ដានី‌យ៉ែល 1

1
យុវជន​អ៊ីស្រា‌អែល​បួន​រូប​នៅឯ​រាជ​ដំណាក់​ស្រុក​បាប៊ីឡូន
1នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។ 2ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ព្រម​ទាំង​ប្រដាប់​ប្រដា​មួយ​ចំនួន ដែល​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​ទៀត​ផង។ ស្ដេច​បាន​‌នាំ​ប្រដាប់​ប្រដា​ទាំង​នោះ​យក​ទៅ​ស្រុក​ស៊ីណើរ ហើយ​ដាក់​នៅ​ក្នុងព្រះ​ដំណាក់​នៃ​ព្រះ​របស់​ខ្លួន។
3ពេល​នោះ ស្ដេច​បាន​បញ្ជា​អាស‌ផ្នាស ជាចៅ​ហ្វាយ​លើ​ពួក​មហា​តលិក​របស់​ទ្រង់ ឲ្យ​នាំ​អ្នក​ដែល​ជាប់​ពូជ​ពង្ស​ស្តេច និង​អ្នក​ដែល​មាន​ត្រកូល​អភិជន ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​ខ្លះ​ចូល​មក 4គឺជា​យុវជន​ដែល​មាន​រូប​កាយ​ឥត​ខ្ចោះ មាន​រូប​សម្បត្តិ​ល្អ ហើយ​ប៉ិន​ប្រសប់​ខាង​ឯ​ប្រាជ្ញា​គ្រប់​យ៉ាង មាន​ចំណេះ​ដឹង​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​តម្រិះ អាច​បម្រើ​ក្នុង​ដំណាក់​របស់​ស្តេច​បាន ហើយ​ឲ្យ​បង្រៀន​អក្សរ​សាស្ត្រ និង​ភាសា​របស់​សាសន៍​ខាល់ដេ ដល់​អ្នក​ទាំង​នោះ។ 5ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។ 6ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា មក​ពី​កុល‌សម្ព័ន្ធ​យូដា។ 7ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ដូច​តទៅ៖ លោក​ដាក់​ឈ្មោះ​ដានី‌យ៉ែល​ថា បេលថិ‌ស្សាសារ ដាក់​ឈ្មោះ​ហាណា‌នាថា សាដ្រាក់ ដាក់​ឈ្មោះ​មីសា‌អែលថា មែសាក់ ហើយ​ដាក់​ឈ្មោះ​អ័‌សារា​ថា អ័បេឌ-នេកោ។
8ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។ 9ព្រះ​ប្រោស​ប្រទាន​ឲ្យចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក មាន​ចិត្ត​សន្ដោស និង​សេចក្ដី​អាណិត​អាសូរ​ដល់​ដានី‌យ៉ែល។ 10ឯ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​ពោលទៅ​កាន់​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ទ្រង់​បាន​តម្រូវ​អាហារ និង​ភេសជ្ជៈ​សម្រាប់​អ្នក​ណាស់ ដ្បិត​ហេតុ​អ្វី​ក៏​ចង់​ឲ្យ​ស្ដេច​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​អាក្រក់ ជាង​យុវជនឯ​ទៀត​ៗ​ដែល​ស្រករ​នឹង​អ្នក? យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ»។ 11ពេល​នោះ ដានី‌យ៉ែល​និយាយ​ទៅ​ម្នាក់​ដែល​ចៅ‌ហ្វាយលើ​ពួក​មហា‌តលិក​បាន​តាំង​ឲ្យមើល​ខុស​ត្រូវ​លើ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ថា៖ 12«សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក រយៈ​ពេល​ដប់​ថ្ងៃ​មើល​ចុះ! សូម​ឲ្យតែ​បន្លែ​មក​យើង​ខ្ញុំ​បរិភោគ និង​ទឹក​ផឹក​ប៉ុណ្ណោះ។ 13រួច​សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច ហើយ​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​ការ​ដែល​លោក​យល់​ឃើញ​ចុះ»។ 14ដូច្នេះ លោក​ក៏​ស្តាប់​តាម​អ្នក​ទាំង​នោះ​ក្នុង​រឿង​នេះ ហើយ​ល្បង​ល​មើល​យុវជន​ទាំង​បួន​រូប រយៈ​ពេល​ដប់​ថ្ងៃ។ 15លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ មុខ​របស់​គេ​ស្រស់​ល្អ​ជាង ហើយ​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត។ 16ដូច្នេះ អ្នក​ទទួល​ខុស​ត្រូវ​នោះ​ក៏​ដក​យក​អាហារ និង​ស្រា​ដែល​ពួក‌គេ​ត្រូវ​ផឹក​នោះ​ចេញ ហើយ​ឲ្យ​តែ​បន្លែ​ដល់​ពួក‌គេ​ប៉ុណ្ណោះ។ 17រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។
18លុះ​ចូល​ដល់​ពេល​កំណត់​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​នាំ​ពួក‌គេ​ចូល នោះ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ក៏​នាំ​អ្នក​ទាំង​នោះ​ចូល​ទៅ​គាល់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា។ 19ស្ដេច​បាន​សន្ទនា​ជា‌មួយ​ពួក‌គេ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ឡើយ។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​បាន​ឈរ​នៅ​ចំពោះ​ស្តេច។ 20ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្ដេច​សួរ​ដល់​ពួក‌គេ នោះ​ក៏​ឃើញ​ថា យុវជន​ទាំង​នោះ​ពូកែ​ជាង​ពួក​គ្រូ​មន្ត‌អាគម និង​គ្រូ​អង្គុយ​ធម៌​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នគរ​របស់​ស្ដេច មួយ​ជា​ដប់។ 21ឯ​ដានី‌យ៉ែល​ក៏​នៅទីនោះ រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​ស៊ីរូស។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល