ចោទិយ‌កថា 13

13
1 «ប្រសិន‌បើ​មាន​ហោរា​ណាម្នាក់ ឬ​អ្នក​យល់​សប្ដិ​ណា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា 2រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ដែល​អ្នក​នោះ​ប្រាប់​កើត​ឡើង​មែន ហើយ​គេ​និយាយ​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់) 3នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។ 4ត្រូ​វ​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រូវ​កោត‌ខ្លាច​ព្រះ‌អង្គ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ត្រូវ​ស្តាប់​តាម​សូរ​សៀង​របស់​ព្រះ‌អង្គ និង​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹងព្រះ‌អង្គ។ 5រី​ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ នឹង​ត្រូវ​សម្លាប់ចោល ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ទ្រង់​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ អ្នក​នោះ​ចង់​តែ​ទាញ​អ្នក​រាល់​គ្នា​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ឲ្យ​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។
6ប្រសិន‌បើ​បង​ប្អូន​ពោះ​មួយ​របស់​អ្នក កូន​ប្រុស​របស់​ឪពុក​អ្នក កូន​ប្រុស​របស់​ម្ដាយ​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ផ្ទាល់ ឬ​ប្រពន្ធ​ជា​ទីស្រឡាញ់​របស់​អ្នក ឬ​មិត្ត​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ​នឹងអ្នក បាន​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ថា "តោះ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ទៀត​វិញ" ជា​ព្រះ​ដែល​អ្នក ឬ​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់ 7គឺ​ក្នុង​អស់​ទាំង​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញអ្នក ទោះ​ជិត ឬ​ឆ្ងាយ​ពី​អ្នក​ក្តី ចាប់​តាំង​ពី​ចុង​ផែន‌ដី​ម្ខាង ដល់​ចុង​ផែន‌ដី​ម្ខាង 8នោះ​មិន​ត្រូវ​យល់​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​អាណិត ឬ​ប្រណី ឬ​បិទ​បាំង​អ្នក​នោះ​ឡើយ។ 9ផ្ទុយ​ទៅ​វិញ ត្រូវ​សម្លាប់​អ្នក​នោះចេញ​កុំ​ខាន។ អ្នក​ត្រូវ​ដាក់​ដៃ​លើ​អ្នក​នោះ​មុន​គេ រួច​សឹម​បណ្ដា‌ជន​ទាំង​អស់​គ្នា​តាម​ក្រោយ ដើម្បី​ប្រហារ​អ្នក​នោះ​ចោល។ 10ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។ 11ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។
12ប្រសិន‌បើ​អ្នក​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រស់​នៅ​ថា 13មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ 14នោះ​ត្រូវ​ស៊ើប‌សួរ ហើយ​តាម​ដាន​រក​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​ឃើញ​ពិត​ប្រាកដ​ថា មាន​អំពើរ​គួរ​ស្អប់​ខ្ពើម​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នោះ​មែន 15នោះ​ត្រូវ​ប្រហារ​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ គឺ​ត្រូវ​បំផ្លាញ​ចេញ​ឲ្យ​អស់​កុំឲ្យ​សល់ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី​ក្រុង​នោះ ហើយទាំង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ។ 16ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។ 17មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ នៅ​ក្នុង​ដៃ​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ងាក​ពី​សេចក្ដី‌ក្រោធ​ដ៏សហ័ស​ចេញ ហើយសម្ដែង​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​អ្នក​វិញ ព្រម​ទាំង​ចម្រើន​អ្នក​ឲ្យ​ច្រើន​ឡើង ដូច​ព្រះ‌អង្គបាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក 18ប្រសិន‌បើ​អ្នក​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល