កិច្ចការ 21
21
លោកប៉ុលធ្វើដំណើរទៅក្រុងយេរ៉ូសាឡិម
1កាលយើងបានលាពួកគេចេញទៅ យើងបានចេញសំពៅតម្រង់ទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងមកដល់កោះរូដូស រួចចេញពីទីនោះ ទៅក្រុងប៉ាតារ៉ា។ 2កាលបានឃើញសំពៅមួយទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ 3ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។ 4យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេរយៈពេលប្រាំពីរថ្ងៃ។ តាមរយៈព្រះវិញ្ញាណ គេបានឃាត់លោកប៉ុលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ។ 5លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ 6ហើយជម្រាបលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងក៏ចុះសំពៅ រីឯពួកគេវិលត្រឡប់ទៅផ្ទះវិញ។
7យើងបានបញ្ចប់ដំណើរតាមសំពៅពីក្រុងទីរ៉ុស នៅពេលយើងបានមកដល់ក្រុងផ្ទលេមេ។ យើងបានជម្រាបសួរពួកបងប្អូន ហើយបានស្នាក់នៅជាមួយគេអស់មួយថ្ងៃ។ 8នៅថ្ងៃបន្ទាប់ យើងបានចេញទៅដល់ក្រុងសេសារា ហើយចូលទៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អ ជាម្នាក់ក្នុងចំណោមអ្នកទាំងប្រាំពីរ ហើយយើងក៏ស្នាក់នៅជាមួយគាត់។ 9លោកភីលីពមានកូនក្រមុំបួននាក់ ដែលមានអំណោយទានថ្លែងទំនាយ។ 10កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានហោរាម្នាក់ឈ្មោះអ័ក្កាបុស ចុះមកពីស្រុកយូដា។ 11គាត់បានមកជួបយើង ហើយយកខ្សែក្រវាត់របស់លោកប៉ុលមកចងជើងចងដៃរបស់ខ្លួន រួចពោលថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា៖ "ពួកសាសន៍យូដានៅក្រុងយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ដទៃ"» 12កាលយើងឮដូច្នេះ នោះទាំងយើង ទាំងប្រជាជនដែលនៅទីនោះ ក៏អង្វរលោកប៉ុល មិនឲ្យឡើងទៅក្រុងយេរូឡិមឡើយ។ 13ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។ 14ដោយលោកមិនយល់ព្រមតាមពាក្យអង្វររបស់យើង យើងក៏នៅស្ងៀម ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
15ប៉ុន្មានថ្ងៃក្រោយមក យើងរៀបចំខ្លួនឡើងទៅក្រុងយេរូសាឡិម។ 16មានសិស្សខ្លះពីក្រុងសេសារាបានរួមដំណើរជាមួយយើង ហើយនាំយើងទៅផ្ទះរបស់លោកម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សចាស់ ដែលយើងត្រូវស្នាក់នៅផ្ទះរបស់គាត់។
លោកប៉ុលសួរសុខទុក្ខលោកយ៉ាកុបនៅក្រុងយេរូសាឡិម
17ពេលយើងបានមកដល់ក្រុងយេរូសាឡិម ពួកបងប្អូនបានទទួលយើងដោយអំណរ។ 18នៅថ្ងៃបន្ទាប់ លោកប៉ុលបានទៅផ្ទះរបស់លោកយ៉ាកុបជាមួយយើង ឯពួកចាស់ទុំទាំងអស់បានជួបជុំគ្នានៅទីនោះ។ 19កាលបានជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ុលក៏បានរៀបរាប់ពីកិច្ចការដែលព្រះបានធ្វើក្នុងចំណោមពួកសាសន៍ដទៃ ម្ដងមួយៗ តាមរយៈការងាររបស់លោក។ 20កាលបានឮដូច្នេះ គេក៏លើកតម្កើងព្រះ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញស្រាប់ហើយ ក្នុងចំណោមសាសន៍យូដា មានមនុស្សរាប់ម៉ឺននាក់បានជឿ ហើយគេសុទ្ធតែមានចិត្តខ្នះខ្នែងកាន់តាមក្រឹត្យវិន័យគ្រប់គ្នា។ 21គេបានឮដំណឹងពីបងថា បងបង្រៀនសាសន៍យូដាទាំងអស់ ដែលនៅជាមួយសាសន៍ដទៃ ឲ្យគេបោះបង់ចោលលោកម៉ូសេ ព្រមទាំងហាមប្រាមគេមិនឲ្យធ្វើពិធីកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ 22ដូច្នេះ តើត្រូវធ្វើដូចម្តេច? គេច្បាស់ជានឹងឮថា បងបានមកដល់ទីនេះមិនខាន។ 23ដូច្នេះ សូមបងធ្វើតាមពាក្យដែលយើងបានប្រាប់ចុះ ដ្បិតយើងមានមនុស្សបួននាក់ដែលនៅជាប់បំណន់។ 24សូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយគេ រួចចេញប្រាក់ឲ្យគេកោរសក់ផង។ យ៉ាងនោះមនុស្សទាំងអស់នឹងដឹងថា ដំណឹងដែលគេឮអំពីបង នោះមិនពិតទេ គឺថា ខ្លួនបងក៏រស់នៅទាំងកាន់តាមក្រឹត្យវិន័យដែរ។ 25តែឯសាសន៍ដទៃដែលបានជឿ យើងបានផ្ញើសំបុត្រទៅហើយ ដោយសម្រេចថា គេត្រូវចៀសវាងកុំបរិភោគអាហារដែលសែនដល់រូបព្រះ កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់» ។ 26បន្ទាប់មក លោកប៉ុលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ លោកបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយអ្នកទាំងនោះ រួចចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់ពីថ្ងៃដែលពិធីជម្រះកាយត្រូវបញ្ចប់ និងតង្វាយដែលគេម្នាក់ៗត្រូវថ្វាយ។
លោកប៉ុលត្រូវគេចាប់ខ្លួននៅក្នុងព្រះវិហារ
27កាលជិតគ្រប់រយៈពេលប្រាំពីរថ្ងៃនោះហើយ មានសាសន៍យូដាមកពីស្រុកអាស៊ី បានឃើញលោកប៉ុលនៅក្នុងព្រះវិហារ គេក៏ញុះញង់បណ្តាជនទាំងអស់ឲ្យចាប់លោក 28ដោយស្រែកថា៖ «សាសន៍អ៊ីស្រាអែលអើយ មកជួយគ្នា! អ្នកនេះហើយដែលបង្រៀនមនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង ឲ្យទាស់នឹងប្រជាជនរបស់យើង ទាស់នឹងក្រឹត្យវិន័យ ហើយទាស់នឹងកន្លែងនេះ។ លើសពីនេះទៀត គាត់បាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ ហើយបង្អាប់បង្ឱនទីបរិសុទ្ធនេះថែមទៀតផង»។ 29ដ្បិតពីមុន គេឃើញលោកទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយលោកក្នុងទីក្រុង ហើយគេស្មានថា លោកប៉ុលបាននាំសាសន៍ក្រិកនោះទៅក្នុងព្រះវិហារ។ 30ពេលនោះ ទីក្រុងទាំងមូលក៏ជ្រួលប្របល់ ហើយប្រជាជនរត់មកជួបជុំគ្នា។ គេបានចាប់លោកប៉ុល ហើយអូសលោកចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម។ 31កាលគេបម្រុងនឹងសម្លាប់លោក ដំណឹងនោះក៏ឮទៅដល់មេទ័ពធំថា ក្រុងយេរូសាឡិមទាំងមូលកំពុងកើតវឹកវរ។ 32លោកក៏យកទាហាន និងមេទ័ពរង រត់ចុះទៅរកពួកគេភ្លាម។ កាលប្រជាជនឃើញមេទ័ពធំ និងពួកទាហានមកដល់ គេក៏ឈប់វាយលោកប៉ុល។ 33ពេលនោះ មេទ័ពធំក៏ចូលទៅជិត ហើយចាប់លោកប៉ុល ព្រមទាំងបញ្ជាឲ្យគេចងលោកដោយច្រវាក់ពីរខ្សែ រួចសួរថាលោកជាអ្នកណា ហើយបានធ្វើអ្វីខ្លះ។ 34ប៉ុន្ដែ ក្នុងចំណោមបណ្តាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយលោកពុំអាចដឹងរឿងហេតុពិតប្រាកដ ព្រោះតែមានសំឡេងអឺងកងខ្លាំងពេក លោកក៏បញ្ជាឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ។ 35ពេលលោកប៉ុលមកដល់ជណ្តើរបន្ទាយ ពួកទាហានក៏ជ្រោងលោកឡើង ព្រោះតែអំពើហិង្សារបស់បណ្ដាជន 36ដ្បិតមានមនុស្សប្រសេចប្រសាចបានដើរតាម ទាំងស្រែកថា៖ «សម្លាប់វាទៅ!»។
លោកប៉ុលឆ្លើយការពារខ្លួន
37កាលគេរៀបនឹងនាំលោកប៉ុលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេទ័ពធំថា៖ «តើខ្ញុំអាចនិយាយជាមួយលោកបន្តិចបានឬទេ?» មេទ័ពធំតបថា៖ «អ្នកចេះនិយាយភាសាក្រិកដែរឬ? 38ដូច្នេះ អ្នកមិនមែនជាសាសន៍អេស៊ីព្ទ ដែលបាននាំការបះបោរថ្មីៗនេះ ហើយនាំឃាតកបួនពាន់នាក់ចូលទៅក្នុងទីហោរស្ថាននោះទេឬ?» 39លោកប៉ុលឆ្លើយតបថា៖ «ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ស្រុកគីលីគា មិនមែនជាពលរដ្ឋដែលមកពីទីក្រុងឥតកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។ 40កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies