កាឡាត​រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​កណ្ដាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន 17ព្រម​ទាំង​តំបន់​អារ៉ាបា ដែល​មាន​ទន្លេ​យ័រ‌ដាន់​ជា​ព្រំ‌ខណ្ឌ ចាប់​តាំង​ពី​សមុទ្រ​គេនេ‌សារ៉ែត​រហូត​ដល់​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​អំបិល ត្រង់​ជើង​ភ្នំ​ពីសកា​ខាង​កើត។
18នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​កាន់​កាប់ ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ត្រូវ​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ 19ប៉ុន្តែ ឯ​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា (ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ច្រើន) ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​នានា​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា 20រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ឲ្យ​គេ​នៅ​ខាង​លិច​ទន្លេ​យ័រ‌ដាន់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​អាច​ត្រឡប់​ទៅ​កាន់​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ" ។ 21នៅ​វេលា​នោះ ខ្ញុំ​បាន​បង្គាប់​យ៉ូស្វេ​ថា "ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​នេះ​ហើយ ព្រះ‌យេហូវ៉ា​ក៏​នឹង​ធ្វើ​ចំពោះ​ទាំង​នគរ​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​យ៉ាង​នោះ​ដែរ។ 22មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក"»។
លោក​ម៉ូសេ​ឈរ​មើល​ស្រុក​កាណាន​ពី​លើ​ភ្នំ​ពីសកា
23«នៅ​គ្រា​នោះ ខ្ញុំ​បាន​ទូល​អង្វរ​ព្រះ‌យេហូវ៉ា​ថា 24"ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ​ភាព​ធំ​អស្ចារ្យ និង​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​លើ​ផែន‌ដី ដែល​អាច​ធ្វើ​ការ​អស្ចារ្យ ហើយ​សម្ដែង​ឫទ្ធិ‌បារមី​ដូច​ព្រះ‌អង្គ​បាន! 25ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ​បាន​ឃើញ​ស្រុក​ដ៏​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​ជា​ស្រុក​ភ្នំ​យ៉ាង​ល្អ និង​ភ្នំ​ល្បាណូន​ផង"។ 26ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​ខ្ញុំ​ព្រោះ​តែ​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​មិន​ព្រម​តាម​ពាក្យ​ខ្ញុំ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ប៉ុណ្ណឹង​បាន​ហើយ! កុំ​និយាយ​នឹង​យើង​ពី​រឿង​នេះ​ទៀត! 27ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត​ទៅ ហើយ​មើល​ឲ្យ​ច្បាស់​នឹង​ភ្នែក​របស់​អ្នក​ចុះ ដ្បិត​អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។ 28ប៉ុន្ដែ ត្រូវ​បង្គាប់​យ៉ូស្វេ ហើយ​លើក​ទឹក​ចិត្ត និង​ចម្រើន​កម្លាំង​គាត់​វិញ ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​ប្រជា‌ជន​នេះ ហើយ​ចែក​ស្រុក​ដែល​អ្នក​នឹង​មើល​ឃើញ​នោះ ទុក​ជា​មត៌ក​របស់​គេ" ។ 29ដូច្នេះ ពួក​យើង​បាន​នៅ​តែ​ក្នុង​ជ្រលង​ភ្នំ ដែល​ទល់​មុខ​នឹង​បេត-ពេអរ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល