ចោទិយកថា 12
12
ទីកន្លែងថ្វាយបង្គំដែលព្រះយេហូវ៉ាបានជ្រើសរើស
1«នេះជាច្បាប់ និងជាបញ្ញត្តិទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាម នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នាកាន់កាប់ រហូតអស់មួយជីវិតដែលអ្នករាល់គ្នារស់នៅលើផែនដី។
2ត្រូវបំផ្លាញទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នានឹងបណ្តេញចេញ ជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះរបស់គេ នៅលើភ្នំធំ ភ្នំតូច និងនៅក្រោមអស់ទាំងដើមឈើដែលមានស្លឹកខៀវខ្ចី កុំឲ្យសល់ឡើយ។ 3ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។ 4មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នក តាមបែបដូច្នេះឡើយ។ 5ប៉ុន្ដែ អ្នកត្រូវរកកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ដើម្បីតាំងព្រះនាមព្រះអង្គ និងតាំងដំណាក់ព្រះអង្គនៅទីនោះ។ អ្នករាល់គ្នាត្រូវទៅទីនោះ 6ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់អ្នករាល់គ្នាទៅទីនោះដែរ។ 7នៅទីនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នក និងគ្រួសាររបស់អ្នក ត្រូវអរសប្បាយក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន ជារបស់ល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។
8មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះ នៅថ្ងៃនេះ តាមតែអ្វីដែលគ្រប់គ្នាយល់ថាត្រឹមត្រូវនៅចំពោះភ្នែកខ្លួននោះឡើយ 9ដ្បិតអ្នករាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសម្រាក និងទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យជាមត៌កនៅឡើយទេ។ 10ប៉ុន្ដែ ពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ហើយពេលព្រះអង្គប្រទានឲ្យអ្នកបានសម្រាកពីខ្មាំងសត្រូវនៅជុំវិញ ដើម្បីឲ្យអ្នករស់នៅដោយសុខសាន្ត 11នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។ 12អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីរបស់អ្នក ព្រមទាំងពួកលេវីដែលរស់នៅក្នុងទីក្រុងរបស់អ្នក ដ្បិតពួកលេវីគ្មានចំណែក គ្មានមត៌កនៅជាមួយអ្នករាល់គ្នាទេ»។
ទីកន្លែងថ្វាយបង្គំដែលព្រះយេហូវ៉ាបានតម្រូវ
13«ចូរប្រយ័ត្ន កុំឲ្យថ្វាយតង្វាយដុតរបស់អ្នកនៅកន្លែងណាដែលអ្នកប្រទះឃើញនោះឡើយ 14គឺត្រូវថ្វាយតង្វាយដុតរបស់អ្នកនៅកន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក ហើយនៅទីនោះ អ្នកត្រូវធ្វើតាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបង្គាប់អ្នក។
15ប៉ុន្តែ អ្នកអាចនឹងសម្លាប់ ហើយបរិភោគសាច់នៅក្នុងក្រុងណាមួយរបស់អ្នក បានតាមតែចិត្តអ្នកប៉ងប្រាថ្នា តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។ អ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានទាំងអស់គ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ក្ដាន់ដែរ។ 16ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដី ដូចជាទឹកវិញ។ 17នៅក្នុងក្រុងរបស់អ្នក មិនត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង ពីកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ឬតង្វាយលើកចុះឡើងនោះឡើយ 18ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន 19ចូរប្រយ័ត្ន មិនត្រូវបំភ្លេចពួកលេវីឡើយ រហូតអស់មួយជីវិតដែលអ្នករស់នៅស្រុករបស់អ្នក។
20កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកពង្រីកទឹកដីអ្នកឲ្យធំឡើង ដូចព្រះអង្គបានសន្យាជាមួយអ្នក ហើយអ្នកនឹកក្នុងចិត្តថា "ខ្ញុំចង់បរិភោគសាច់" ព្រោះអ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគសាច់ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។ 21ប្រសិនបើកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីអ្នកពេក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះយេហូវ៉ាបានប្រទានមកអ្នកបាន គឺដូចខ្ញុំបានបង្គាប់អ្នកហើយ អ្នកអាចបរិភោគនៅក្នុងក្រុងរបស់អ្នក ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។ 22អ្នកអាចបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងអ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានដូចគ្នា។ 23ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយអ្នកមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ 24មិនត្រូវបរិភោគឈាមឡើយ ត្រូវចាក់ចោលទៅដី ដូចជាទឹកវិញ។ 25មិនត្រូវបរិភោគឈាមឡើយ ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតទៅ ព្រោះអ្នកបានប្រព្រឹត្តសេចក្ដីត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា។ 26ប៉ុន្ដែ អស់ទាំងតង្វាយបរិសុទ្ធ ដែលអ្នកត្រូវញែកទុកដោយឡែកថ្វាយព្រះយេហូវ៉ា និងតង្វាយលាបំណន់របស់អ្នក ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះយេហូវ៉ាទ្រង់ជ្រើសរើស 27ហើយតង្វាយដុតរបស់អ្នក ត្រូវយកទាំងសាច់ ទាំងឈាម ទៅថ្វាយនៅលើអាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ឈាមនៃតង្វាយយញ្ញបូជារបស់អ្នក ត្រូវចាក់ទៅលើ អាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក ចំណែកឯសាច់វិញ អ្នកអាចបរិភោគបាន។
28ចូរប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដីនេះ ដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នកបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នករហូតតទៅ ដោយអ្នករាល់គ្នាប្រព្រឹត្តសេចក្ដីល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
ត្រូវប្រយ័ត្ននឹងការថ្វាយបង្គំរូបព្រះ
29«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក កាត់សាសន៍នានាចេញពីមុខអ្នក នៅក្នុងស្រុកដែលអ្នកចូលទៅចាប់យកពីគេ ហើយអ្នកបណ្តេញគេចេញពីស្រុកនោះ រួចរស់នៅក្នុងស្រុករបស់គេ 30នោះចូរប្រយ័ត្ន ក្រែងអ្នកចូលទៅក្នុងអន្ទាក់ ហើយទៅតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខអ្នកចេញហើយ ឬក្រែងអ្នកស៊ើបសួរពីព្រះរបស់គេ ដោយពាក្យថា "តើសាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះរបស់គេយ៉ាងដូចម្ដេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ"។ 31មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាតាមបែបដូច្នេះឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេ តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ថ្វាយដល់ព្រះគេ។ 32 អស់ទាំងសេចក្ដីដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា នោះត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែម ឬបន្ថយអ្វីឡើយ»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies