ចោទិយ‌កថា 14

14
ការ​ហាម​មិន​ឲ្យ​ធ្វើដូច​សាសន៍​ដទៃ
1«អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​អារ​សាច់ ឬ​កោរ​សក់​ផ្នែក​ខាង​មុខ ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ។ 2ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើសអ្នក ពីក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​មួយ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ព្រះ‌អង្គផ្ទាល់»។
អាហារ​បរិសុទ្ធ និងអាហារ​មិន​បរិសុទ្ធ
3«មិន​ត្រូវ​បរិ‌ភោគ​របស់​អ្វី​ដែល​គួរ​ស្អប់​ខ្ពើម​ឡើយ ។ 4នេះ​ជា​សត្វ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​បានគឺ គោ ចៀម ពពែ 5ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង និង​ពពែ​ភ្នំ។ 6គ្រប់​ទាំង​សត្វ​ដែល​មាន​ក្រចក​ឆែក គឺ​ក្រចក​ឆែក​ដាច់​ជា​ពីរ ហើយ​ដែល​ទំពា‌អៀង ក្នុង​ចំណោម​សត្វ​នោះ អ្នក​រាល់​គ្នា​អាច​បរិ‌ភោគ​បាន។ 7ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា‌អៀង ឬ​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​បរិ‌ភោគ​ឡើយ សត្វ​ទាំង​នេះ​គឺ សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ វា​ជា​សត្វ​មិន​ស្អាតដល់​អ្នក​រាល់​គ្នា។ 8រីឯ​ជ្រូក​ក៏​ដែរ ព្រោះ​វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ វា​ជា​សត្វ​មិន​ស្អាតដល់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​បរិ‌ភោគ​សាច់​វា​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង។
9ក្នុង​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិ‌ភោគ​សត្វ​ទាំង​នេះ​បាន គឺ អ្នករាល់​គ្នា​អាច​បរិ‌ភោគ​សត្វ​ណា​ដែល​មាន​ព្រុយ និង​មាន​ស្រកា។ 10តែ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ និងគ្មាន​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាតដល់​អ្នក​រាល់​គ្នា។
11សត្វ​ស្លាប​ដែល​ស្អាត អ្នក​រាល់​គ្នា​អាច​បរិ‌ភោគ​បាន​ទាំង​អស់។ 12ប៉ុន្ដែ សត្វស្លាប​ទាំង​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ឡើយ គឺ ខ្លែង ត្មាត ប្រមង់ 13ល្អូត រអាត និង​ពពួកសត្វ​ប្រភេទ​នេះ 14ក្អែក​គ្រប់​ប្រភេទ 15អូទ្រុស ខ្លែង‌ស្រាក រំពេ និង​ស្ទាំង​គ្រប់​ប្រភេទ 16មៀម គូក ទីទុយ 17ទុង ក្រៀល ស្មោញ 18កុក ក្រសារគ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។ 19អស់​ទាំង​សត្វល្អិត​ដែល​មាន​ស្លាប សុទ្ធ​តែ​ជា​សត្វ​មិន​ស្អាត​សម្រាប់​អ្នក​រាល់​គ្នា គឺ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ។ 20គ្រប់​ទាំង​សត្វ​ស្លាប​ដែល​ស្អាត អ្នក​រាល់គ្នា​អាច​បរិ‌ភោគ​បាន។
21មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណាដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ គឺ​អ្នក​រាល់​គ្នា​អាច​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​បរិ‌ភោគ​បាន ឬ​លក់​ឲ្យ​សាសន៍​ដទៃ​ក៏​បាន ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។
22ត្រូវ​ញែក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​ទាំង​ភោគ​ផល​ដែល​ទទួល​បាន​ពី​ស្រែ​ចម្ការ​របស់​អ្នក រៀង​រាល់​ឆ្នាំកុំ​ខាន ។ 23ត្រូវ​បរិ‌ភោគ​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​អ្នកញែក​ពី​ស្រូវ ពី​ស្រា​ទំពាំង‌បាយ‌ជូរ ពី​ប្រេង និង​កូន​ដំបូងពី​ហ្វូង​គោ ហ្វូង​ចៀម​ទាំង​ប៉ុន្មាន​របស់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស សម្រាប់​នឹង​តាំង​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រហូត​តទៅ។ 24ប៉ុន្តែ បើ​ផ្លូវ​នោះ​ឆ្ងាយ​ពេក ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ​ទៅ​បាន ក្នុង​ពេល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ ហើយ​ដោយ​ព្រោះ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស​សម្រាប់​នឹង​តាំង​ព្រះ‌នាម​ព្រះ‌អង្គ នៅ​ឆ្ងាយ​ពី​អ្នក 25នោះ​ត្រូវ​លក់តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​អ្នក យក​ប្រាក់​វេច​កាន់​ជាប់​នៅ​ដៃ រួច​នាំ​យក​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស 26ហើយ​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន ដូច​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ស្រា​ផ្សេង​ទៀត ឬ​អ្វី​ៗ​ដែល​អ្នក​ចូល​ចិត្ត រួច​ត្រូវ​បរិ‌ភោគ​នៅ​ទីនោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​អរ​សប្បាយ​ឡើង។ 27រីឯ​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​របស់​អ្នក នោះ​មិន​ត្រូ​វ​ភ្លេច​គេ​ឡើយ ដ្បិត​គេ​គ្មាន​ចំណែក គ្មាន​មត៌ក​ជា‌មួយ​អ្នក​ទេ។
28នៅ​ចុង​ឆ្នាំ រាល់​បី​ឆ្នាំម្ដង ត្រូវ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​ដែល​បាន​ញែក​ចេញ​ពី​ភោគ​ផល​ដែល​អ្នក​ទទួល​បាន​ក្នុង​ឆ្នាំ​នោះ មក​ដាក់​ក្នុង​ក្រុង​របស់​អ្នក 29ដូច្នេះ ពួក​លេវី​ដែល​គ្មាន​ចំណែក គ្មាន​មត៌ក​ជា‌មួយ​អ្នក និង​ពួក​អ្នក​ប្រទេស​ក្រៅ ព្រម​ទាំង​កូន​កំព្រា និងស្ត្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ក្រុង​ជា‌មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរឲ្យ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល